ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំណាយ​យោធា​របស់​ពិភពលោក​កំពុង​តែ​កើន​ឡើង


យន្តហោះ F/A-18 ចុះ​ចត​នៅ​លើ​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Abraham Lincoln នៅ​សមុទ្រ​អារ៉ាប់​ កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។
យន្តហោះ F/A-18 ចុះ​ចត​នៅ​លើ​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Abraham Lincoln នៅ​សមុទ្រ​អារ៉ាប់​ កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។

១៨ឆ្នាំ​បន្ទាប់​ពី​មាន​ការ​វាយប្រហារ​ភេរវកម្ម​ដ៏​ប្រល័យ​នៅ​លើ​ទឹក​ដី​អាមេរិក ការចំណាយ​យោធា​នៅ​ក្នុង​ពិភពលោក​កំពុង​មាន​ការ​កើន​ឡើង​ជា​លំដាប់។

ការចំណាយ​យោធា​តែ​នៅ​ក្នុង​ឆ្នាំ២០១៨​ មាន​ចំនួន​ ១,៨លានលានដុល្លារ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​នៅ​ក្នុង​ទីក្រុង Stockholm។ លោក Pieter Wezeman ដែល​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​នេះ​បាន​ហៅ​ថា ការ​កើន​ឡើង​នេះ​ថា​ជា «និន្នាការ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ»។

លោក​បាន​និយាយ​ថា៖ «យើង​ត្រូវ​គិត​ថា វា​ជា​សញ្ញា​ព្រមាន​មួយ វា​មិន​ជា​សញ្ញា​នៃ​ការ​មាន​សង្គ្រាម​នោះ​ទេ ប៉ុន្តែ​ជា​អ្វី​មួយ​ដែល​យើង​ត្រូវ​ចាប់​អារម្មណ៍»។​

ចំណាយ​យោធា​មាន​ចំនួន​តិច​នៅ​ក្នុង​ឆ្នាំ១៩៩៨ បន្ទាប់​ពី​មាន​សង្គ្រាម​ត្រជាក់។

បន្ទាប់​មក ព្រឹត្តិការណ៍​ថ្ងៃទី១១ ខែកញ្ញា បាន​កើត​ឡើង។

ដោយសារ​តែ​ការ​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន និង​អ៊ីរ៉ាក់ ការ​ចំណាយ​យោធា​របស់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​បាន​កើន​ឡើង​យ៉ាង​ខ្លាំង រហូត​ទាល់​តែ​រដ្ឋបាល​លោក​ប្រធានាធិបតី អូបាម៉ា ចាប់ផ្តើម​កាត់​បន្ថយ​ចំណាយ​យោធា​នេះ។​

ឥឡូវ​នេះ​ ចំណាយ​យោធា​នៅ​តែ​កើន​ឡើង​ដដែល ដោយសារ​តែ​រុស្ស៊ី និង​ចិន។

ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​នឹង​ VOA ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​យោធា និង​នយោបាយ លោក Clarke Cooper បាន​ហៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ​ថា «ជា​អ្នក​ទាមទារ​អំណាច​ នៅ​កន្លែង​ដែល​ពួកគេ​មិន​មាន​អំណាច»។

លោក Cooper បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​ប្រណាំងប្រជែង​សព្វាវុធ​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​ខុស​គ្នា​គឺ​ថា យើង​ស្ថិត​ក្នុង​ដំណាក់កាល​ប្រកួតប្រជែង​ខ្លាំង​ជាង​កាលពី​អតីតកាល»។

ចំណាយ​យោធា​របស់​សហរដ្ឋអាមេរិក​មាន​ចំនួន​មួយ​ភាគ​បី​នៃ​ចំណាយ​យោធា​ពិភពលោក។​

សហរដ្ឋអាមេរិក​បាន​បង្កើន​នាវា​ចម្បាំង​ផ្ទុក​យន្តហោះ​ចំនួន​១១ នាវា​បាញ់​នុយក្លេអ៊ែរ​ដែល​មាន​ថាមពល​ខ្លាំង យន្តហោះ​ចម្បាំង និង​យោធា​បន្ថែម​ប្រមាណ​ជាង​២លាន​ ១សែន​នាក់។

អ្នក​ជំនាញ​ ដូចជា​លោក Bradley Bowman នៃ​មូលនិធិ​សម្រាប់​ការ​ការពារ​ប្រជាធិបតេយ្យ​យល់​ស្រប​ថា យោធា​អាមេរិក​នៅ​តែ​ជា​កម្លាំង​គ្រប់ដណ្តប់​លើ​កម្លាំង​យោធា​របស់​ប្រទេស​ផ្សេងៗ​ទៀត។

លោក Bradley Bowman ដែល​ជា​អតីត​យោធា​ ហើយ​ឥឡូវ​នេះ​លោក​បម្រើ​ការ​ជា​នាយក​ជាន់​ខ្ពស់​នៅ​មូលនិធិ​សម្រាប់​ការ​ការពារ​ប្រជាធិបតេយ្យបាន​ប្រាប់​ VOA ថា៖ «ខ្ញុំ​គិត​ថា ជួនកាលមាន​និន្នាការ​ធ្វើ​ឲ្យ​រុស្ស៊ី និង​ចិន​មើល​ទៅ​មាន​អំណាច ប៉ុន្តែ​វា​មិន​អ៊ីចឹង​នោះ​ទេ។ មាន​ចំណុច​ខ្សោយ​ពិត​ប្រាកដ​ដែល​យើង​អាច​ប្រើប្រាស់​បាន​នៅ​ពេល​មាន​ជម្លោះ ប៉ុន្តែ​ពួកគេ​ក៏​មាន​ចំណុច​ខ្លាំង​ជាង​យើង​ដែរ»។

ប្រទេស​ចិន​ឥឡូវ​នេះ​ជា​ប្រទេស​ធំ​ទី២​ដែល​ចំណាយ​ប្រាក់​ច្រើន​លើ​យោធា ដោយ​កើន​ពី​២%​នៃ​ចំណាយ​យោធា​ពិភពលោក​នៅ​ក្នុង​ឆ្នាំ១៩៩០ ទៅ​ដល់​១៤%​នា​ពេល​ឥឡូវ​នេះ។

ប្រទេស​ចិន​បាន​បង្កើត​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ចំនួន​ពីរ​គ្រឿង​កាលពី​ទសវត្សរ៍​មុន និង​កំពុង​សាងសង់​នាវា​ទី៣។ ប្រទេស​ចិន​បាន​បង្កើត​យន្តហោះ​ចម្បាំង​ដោយ​ផ្ទាល់​ខ្លួន ហើយ​ចំនួន​យោធា​បាន​កើន​ឡើង​ដល់​២,៥លាន​នាក់។ ប្រទេស​ចិន​កំពុង​វិនិយោគ​ទៅ​លើ​បច្ចេកវិទ្យា​ថ្មីៗ រួម​ទាំង​បច្ចេកវិទ្យា​អាវុធ​លឿន​ជាង​សំឡេង​៥ដង។

លោក Wezeman និយាយ​ថា៖ «ប្រទេស​ជិត​ខាង​នឹង​យល់​ថា វា​ជា​ការ​គំរាម​កំហែង​ដល់​ពួកគេ។ ប្រទេស​ជិត​ខាង​ទាំង​នោះ​នឹង​ប្រតិកម្ម​ទៅ​នឹង​សកម្មភាព​នេះ»។

ជា​ឧទាហរណ៍ ប្រទេស​ឥណ្ឌា​បាន​បង្កើន​ចំណាយ​យោធា​របស់​ខ្លួន​ដល់​ទៅ​១១ពាន់​លាន​ដុល្លារ នៅ​ក្នុង​រយៈពេល​ត្រឹម​តែ​៣ឆ្នាំ ហើយ​ឥឡូវ​នេះ​ក្លាយ​ជា​ប្រទេស​ទី៤​ដែល​មាន​ចំណាយ​យោធា​ច្រើន​បំផុត។

ទោះ​ជា​ប្រទេស​រុស្ស៊ី​បាន​ធ្លាក់​តំណែង​ពី​ប្រទេស​កំពូល​ទាំង​៥​ដែល​មាន​ចំណាយ​យោធា​ច្រើន​ក្នុង​ឆ្នាំ២០១៨​ក្តី ប្រទេស​នេះ​នៅ​តែ​ត្រូវ​បាន​អង្គការ​អូតង់​ចាប់​អារម្មណ៍ បន្ទាប់​ពី​បាន​ឈ្លានពាន​ប្រទេស​ហ្ស៊កហ្ស៊ី នៅ​ក្នុង​ឆ្នាំ២០០៨ និង​ផ្នែក​ខ្លះ​នៃ​ប្រទេស​អ៊ុយក្រែន នៅ​ក្នុង​ឆ្នាំ២០១៤។

ប្រទេស​សមាជិក​អង្គការ​អូតង់​ទាំង​២៩ បាន​ចំណាយ​ប្រាក់​អស់​៩៦៣ពាន់​លាន​ដុល្លារ ដែល​ស្មើ​នឹង​៥៣%​នៃ​ចំណាយ​យោធា​ពិភពលោក​នៅ​ក្នុង​ឆ្នាំ២០១៨

ចំនួន​នេះ​ទំនង​នឹង​កើន​ឡើង​ទៀត ខណៈ​ដែល​មន្ត្រី​រដ្ឋបាល​អាមេរិក​ដូចជា​លោក​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ លោក Mark Esper បន្ត​ដាក់​សម្ពាធ​លើ​សម្ព័ន្ធមិត្ត​ដើម្បី​ផ្តល់​ប្រាក់​ចំនួន​២%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​សម្រាប់​ការ​ការពារជាតិ។

លោក Esper បាន​និយាយ​ថា៖ «យើង​មិន​អាច​ឲ្យ​ប្រទេស​ទាំង​នោះ​ប្រលែង​ដៃ​នោះ​ទេ។ គេ​មិន​អាច​យក​អ្វី​ផ្សេង​មក​ជំនួស​ដោយ​ស្រួលៗ ហើយ​និយាយ​ថា ប្រាក់​២%​របស់​ខ្ញុំ​គឺ​ចំណាយ​លើ​បច្ចេកវិទ្យា ឬ​ខ្ញុំ​នឹង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នោះ​ទេ។ ខ្ញុំ​មិន​អាច​បន្លាច​ទាហាន​រុស្ស៊ី​ដោយ​ប្រើប្រាស់​ផ្លូវ​ថ្នល់​នោះ​ទេ។ យើង​ត្រូវ​ការ​សមត្ថភាព​ពិតប្រាកដ»។

ខណៈ​ដែល​ប្រទេស​ជាតិ​នានា​ត្រៀម​ខ្លួន​សម្រាប់​ស្ថានភាព​អាក្រក់​បំផុត ប្រទេស​មហាអំណាច​ពិភពលោក​បាន​ដឹង​យ៉ាង​ច្បាស់​ថា ជម្លោះ​ដែល​អាច​កើត​ឡើង​ណា​មួយ​រវាង​ពួកគេ​នឹង​មាន​ផលប៉ះពាល់​ខ្លាំង​ណាស់៕

XS
SM
MD
LG