លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយបានជួបជាមួយសមាជិករដ្ឋសភាម៉ាឡេស៊ីនៅថ្ងៃអង្គារនេះដើម្បីកៀរគរការគាំទ្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាឡើងវិញ ស្របពេលដែលសហភាពអឺរ៉ុបកំពុងពិចារណាអំពីការដកឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» ដែលហៅកាត់ថា EBA។
នៅក្នុងទីក្រុងគូឡាឡំពួរ លោក សម រង្ស៊ី បានជួបជាមួយនឹងសមាជិករដ្ឋសភាម៉ាឡេស៊ីទាំងមកពីគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។
លោកបានប្រាប់អ្នកកាសែតបន្ទាប់ពីបានជួបប្រជុំជាមួយនឹងសមាជិករដ្ឋសភាម៉ាឡេស៊ីថា៖
«មានសមាជិករដ្ឋសភាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ ពួកយើងជឿថា ពួកគេនឹងលើកតម្កើងតម្លៃនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សសម្រាប់ទ្វីបអាស៊ីទាំងមូល»។
លោក សម រង្ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បន្ទាប់ពីគម្រោងមាតុភូមិនិវត្តន៍របស់លោកទៅកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី ៩ ខែវិច្ឆិកាត្រូវបានពន្យាពេល ដោយសារមូលហេតុដែលលោកបានអះអាងថា លោកមិនត្រូវបានគេអនុញ្ញាតឲ្យឡើងជិះយន្តហោះ Thai Airways ពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងបាងកក ដើម្បីឲ្យលោកអាចធ្វើដំណើរចូលទៅកាន់ប្រទេសកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកាបាន។
កាលពីថ្ងៃអាទិត្យ តុលាការក្នុងប្រទេសកម្ពុជាបានបន្ធូរបន្ថយការរឹតត្បិតលើលោកកឹម សុខាមេដឹកនាំគណបក្សប្រឆាំងដោយអនុញ្ញាតឲ្យលោកអាចដើរហើរក្នុងប្រទេសបាន ប៉ុន្តែមិនឲ្យធ្វើនយោបាយ និងមិនឲ្យធ្វើដំណើរទៅក្រៅប្រទេស ហើយការចោទប្រកាន់លោកពីបទក្បត់ជាតិមិនទាន់ទម្លាក់ចោលនោះទេ៕
ប្រែសម្រួលដោយលោក ភី សុភាដា