ភាពតានតឹងសាកលបន្តកើនខ្លាំងឡើងៗដោយសារប្រទេសអ៊ីរ៉ង់បានរឹបអូសនាវាដឹកប្រេងមួយគ្រឿងដោតទង់ជាតិអង់គ្លេសនៅក្នុងច្រកសមុទ្រ Hormuz ដោយប្រទេសអង់គ្លេសបានចេញការព្រមានយ៉ាងខ្លាំងដល់រដ្ឋាភិបាលក្រុងតេហេរ៉ង់ ហើយសាធារណរដ្ឋឥស្លាម នេះនៅតែនិយាយថា ការរឹបអូសកប៉ាល់នេះជាចំណាត់ការតបតមួយ។
ក្រសួងការបរទេសអង់គ្លេសបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានកោះហៅភារៈធារីនៃប្រទេសអ៊ីរ៉ង់ប្រចាំក្រុងឡុងដ៍ មួយថ្ងៃក្រោយពីលោករដ្ឋមន្ត្រីការបរទេសអង់គ្លេស Jeremy Hunt បាននិយាយថា រដ្ឋាភិបាលក្រុងតេហេរ៉ង់ «ប្រហែលជ្រើសរើសយកមាគ៌ាមួយប្រកបដោយគ្រោះថ្នាក់នៃអាកប្បកិរិយាមិនត្រឹមត្រូវតាមច្បាប់ និងធ្វើឱ្យមានអស្ថិរភាព» ហើយលោកបានព្រមានថាសកម្មភាពរបស់អង់គ្លេសនឹងត្រូវពិចារណា ក៏ប៉ុន្តែនឹងមានភាពខ្លាំងក្លា»។
ក្រុមប្រឹក្សា Guardian មានអំណាចខ្លាំងនៃប្រទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃសៅរ៍ថា ការរឹបអូសនាវាអង់គ្លេសនេះជាការឆ្លើយតបនឹងការចូលរួមរបស់អង់គ្លេសក្នុងការចាប់កប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង កាលពីរសប្តាហ៍មុននេះដែលដឹកប្រេងឆៅជាង ២លានហ្គាឡោន នៅជិតដែនដីហ្ស៊ីប្រាល់តា របស់អង់គ្លេសនៅលើឆ្នេរសមុទ្រខាងត្បូងនៃប្រទេសអេស្ប៉ាញ។
លោក Abbas Ali Kadkhodaei អ្នកនាំពាក្យនៃក្រុមប្រឹក្សា Guardian បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Fars នៃប្រទេសអ៊ីរ៉ង់ថា៖ «គេស្គាល់ច្បាស់អំពីវិធាននៃសកម្មភាពតបតនៅក្នុងច្បាប់អន្តរជាតិ ហើយថា ការរឹបអូសនាវាអង់គ្លេសនេះជាការធ្វើត្រឹមត្រូវដោយសារមានសង្គ្រាមពាណិជ្ជកម្មខុសច្បាប់និងការរឹបអូសកប៉ាល់ដោយខុសច្បាប់៕