លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃសុក្រនេះថា ជីវិតនយោបាយរបស់អ្នកនយោបាយជំទាស់នៅក្រៅប្រទេសនឹងដល់ទីបញ្ចប់ នៅពេលណាដែលសេចក្តីព្រាងវិសោធនកម្ម «ច្បាប់បោះឆ្នោត» ដែលកំពុងស្ថិតក្នុងដៃរដ្ឋសភាត្រូវបានអនុម័ត។
នៅឯពិធីជួបជុំជាមួយកម្មករ កម្មការិនីនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម លោក ហ៊ុន សែន បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ ដែលនឹងកំណត់លក្ខខណ្ឌ មិនអនុញ្ញាតឱ្យឈរឈ្មោះឱ្យគេបោះឆ្នោតនៅអាណត្តិក្រោយ បើសិនបុគ្គលណាម្នាក់មិនបានទៅបោះឆ្នោតនៅអាណត្តិនេះ បានទៅដល់ដៃរដ្ឋសភា ដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា។
លោកបន្ថែមថា សេចក្តីព្រាងនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅក្រុមអ្នកនយោបាយជំទាស់ដែលកំពុងរស់នៅក្រៅប្រទេស ហើយដែលបានធ្វើយុទ្ធនាការឃោសនាឱ្យប្រជាជនកម្ពុជាមិនចេញទៅបោះឆ្នោត ឬធ្វើឱ្យខូចសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ ២០២៣។
លោក ហ៊ុន សែន ថ្លែងថា៖ «នេះជាសេចក្តីព្រាងច្បាប់ ដែលបានបញ្ជូនទៅដល់រដ្ឋសភាហើយ អ៊ីចឹងចាំមើលថាតើគេធ្វើអ្វីទៀត។ អ្វីដែលយើងចង់បាន គឺការបោះឆ្នោតមួយ ដោយមិនរំខានដោយពួកណាក៏ដោយ ដោយអ្នកណាក៏ដោយ»។
បើតាម លោក ហ៊ុន សែន ជីវិតនយោបាយរបស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ និងអ្នកនយោបាយជំទាស់ដែលកំពុងស្ថិតនៅក្រៅប្រទេស នឹងត្រូវបញ្ចប់ ព្រោះបើពួកគេមិនបានបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៧ នេះ នឹងបាត់បង់សិទ្ធិឈរឈ្មោះនៅអាណត្តិទី ៨។ ហើយបើបុគ្គលណាម្នាក់ចង់ស្តារនីតិសម្បទាដើម្បីឈរឈ្មោះឱ្យគេបោះឆ្នោត លុះត្រាតែសាមីខ្លួនបោះឆ្នោតថ្នាក់ជាតិបាន ២ ដង ជាមុនសិន តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រលើកនេះ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ ២០២៧។
លោកថ្លែងថា៖ «អ៊ីចឹងទេ បើមិនបានបោះ[ឆ្នោត]ទាំង ២[លើក] ហ្នឹងទេ អ្នកឯងមិនបានឈរឈ្មោះ អ្នកឯងបំពេញលក្ខខណ្ឌមិនគ្រប់គ្រាន់សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៨ ទេ។ អ៊ីចឹងសួរថា អស់លោកអ្នក [ថា] អ្នកណាជាអ្នកខាត ដោយសារតែអណ្តាតអត់ឆ្អឹងរបស់លោកឯងហ្នឹង បានជាលោកឯងត្រូវរងគ្រោះ។ ...ឥឡូវមកវាហួសពេលទៅទៀត ព្រោះគេឱ្យមកចុះឈ្មោះបោះឆ្នោត តាំងពីខែ ១០ មកចុះឈ្មោះ ហើយឯងអត់មកបោះ ឥឡូវមានសិទ្ធិទៅបោះឯណា ប៉ុន្មានថ្ងៃទៀតបោះ។ ឥឡូវចូលដល់អាចប់ មីចប់ ពិបាកហៅឯកឧត្តមចប់ លោកជំទាវចប់ គឺហៅអាចប់ មីចប់ ព្រោះវាប្រភេទ អាភ្លើ មីភ្លើ ឱ្យវាទៅតែម៉ងទៅ។ អាហ្នឹងធ្ងន់ជាងឱ្យវារៀង»។
លោក ហ៊ុន សែន អះអាងថា លោកនៅតែគ្រប់គ្រងគណបក្សប្រជាជនកម្ពុជា ប្រសិនបើថ្ងៃណាមួយលោកឈប់ធ្វើជានាយករដ្ឋមន្ត្រី ដែលអាចគ្រប់គ្រងដោយ កូនប្រុសច្បងរបស់លោក គឺ លោក ហ៊ុន ម៉ាណែត នៅពេលអនាគតនោះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង តាមទូរសព្ទបាននៅឡើយទេ នៅថ្ងៃសុក្រនេះ។
អតីតមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ជាផែនការរបស់លោក ហ៊ុន សែន ដើម្បីកម្ចាត់គណបក្សប្រឆាំង និងដើម្បីគ្រប់គ្រងប្រទេសបន្តទៀត។ អ្នកស្រីចោទថា លោក ហ៊ុន សែនកំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា។
អ្នកស្រីថ្លែងថា៖ «ដូច្នេះគាត់ [លោក ហ៊ុន សែន] កាត់មិនឱ្យយើងបានទៅបោះឆ្នោតបាន ១០ ឆ្នាំទៀត នេះគឺជាផែនការ លោក ហ៊ុន សែន ដើម្បីប្លន់យកអំណាច [និង]បន្តអំណាចរបស់ខ្លួន។ ហើយសំខាន់ទៅទៀត គឺជាការរំលោភនូវសិទ្ធិនៃពលរដ្ឋច្បាស់ណាស់បំផ្លាញលទ្ធិប្រជាធិបតេយ្យ ហើយគឺជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរទៅលើប្រទេសកម្ពុជាទាំងមូល»។
ជាមួយគ្នានេះ អ្នកតាមដានសង្គម និងអ្នកច្បាប់ លើកឡើងថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតបន្ទាន់ដែលកំណត់លក្ខខណ្ឌ «បោះឆ្នោតជាតិបាន ២ ដង ទើបអាចឈរឈ្មោះឱ្យគេបោះឆ្នោតបាននេះ» កំពុងដាក់កំហិតលើពលរដ្ឋទាក់ទងនឹងការប្រើសិទ្ធិចូលរួមបោះឆ្នោត និងសិទ្ធិធ្វើនយោបាយ។
លោក វ៉ន ចាន់ឡូត អ្នកជំនាញច្បាប់នៃអង្គការសង់ត្រាល់ យល់ថា ការប្រញាប់ប្រញាល់ធ្វើវិសោធនកម្មច្បាប់ «បោះឆ្នោត» ជាបន្ទាន់នេះ គឺជាប្រតិកម្មឆ្លើយតបទៅនឹងយុទ្ធនាការ «មិនមានគណបក្សភ្លើងទៀន មិនទៅបោះឆ្នោត» ដែលការណ៍នេះ មិនមែនជានិតិវីធីច្បាប់ត្រឹមត្រូវនោះទេ និងបានប្រាសចាកពីរដ្ឋធម្មនុញ្ញ និងប៉ះពាល់ដល់ស្មារតីនៃរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ ដោយហេតុថា បើទោះបីជាច្បាប់មិនបញ្ជាក់ថាជាការបង្ខំ ឬជាកាតព្វកិច្ចក៏ដោយ ក៏ប៉ុន្តែខ្លឹមសារនៃការធ្វើវិសោធនកម្មនេះ គឺបានឆ្លុះបញ្ចាំងថា ជាការដាក់សម្ពាធ។
លោកប្រាប់វីអូអេថា៖ «ការធ្វើវិសោធនកម្មនេះ [ច្បាប់បោះឆ្នោត] គឺប្រាសចាកពីរដ្ឋធម្មនុញ្ញ ដូចយើងដឹងហើយ រដ្ឋធម្មនុញ្ញកំណត់ថា ពលរដ្ឋខ្មែរ មានសិទ្ធិទៅបោះឆ្នោត បានន័យថា ពលរដ្ឋចង់ទៅបោះក៏បាន មិនចង់ទៅបោះក៏បាន។ ក៏ប៉ុន្តែនៅពេលវិសោធនកម្មនេះ ចូលជាធរមាន មានន័យថា ជាការចាប់បង្ខំឱ្យមនុស្សទៅបោះឆ្នោត។ បើទោះបីជាមិនមានការបញ្ជាក់ថា ជាការបង្ខំ ឬតម្រូវជាកាតព្វកិច្ចក៏ដោយ ក៏ប៉ុន្តែខ្លឹមសារនេះ ការធ្វើវិសោធកម្ម គឺបានឆ្លុះបញ្ចាំងរួចហើយថាជាការចាប់បង្ខំ»។
ក្រៅពីនេះ អ្នកជំនាញច្បាប់នៃអង្គការសង់ត្រាល់រូបនេះ ថ្លែងទៀតថា ការប្រញាប់ធ្វើវិសោធកម្មច្បាប់បោះឆ្នោតនេះ គឺជាយុទ្ធសាស្ត្រចុងក្រោយមួយនៃគណបក្សប្រជាជនកម្ពុជា ដើម្បីរាំងខ្ទប់អ្នកនយោបាយនៃគណបក្សប្រឆាំង ហើយវាក៏បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលជាអ្នកស្អាតស្អំ ដែលនឹងបាត់បង់ឱកាសឈរឈ្មោះជាបេក្ខជននៅអាណត្តិក្រោយៗ។
លោក មាស នី អ្នកវិភាគនយោបាយប្រាប់វីអូអេថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ហាក់ដូចជាគណបក្សកាន់អំណាចព្រួយបារម្ភខ្លាចប្រជាពលរដ្ឋដែលគាំទ្រគណបក្សភ្លើងទៀន មិនទៅបោះឆ្នោត ដែលធ្វើឱ្យសំឡេងអ្នកទៅបោះឆ្នោតនាខែកក្កដាខាងមុខធ្លាក់ចុះ ហើយអាចប្រឈមមុខនឹងការរិះគន់ ពាក់ព័ន្ធនឹងភាពស្របច្បាប់នៃការបោះឆ្នោត។ លោកក៏មើលឃើញថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតយ៉ាងតក់ក្រហល់នេះ ក៏ជាការបង្ខំ និងជំរុញឱ្យអ្នកគាំទ្រគណបក្សភ្លើងទៀន ដែលមានជាង ១លាន ៦សែននាក់ ចេញទៅបោះឆ្នោត ដើម្បីធ្វើឱ្យតួលេខនៃអ្នកចេញទៅបោះឆ្នោតបានខ្ពស់។
អ្នកវិភាគនយោបាយរូបនេះ កត់សម្គាល់ថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ក៏ជាការបើកផ្លូវ កុំឱ្យមានការរាំងស្ទះដល់ផែនការផ្ទេរអំណាច ក្នុងជួរគណបក្សប្រជាជនកម្ពុជាផងដែរ ព្រោះវត្តមានរបស់លោក សម រង្ស៊ី គឺនៅតែមានឥទ្ធិពល និងមានលក្ខណៈរស៊ើបមួយសម្រាប់ដំណើរការនយោបាយរបស់ប្រទេសកម្ពុជា រហូតដល់ឆ្នាំ ២០៣៨។
លោកបន្តថា៖ «ដូចសំណួរប្អូនសួរម៉ិញក៏មិនខុសដែរ ថាតើវាជាការបើកផ្លូវ សម្រាប់ផ្លូវដ៏ទូលាយសម្រាប់ការផ្ទេរអំណាច ដោយមិនមានគូប្រឆាំងដែលខ្លាំង។ ក៏ប៉ុន្តែអាចមានច្រកមួយទៀត នៅពេលដែលការរឹតបន្តឹងផ្លូវហ្នឹង វាអាចបង្កើតឱ្យមានចរន្តនយោបាយថ្មីមួយទៀត។ ហើយដែលយើងមើលឃើញដូចឧទាហរណ៍ក្នុងប្រទេសថៃ ថ្មីៗនេះ»។
ប៉ុន្តែលោកថា បើសិនជាមានការរឹតបន្តឹងច្បាប់បោះឆ្នោត ហើយរដ្ឋាភិបាលកម្ពុជា មិនបានរៀបចំអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យមានភាពប្រសើរឡើងទេ នោះរាល់វិធានការទាំងឡាយអាចជះផលអាក្រក់ត្រឡប់មកវិញ ដែលអាចបង្កការលំបាកសម្រាប់គណបក្សកាន់អំណាច នៅពេលខាងមុខ។
លោកបន្ថែមថា៖ «ការបោះឆ្នោតឆ្នាំ ២០២៣ លទ្ធផលនឹងបង្ហាញច្បាស់ហើយ ពីឥឡូវទៅហើយថា គណបក្សកាន់អំណាចអូសមាគ៌ាកម្ពុជាម្នាក់ឯង។ អ៊ីចឹងនៅក្នុងនោះ ខ្ញុំធ្លាប់ពាក្យថា ការអូសនេះ អាចអូសឡើងភ្នំ ឬអូសចុះភ្នំ។ បើអូសឡើងភ្នំ វាអាចតឹងពិបាក ប៉ុន្តែបើអូសចុះភ្នំ បើទប់មិនជាប់វាអាចនឹងរអិល។ អ៊ីចឹងបញ្ហាសេដ្ឋកិច្ចសង្គម ជាពិសេសសេដ្ឋកិច្ចជារឿងមួយ រដ្ឋាភិបាលក្រោយឆ្នាំ ២០២៣ ហ្នឹងត្រូវការប្រឈម ហើយនឹងដោះស្រាយក្នុងកាលៈទេសៈ ដែលពិភពលោកក៏កំពុងមានភាពមិនទៀងទាត់ ទាំងនយោបាយ ទាំងសេដ្ឋកិច្ចផងដែរ»។
ការស្នើកែច្បាប់ឱ្យបានមុនការបោះឆ្នោតជាតិ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ នេះ ត្រូវបានមើលឃើញថា ដើម្បីគាបសង្កត់បន្ថែមទៀតលើសិទ្ធិឈរឈ្មោះរបស់មន្ត្រីគណបក្សជំទាស់ និងប្រឆាំងនឹងយុទ្ធនាការមិនទៅបោះឆ្នោតនាពេលខាងមុខ ដោយសារអវត្តមានគណបក្សភ្លើងទៀន។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នាថ្ងៃទី ១៣ ខែមិថុនា លោក ហ៊ុនសែន ក៏បានប្រកាសថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ ជាការវាយបកទៅនឹងយុទ្ធនាការ WIFI របស់ក្រុមប្រឆាំង ដែលមិនចង់ទៅបោះឆ្នោត ឬទៅបោះឆ្នោតដោយគូសសន្លឹកឆ្នោតចោល។ លោក ហ៊ុន សែន ថា ការកែច្បាប់បោះឆ្នោតនេះ ដើម្បី«ទះកំផ្លៀង»ក្រុមប្រឆាំង៕