ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អនុញ្ញាត​​ឱ្យ​អ្នក​មាន​អត្ត​សញ្ញាណ​បណ្ណ​ហួស​សុពលភាព អាច​បោះ​ឆ្នោត​នា​ខែកក្កដា​បាន


ប្រជាពលរដ្ឋ​រក​មើល​ឈ្មោះ​ក្នុង​បញ្ជីឈ្មោះ​បោះ​ឆ្នោត នៅ​ការិយាល័យ​បោះ​ឆ្នោត​អូរ​តាគាំ១​ ក្នុង​ក្រុង​បាត់​ដំបង នៅ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប​/​វីអូអេ)
ប្រជាពលរដ្ឋ​រក​មើល​ឈ្មោះ​ក្នុង​បញ្ជីឈ្មោះ​បោះ​ឆ្នោត នៅ​ការិយាល័យ​បោះ​ឆ្នោត​អូរ​តាគាំ១​ ក្នុង​ក្រុង​បាត់​ដំបង នៅ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (លាស់ លីបលីប​/​វីអូអេ)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សម្រេចឱ្យ​អ្នក​ដែល​មាន​អត្តសញ្ញាណ​បណ្ណ​ហួស​សុពលភាព​អាច​ទៅ​បោះ​ឆ្នោត​នា​ខែ​កក្កខា​ខាង​មុខ​បាន ប្រសិន​បើ​ពួកគេ​មាន​ឈ្មោះ​ក្នុង​បញ្ជី​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​បន្ត​សុពលភាព​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ដែល​បាន​អស់​សុពលភាព​សម្រាប់​បម្រើឱ្យ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី​៧ ចុះ​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០២៣។

បើ​តាម​អនុក្រឹត្យ ត្រង់​មាត្រា​៣​ចែង​ថា​ត្រូវ​បាន​បន្ត​សុពល​ភាព​អត្ត​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ ដែល​បាន​អស់​សុពលភាព​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី​៧ រហូត​ដល់​ត្រឹម​ថ្ងៃ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី​៧។

កាល​ពី​កន្លង​ទៅ គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ​បានឱ្យ​ដឹង​ថា​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ជាង​១​លាន​៣​សែន​នាក់ ដែល​មាន​អត្ត​សញ្ញាណ​បណ្ណ​ហួស​សុពល​ភាព។ គ.ជ.ប បញ្ជាក់​ថា​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ គឺ​ជា​ឯកសារ​គតិ​យុត្តិ​តែ​មួយ​គត់ ដែល​អាច​ប្រើ​សម្រាប់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ២០២៣ខាង​មុខ ហើយ​អត្ត​សញ្ញាណបណ្ណ​ដែល​ហួស​សុពល​ភាព នឹង​មិន​អាច​ប្រើប្រាស់​បាន​នោះ​ទេ។

គ.ជ.ប បន្ថែម​ថាមាន​តែ​ការ​ស្នើ​សុំ​ឯកសារ​បញ្ជាក់​នៅ​តាម​ឃុំ-សង្កាត់ ដែល​ចេញ​ពីស្ថាប័ន​ភ្នាក់​ងារ​របស់​គ.ជ.ប ទើប​អាច​បោះ​ឆ្នោត​បាន។

លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាលទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)
លោក​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាលទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)

អ្នក​នាំពាក្យ​របស់​គ.ជ.ប លោក ហង្ស ពុទ្ធា ថ្លែងថា​ គ.ជ.ប គាំទ្រ​ចំពោះ​អនុក្រឹត្យ​ថ្មី​របស់​លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន ដែល​លោក​ថា​វា​បង្ក​លក្ខណៈ​ឱ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​បោះឆ្នោត​របស់​ខ្លួន។

លោក​ថ្លែងថា​៖ «អ៊ីចឹង​នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​លោក​បាន​ចេញ​នូវ​អនុក្រឹត្យ​បែប​នេះ​ ពន្យារ​សពុលភាព​នៃ​អត្ត​សញ្ញាណ​សញ្ជាតិ​ខ្មែរបែប​នេះ​គឺ​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​លោក​មាន​ឯកសារ​នៅ​ក្នុង​ដៃ​គ្រប់​គ្រាន់​ក្នុង​ការ​ចេញ​ទៅ​បោះឆ្នោត​ដោយ​មិន​ត្រូវ​ខាត​ពេល​វេលា​ក្នុង​ការទៅ​ធ្វើ​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​បម្រើ​ឱ្យ​ការបោះឆ្នោត​នោះ​ទេ​បាទ»។

បើតាម​គ.ជ.ប ​ប្រជា​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត មាន​ចំនួន​សរុប​ជាង​ ៩​លាន ​៧​សែន​នាក់។

កាល​ពី​ខែ​តុលា ឆ្នាំ​២០២២ អគ្គនាយក​ដ្ឋាន​អត្ត​សញ្ញាណ​កម្ម​នៃ​ក្រសួង​មហាផ្ទៃ​បាន​អំពាវ​នាវឱ្យ​ប្រជាព​លរដ្ឋ​ទៅ​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​ថ្មី ជំនួស​អត្ត​សញ្ញាណ​បណ្ណ​ដែល​ហួស​សុពល​ភាព ដើម្បី​អាច​ទៅ​បោះ​ឆ្នោត​បាន។

អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម និង​ជា​អ្នកនាំពាក្យ លោក​ សាយ ម៉េងឈាង ប្រាប់​វីអូអេ​តាម​រយៈ​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ដោយ​សរសេរ​ជា​អក្សរ​ថា​ ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណ​បណ្ណ​ផុត​សុពល​ភាព គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៣ មាន​ជាង​១.៧ លាន​នាក់ ហើយ​អគ្គ​នាយក​ដ្ឋាន​បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​មិថុនា ជាង​៩៧​ម៉ឺន​នាក់។

គួរ​បញ្ជាក់​ថា​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​នេះ មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ធំ គឺ​គណ​បក្ស​ភ្លើង​ទៀន​ឡើយ។

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក​ សម រង្ស៊ី បាន​អំពាវនាវ​កុំ​ឱ្យ​ប្រជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត ឬ​គូសសន្លឹក​ឆ្នោត​ចោល ​ដោយ​សារ​តែ​មិន​មាន​ឈ្មោះ​គណបក្ស​ដែល​ប្រជា​ពលរដ្ឋ​ស្រឡាញ់។

ទោះ​ជាយ៉ាងណា ការ​អំពាវនាវ​នេះ​ត្រូវ​បាន​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ព្រមាន​រំលាយ​គណបក្ស​ភ្លើង​ទៀន ​ដែលប្រសិន​បើ​មេ​ដឹកនាំ​ប្រឆាំង​នៅ​ខាង​ក្រៅ​ប្រទេស​ ជា​ពិសេស​លោក ​សម រង្ស៊ី ​បន្ត​វាយ​ប្រហារ​រដ្ឋាភិបាល ​និង​អំពាវនាវ​ឱ្យ​ប្រជា​ពលរដ្ឋ​មិន​ទៅ​បោះ​ឆ្នោត។ លោក​នាយក​រដ្ឋមន្រ្តី​ក៏​បាន​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​ដាក់​ទោស​ទណ្ឌ​ចំពោះ​អ្នក​ណែនាំ​ឬ​ញុះញង់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត ឬ​គូស​សន្លឹក​ឆ្នោត​ចោល។ វិសោធនកម្មច្បាប់​នេះ​នឹង​ត្រូវ​អនុម័ត​ដោយ​រដ្ឋ​សភា​នា​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ៕

XS
SM
MD
LG