ក្រុមតំណាងអ្នកផលិតសម្លៀកបំពាក់នៅប្រទេសកម្ពុជាបានការពារការបញ្ឈប់កម្មករជាង១.០០០នាក់នៅរោងចក្រ W&D (Cambodia) Co., Ltd ដែលបាននាំគ្នាតវ៉ាទាមទារប្រាក់អតីតភាពការងារប្រចាំឆ្នាំមុនឆ្នាំ២០១៩។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅថា (GMAC) ដែលបានបង្ហោះលើគេហទំព័ររបស់ខ្លួននាសប្តាហ៍នេះ។
អ្នកការពារសិទ្ធិកម្មករដែលជួយខាងផ្លូវច្បាប់ដល់កម្មករដែលមិនចូលធ្វើការ ហើយត្រូវបានបញ្ឈប់ប្រមាណ១២០០នាក់នោះ លើកឡើងថា ភាគីសមាគមនិយោជកតែងតែការពារសមាជិកខ្លួន ហើយបន្តចាប់កំហុសលើក្រុមកម្មករ។
សេចក្តីប្រកាសរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ធ្វើនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ បានពណ៌នា ពីដំណើរការសម្របសម្រួលរបស់ភាគីពាក់ព័ន្ធផ្សេងៗ មានទាំងមន្ត្រីក្រសួងការងារ ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងសហជីព ក្នុងការបញ្ចប់វិវាទការងារ ដែលបានឈានដល់ការដាក់ពាក្យបណ្តឹងទៅតុលាការ ដោយភាគីរោងចក្រ W&D។
សេចក្តីប្រកាសរបស់ GMAC បានបន្ថែមថា៖
«រហូតមកដល់បច្ចុប្បន្ននេះ រោងចក្រនៅតែប្រកាសស្វាគមន៍ កម្មករទាំងអស់ចូលមកធ្វើការវិញ លើកលែងតែកម្មករមួយចំនួនតូច ដែលបិទផ្លូវសាធារណៈនិងបង្កការរារាំងកម្មករឯទៀត មិនឲ្យចូលធ្វើការប៉ុណ្ណោះ ហើយឥឡូវនេះ ក្នុងចំណោមកម្មករនិយោជិតចំនួន ១៧២៩នាក់ ដែលបានធ្វើកូដកម្មនោះ មានកម្មករនិយោជិតចំនួន ៧៦០នាក់បានត្រឡប់ចូលធ្វើការវិញ។ សម្រាប់កម្មករដែលត្រឡប់ចូលធ្វើការវិញ រោងចក្ររក្សាអតីតភាពការងារឲ្យនៅដដែល និងផ្តល់ប្រាក់រង្វាន់ទៀងទាត់តាមចំនួនថ្ងៃ ដែលបានធ្វើការ»។
GMAC បានរៀបរាប់បន្តថា កម្មករនិយោជិតនៅរោងចក្រW&D បាននាំគ្នាធ្វើកូដកម្មមិនមែន ដើម្បីទាមទារលក្ខខណ្ឌការងារកាន់តែប្រសើរនោះទេ តែដើម្បីទាមទារប្រាក់បំណាច់អតីតភាពការងារជាកញ្ចប់ដែលជាសកម្មភាពប្រឆាំងនឹងប្រកាសមួយរបស់ក្រសួងការងារ ដែលតម្រូវឲ្យនិយោជកទូទាត់ប្រាក់បំណាច់អតីតភាពមុខឆ្នាំ២០១៩ពីរដងក្នុងមួយឆ្នាំ (នៅក្នុងខែមិថុនា និងខែធ្នូ)។
GMAC តមកទៀត អះអាងទៀតថា ជាការពិតការបញ្ឈប់កម្មករនិយោជិតដែលមិនចូលធ្វើការ គឺធ្វើតាមនីតិវិធីត្រឹមត្រូវ ក្នុងនោះមាននីតិវិធីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលឈានដល់ការរកដំណោះស្រាយនៅតុលាការ។ នៅឯតុលាការ ក្រោយពីទទួលបានដីការក្សាការពារ កម្មករនិយោជិតនៅតែបន្តកូដកម្មមិនព្រមចូលធ្វើការ ដែលការប្រព្រឹត្តដូច្នេះត្រូវចាត់ទុកជា «កំហុសធ្ងន់»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានប្រាប់ VOA ថាជារឿងធម្មតាដែលខាងGMAC ត្រូវការពារសមាជិកខ្លួន ទោះជាសមាជិកខ្លួនមិនគោរពសិទ្ធិកម្មករក៏ដោយ ក៏ប៉ុន្តែសម្រាប់ខាងសហជីពលោកដែលកំពុងផ្តល់សេវាផ្លូវច្បាប់ដល់កម្មករប្រមាណ១២០០នាក់ ដែលមិនព្រមចូលធ្វើការព្រោះតែការរើសអើងផ្សេងៗនោះ នឹងនៅបន្តទាមទារយកកម្មករទាំងនេះ ឲ្យបានចូលធ្វើការដូចដើមវិញ។
លោកថ្លែងថា ខាងភាគីសហជីពលោក កំពុងធ្វើយ៉ាងណា ឲ្យថៅកែរោងចក្រទទួលកម្មករ ដោយមានកិច្ចព្រមព្រៀងច្បាស់លាស់ ពោលគឺត្រូវដាក់កម្មករឲ្យស្ថិតក្នុងមុខនាទីរបស់ពួកគេដដែល។
«ទីមួយគឺចុះកិច្ចព្រមព្រៀងឲ្យកម្មករនិយោជិតហ្នឹង ចូលធ្វើការវិញនៅកន្លែងដើមដដែល តួនាទី និងមុខងារ ហើយនិងកិច្ចសន្យាការងារគេចាស់ដដែល»។
មេដឹកនាំសហជីពរូបនេះ បន្ថែមថា៖
«ទីពីរចំពោះចំណុចផ្សេងៗទៀត ពាក់ព័ន្ធលុយបំណាច់អតីតភាពការងារ លុយអីផ្សេងៗយើងនឹងជជែកគ្នា និងប្រហែលជាយើងមិនលើកទឹកចិត្តឲ្យគុណផ្តាច់សរុបទាំងអស់ទេ យើងឲ្យបើកអី ឬក៏ដោះស្រាយដូចរោងចក្រសហគ្រាសដទៃទៀតដែរ»។
កាលពីដើមខែមករា ឆ្នាំ២០១៩ ក្រុមកម្មកររាប់រយនាក់នៅរោងចក្រ W&D បានសម្រេចចិត្តបិទផ្លូវមួយកំណាត់ក្នុងសង្កាត់ស្ទឹងមានជ័យ ឆ្ពោះទៅកាន់សារមន្ទីរប្រល័យពូជសាសន៍ជើងឯក បន្ទាប់ពីការទាមទារប្រាក់បំណាច់អតីតភាពការងារប្រចាំឆ្នាំអស់ពេលមួយសប្តាហ៍ ហើយមិនបានជោគជ័យ។
ក្រុមកម្មករជាច្រើននាក់ដែលចូលរួមតវ៉ាទាមទារនោះ បាននិយាយថា ការទាមទាររបស់ពួកគាត់ធ្វើឡើង ព្រោះពួកគាត់ភ័យខ្លាចថា ថៅកែរោងចក្រមិនបើកប្រាក់បំណាច់ប្រាំឆ្នាំរបស់ពួកគាត់មុនឆ្នាំ២០១៩ ក្នុងករណីដែលថៅកែរោងចក្របញ្ឈប់ពួកគាត់។
កម្មករមួយចំនួន ដែលមិនត្រូវបានរោងចក្រ W&D អនុញ្ញាតឲ្យចូលធ្វើការវិញនោះ បានប្រាប់ VOA កាលពីពេលកន្លងមកថា ថៅកែរោងចក្របានទទួលយកកម្មករណាដែលមិនសូវលេចធ្លោក្នុងការធ្វើកូដកម្មកាលពីពេលមុនតែប៉ុណ្ណោះ។ ពួកគាត់និយាយទៀតថា ជាងនេះទៅទៀត ថៅកែរោងចក្រនេះ យកតែកម្មករវ័យក្មេងៗជាស្ត្រី និងមិនទទួលយកកម្មករជាបុរសផងដែរ។
លោក អាត់ ធន់ បានបញ្ជាក់បន្ថែមថា លោកកំពុងបន្តជជែកជាមួយក្រុមអ្នកបញ្ជាទិញទំនិញពីរោងចក្រW&D ដើម្បីជំរុញឲ្យរោងចក្រនេះ ព្រមទទួលយកកម្មករដែលកំពុងគ្មានការងារធ្វើទាំងអស់នោះឲ្យបានចូលធ្វើការវិញ៕