អាល្លឺម៉ង់និងបារាំងនៅថ្ងៃសៅរ៍នេះ បានអំពាវនាវដល់អ៊ីរ៉ង់ឲ្យដោះលែងកប៉ាល់ដឹកប្រេងអង់គ្លេសជាបន្ទាន់ដែលអ៊ីរ៉ង់បានចាប់នៅច្រកសមុទ្រ Hormuz។
ការចាប់កប៉ាល់ដឹកប្រេងឈ្មោះ Stena Impero របស់ស៊ុយអែតដែលដាក់ទង់ជ័យអង់គ្លេសកាលពីថ្ងៃសុក្រដោយឆ្មាំការពារបដិវត្តន៍ឥស្លាមនៃប្រទេសអ៊ីរ៉ង់ មានភាពធ្ងន់ធ្ងប្រកបដោយគ្រោះថ្នាក់យ៉ាងខ្លាំងចំពោះស្ថានភាពដែលតឹងតែងរួចទៅហើយនេះ។នេះតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាល្លឺម៉ង់។
ក្រសួងការបរទេសបារាំង បានប្រាប់ឲ្យដឹងថា «សកម្មភាពបែបនេះ រារាំងដល់ការកាត់បន្ថយការតានតឹងនៅក្នុងតំបន់ឈូងសមុទ្រពែក»។
ទាំងប្រទេសអាល្លឺម៉ង់និងបារាំងដែលបានថ្កោលទោសការចាប់កប៉ាល់ដឹកប្រេងឈ្មោះStena Impero ហើយនឹងការចាប់កប៉ាល់ដឹកប្រេងតូចមួយដែលមានដាក់ទង់ជាតិប្រទេសប៉ាណាម៉ានៅដើមសប្តាហ៍នេះ បានសម្តែងនូវការព្រួយកង្វល់ចំពោះកប៉ាល់ពាណិជ្ជកម្មនៅក្នុងឈូងសមុទ្រនិងចក្រសមុទ្រHormuz។
ប្រទេសទាំង២ បានបញ្ជាក់ពីសាមគ្គីភាពជាមួយចក្រភពអង់គ្លេស។
ក្រសួងការបរទេសអាល្លឺម៉ង់ បានប្រាប់ឲ្យដឹងថា «យើងអំពាវនាវដល់អ៊ីរ៉ង់ឲ្យដោះលែងកប៉ាល់ទាំងនោះជាបន្ទាន់»។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបារាំង បានប្រាប់ឲ្យដឹងថា «យើងអំពាវនាវដល់អាជ្ញាធរអ៊ីរ៉ង់ឲ្យដោះលែងកប៉ាល់អង់គ្លេសនិងអ្នកបើកបររបស់កប៉ាល់នោះជាបន្ទាន់ហើយនឹងគោរពគោលការណ៍សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងឈូងសមុទ្រពែក»។
ចក្រភពអង់គ្លេស អាល្លឺម៉ង់និងបារាំង ជាមហាអំណាចដ៏សំខាន់នៅអឺរ៉ុបដែលបានចរ ចាជាមួយអ៊ីរ៉ង់ដើម្បីទប់ស្កាត់កម្មវិធីនុយក្លែអ៊ែររបស់អ៊ីរ៉ង់នៅក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥ដែលជាការដោះដូរនឹងការលប់ចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ច៕