ក្រុមហ៊ុនយក្សសម្រាប់ការស្រាវជ្រាវនៅលើអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក ប្រាប់ឲ្យដឹងថា ខ្លួន នឹងរឹតត្បិតក្រុមហ៊ុន Huawei របស់ចិនមិនឲ្យប្រើប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួននៅក្នុងការធ្វើតាមរដ្ឋបាលរបស់ប្រធានាធិបតីត្រាំដែលបានដាក់ក្រុមហ៊ុនផលិតទូរស័ព្ទ Smartphone ធំទី២របស់ពិភពលោកថា ជាការគំរាមកំហែងសន្តិសុខជាតិ។
ក្រុមហ៊ុន Google បានប្រាប់ឲ្យដឹងថា ខ្លួនកំពុងពិនិត្យមើលនូវបទបញ្ជាកាលពីសប្តាហ៍មុនដែលតម្រូវឲ្យមានអាជ្ញាប័ណ្ណនាំចេញសម្រាប់ការលក់បច្ចេកវិទ្យាទៅឲ្យក្រុមហ៊ុន Huawei ។
ក្រុមហ៊ុនសហរដ្ឋអាមេរិក និងចិន បាននិយាយថា ទូរស័ព្ទរាប់លានគ្រឿងរបស់ក្រុមហ៊ុន Huaweiដែលប្រើនៅទូទាំងពិភពលោក នឹងបន្តប្រើសេវាកម្ម Google ដ៏មានប្រជាប្រិយភាពដូចជា Gmail និង YouTube និងផែទីរបស់ Google។
ប៉ុន្តែ បញ្ជាកាលពីសប្តាហ៍មុនរបស់សហរដ្ឋអាមេរិក នឹងទប់ស្កាត់ការផ្ទេរ Hardware និង Software និងសេវាកម្មផ្សេងៗទៀតនៅថ្ងៃអនាគតទៅឲ្យទូរស័ព្ទ Huawei ដែលអាចកម្រិតការពង្រីករបស់ក្រុមហ៊ុនចិនទូទាំងសាកលលោក ហើយនិងការខំប្រឹងប្រែងរបស់ក្រុមហ៊ុននោះដើម្បីយកឈ្នះក្រុមហ៊ុនSamsung របស់កូរ៉េខាងត្បូងជាក្រុមហ៊ុនផលិតទូរស័ព្ទដៃដ៏ធំបង្អស់របស់ពិភពលោក។
ក្រុមហ៊ុន Google បានត្រូវហាមឃាត់រួចទៅហើយនៅក្នុងប្រទេសចិន។ ក្រុមអ្នកវិភាគនិយាយថា ផលប៉ះពាល់នៃការទប់ស្កាត់លើការលក់បច្ចេកវិទ្យា ភាគច្រើនអាចប៉ះពាល់លើការលក់របស់ក្រុមហ៊ុន Huawei នៅអន្តរជាតិ ធ្វើឲ្យទូរស័ព្ទនេះមិនមានការទាក់ទាញច្រើនដល់អតិថិជន ប្រសិនបើ ពួកគេមិនមានសេវាកម្ម Google នេះ។ កាលពីឆ្នាំទៅ ក្រុមហ៊ុន Huawei បានលក់ទូរស័ព្ទដៃ Smartphone ជិតពាក់កណ្តាលនៃទូស័ព្ទទាំងអស់ចំនួន២០៨លានគ្រឿងទៅបរទេសនិងផ្នែកផ្សេងទៀតនៅក្នុងប្រទេសចិន៕