មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ធំ លោក ស៊ុន ចន្ធី បានស្នើទៅក្រសួងមហាផ្ទៃ ដើម្បីសុំបង្កើតគណបក្សនយោបាយបាយថ្មី ក្រោយការចាកចេញពីគណបក្សជំទាស់ដែលមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការបោះឆ្នោតនាខែកក្កដាខាងមុខ។ នេះបើយោងតាមពាក្យសុំបង្កើតគណបក្សនយោបាយ ចុះថ្ងៃទី១៩ ខែមិថុនា ដែលដាក់ទៅក្រសួងមហាផ្ទៃ ហើយវីអូអេទទួលបាន។
គណបក្សដែលលោក ស៊ុន ចន្ធី សុំបង្កើតនោះ មានឈ្មោះថា«គណបក្សកម្លាំងជាតិ»។
ក្រោយទទួលបានសិទ្ធិធ្វើនយោបាយវិញកាលពីឆ្នាំ២០២១ លោក ស៊ុន ចន្ធី បានសម្រេចប្រឡូកចូលក្នុងវិស័យនយោបាយវិញជាមួយគណបក្សភ្លើងទៀនកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ ប៉ុន្តែលោកក៏បានលាឈប់ពីគណបក្សភ្លើងទៀនវិញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។ នេះបើតាមលិខិតសុំលាឈប់ដែលវីអូអេទទួលបាន។
លោក ស៊ុន ចន្ធី បានបង្ហោះព័ត៌មាននៅលើគេហទំព័រហ្វេសប៊ុករបស់លោកថាការលាឈប់របស់លោកនេះ គឺជាសិទ្ធិរបស់បុគ្គល ដែលមិនប៉ះពាល់ដល់ដំណើរការរបស់គណបក្សភ្លើងទៀនឡើយ។
លោកបញ្ជាក់បន្ថែមថា៖ «ខ្ញុំនៅតែបន្តសកម្មភាពជាអ្នកនយោបាយទៅមុខទៀតដដែល ដោយអាចនឹងចូលរួមជាមួយគណបក្សនយោបាយណាមួយ ឬអាចនឹងដឹកនាំគណបក្សនយោបាយណាមួយដែលមានឆន្ទៈពិតប្រាកដក្នុងការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីរួមចំណែកក្នុងការការពារសន្តិភាព ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ស៊ុន ចន្ទី បាននៅឡើយទេ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថាក្រសួងបានទទួលលិខិតស្នើសុំបង្កើតគណបក្សនយោបាយថ្មីនោះរួចហើយ ប៉ុន្តែមិនទាន់ពិនិត្យនិងសម្រេចបែបណានោះទេ។
ជាបន្តបន្ទាប់ ក្រោយគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការបោះឆ្នោតនាខែកក្កដាខាងមុខនេះ មន្ត្រីនិងសកម្មជនរបស់គណបក្សជំទាស់មួយនេះបាននាំគ្នាលាឈប់ពីគណបក្ស។ អ្នកខ្លះបានទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ប្រាប់វីអូអេថាវាជាសិទ្ធិបុគ្គលសម្រាប់ការធ្វើនយោបាយ ដោយការចាកចេញទៅពីគណបក្សមួយទៅបង្កើតគណបក្សថ្មីឬក៏ចុះចូលជាមួយបក្សផ្សេងទៀត។
លោកថ្លែងថា៖ «អ៊ីចឹងគាត់អាចនឹងសម្រេចចិត្តទៅធ្វើអ្វីដែលគាត់ពេញចិត្តនឹងធ្វើ។ អាហ្នឹងជាសិទ្ធិនយោបាយ។ កុំថាតែគាត់ទៅបង្កើតគណបក្សថ្មី ចំពោះអ្នកដទៃដែលគេមិនទៅបង្កើតគណបក្សថ្មី គេទៅចូលរួមជាមួយគណបក្សណា គណបក្សណី អាហ្នឹងជាសិទ្ធិបុគ្គល»។
អ្នកនាំពាក្យរូបនេះអះអាងថាគណបក្សភ្លើងទៀននៅតែធ្វើដំណើរទៅមុខ ដើម្បីជ្រោងទង់លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា៕