រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសលោក Jeremy Hunt បាននិយាយនៅថ្ងៃចន្ទនេះថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ «មិនទាន់បាត់បង់នៅឡើយទេ»។ លោកបានបន្ថែមទៀតថា ទោះបីជាឱកាសស្វែងរកដំណោះស្រាយសម្រាប់វិបត្តិបច្ចុប្បន្នពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះត្រូវបានបិទក៏ដោយ ក៏គេនៅតែអាចរក្សាកិច្ចព្រមព្រៀងនេះឲ្យនៅបន្តទៅមុខបានដែរ។
លោកថ្លែងដូច្នេះ នៅមុនការពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបនានាចូលមកដល់នៅក្នុងទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ដែលនៅក្នុងការប្រជុំនេះ ពួកគេគ្រោងនឹងពិភាក្សាគ្នាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់។
លោក Hunt បានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់មានពេលជាងមួយឆ្នាំទៀតមុនពេលមានសមត្ថភាពអាចកសាងឧបករណ៍នុយក្លេអ៊ែរបាន។
ការលើកឡើងទាំងនេះបានធ្វើឡើងមួយថ្ងៃក្រោយមក បន្ទាប់ពីមានការផ្សព្វផ្សាយនូវកំណត់ហេតុលេចធ្លាយរបស់អតីតឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំសហរដ្ឋអាមេរិកលោក Kim Darroch ដែលរិះគន់ការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំមុន។
នៅក្នុងកំណត់ហេតុដែលសរសេរកាលពីខែឧសភា ឆ្នាំ ២០១៨ លោក Darroch បានសរសេរថា ការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់របស់រដ្ឋបាលលោក Trump «គឺជាការបំផ្លាញបែបការទូត» ប្រឆាំងនឹងលោកអតីតប្រធានាធិបតី Barack Obama៕