ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​​បន្ត​គម្រោង​ខ្សែ​រថភ្លើង​ល្បឿន​លឿន​នៅ​អាស៊ីអាគ្នេយ៍​ទោះ​មាន​បញ្ហា​ប្រឈម


រូប​ឯកសារ៖ បុគ្គលិក​ម្នាក់​រៀបចំ​អាហារ​ថ្ងៃ​ត្រង់​នៅ​ក្បែរ​គំរូ​នៃ​រថភ្លើង​ល្បឿន​លឿន និង​ផ្ទាំង​ស្គ្រីន​មួយ​ដែល​គំពុង​ផ្សាយ​បន្តផ្ទាល់​ពី​សុន្ទរកថា​បើក​វេទិកា​​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​ចិន​លើក​ទី២ នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។
រូប​ឯកសារ៖ បុគ្គលិក​ម្នាក់​រៀបចំ​អាហារ​ថ្ងៃ​ត្រង់​នៅ​ក្បែរ​គំរូ​នៃ​រថភ្លើង​ល្បឿន​លឿន និង​ផ្ទាំង​ស្គ្រីន​មួយ​ដែល​គំពុង​ផ្សាយ​បន្តផ្ទាល់​ពី​សុន្ទរកថា​បើក​វេទិកា​​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​ចិន​លើក​ទី២ នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។

ការ​រាតត្បាត​ជា​សាកល​នៃ​មេរោគ​កូរ៉ូណា​នៅ​ជុំវិញ​ពិភពលោក​ហាក់​ដូចជា​មាន​ផលប៉ះពាល់​តិចតួច​ក្នុង​ប្រទេស​ឡាវ​ ទៅ​លើ​ផែនការ​មេ​របស់​ចិន​ក្នុង​ការ​សាងសង់​បណ្តាញ​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ដើម្បី​ភ្ជាប់​ប្រទេស​ដីគោក​មួយ​នេះ​ទៅ​កាន់​ផែ​ដ៏​មហាញឹក​របស់​សិង្ហបុរី តាម​រយៈ​ប្រទេស​ដី​គោក​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍​មួយ​នេះ។

ក្រុម​បុគ្គលិក​សម្រាប់​ការងារ​នេះ​បាន​ចាប់​ផ្តើម​សាងសង់​ផ្លូវ​រថភ្លើង​ជំហាន​ដំបូង​ប្រមាណ​៤១៤គ.ម​កាត់​តាម​ប្រទេស​ឡាវ​នៅ​ក្នុង​ខែមីនា ប្រាំ​ឆ្នាំ​បន្ទាប់​ពី​បាន​បុក​គ្រឹះ​សាងសង់។ ដោយ​ផ្លូវ​ក្រោម​ដី និង​ស្ពាន​ជាច្រើន​ត្រូវ​បាន​សាងសង់​រួច​ហើយ​នៅ​ពេល​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋបាន​រាយការណ៍​កាលពី​ខែមិថុនា​ថា គម្រោង​ដែល​មាន​ទឹកប្រាក់​ចំនួន​៦ពាន់​លាន​ដុល្លារ​បាន​បញ្ចប់​៩០%​ហើយ។ ផ្លូវ​ក្រោម​ដី និង​ស្ពាន​ទាំង​នោះ​ត្រូវ​រត់​កាត់​តំបន់​ភាគ​ខាង​ជើង​ដែល​សម្បូរ​ទៅ​ដោយ​ភ្នំ​ក្នុង​ប្រទេស​ឡាវ។ ការ​ដាក់​ដំណើរការ​ប្រើប្រាស់​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ត្រឹម​ឆ្នាំ២០២២។

អ្នក​វិភាគ​និយាយ​ថា បណ្តាញ​ខ្សែ​រថភ្លើង​ពេញលេញ​នៅ​តែ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជកម្ម​ចិន (ឬ BRI)។ ដោយ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ក្រុង Kunming ដែល​ជា​រដ្ឋធានី​នៃ​ខេត្ត Yunnan ក្នុង​ប្រទេស​ចិន គម្រោង​នេះ​នឹង​ជួយ​ដល់​តំបន់​ដាច់ស្រយាល​នេះ​ភ្ជាប់​ខ្លួន​ទៅ​ក្នុង​សេដ្ឋកិច្ច​ធំៗ​បំផុត​មួយ​ចំនួន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ខណៈពេលដែល​គម្រោង​នេះ​ក៏​អាច​បង្កើន​នូវ​ឥទ្ធិពល​នយោបាយ​របស់​ចិន​ទៅ​លើ​ប្រទេស​ទាំង​នោះ​នៅ​ក្នុង​ដំណើរការ​នេះ​ផង​ដែរ។​

លោក Murray Hiebert អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិនិង​យុទ្ធសាស្ត្រ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​និយាយ​ថា៖«ផ្លូវ​រថភ្លើង​ពី​ក្រុង Kunming ទៅ​កាន់​ប្រទេស​សិង្ហបុរី​នេះ​គឺ​ជា​អាទិភាព​ខ្ពស់​មួយ​សម្រាប់​ប្រទេស​ចិន។ វា​នឹង​ជួយ​ឱ្យ​តំបន់​ក្រីក្រ​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស ដែល​ជា​តំបន់​ដីគោក​នៅ​ពេល​នេះ បង្កើន​ច្រក​ចេញ​ចូល​ទៅ​កាន់​តំបន់​ដែល​មាន​សេដ្ឋកិច្ច​ខ្លាំង​ជាង​ខ្លួន​នៅតំបន់​អាស៊ីអាគ្នេយ៍។ វា​នឹង​ជួយ​ដល់​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍»។

លោក Hiebert ដែល​ជា​អ្នក​និពន្ធ​នៃ​សៀវភៅ​ដែល​មាន​ចំណងជើង​ថា «នៅ​ក្រោម​ស្រមោល​ចិន៖ ចិន​ជា​បញ្ហា​ប្រឈម​របស់​អាស៊ីអាគ្នេយ៍» ឬ​ជា​ភាសា​អង់គ្លេស​ថា «Under Beijing's Shadow: Southeast Asia's China Challenge» បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «វា​អាច​នឹង​បង្កើន​ឥទ្ធិពល​នយោបាយ​របស់​ចិន ប៉ុន្តែ​ត្រឹម​តែ​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ។ ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​នៅ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​គោលបំណង​របស់​ចិន»។​

លោក​បាន​លើក​ឡើង​ពី​ការ​ប្រជែង​ទាមទារ​រវាង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​ទំនប់​ទឹក​របស់​ចិន​ដែល​ពួកគេ​ស្តីបន្ទោស​ចំពោះ​ការ​ធ្វើ​ឱ្យ​ស្ទះ​លំហូរ​ទឹក​ទន្លេ​មេគង្គ និង​បាន​បង្ក​ឲ្យ​មាន​គ្រោះ​រាំងស្ងួត​កាន់​តែ​ច្រើន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ទិដ្ឋាភាព​ពី​លើ​អាកាស​នៃ​ខ្សែ​ផ្លូវ​រថភ្លើង​ដែល​ត្រូវ​បាន​គេ​គ្រោង​នោះ​នឹង​បង្ហាញ​ថា ផ្លូវ​រថភ្លើង​នេះ​នឹង​រត់​កាត់​ប្រទេស​ឡាវ ថៃ និង​ម៉ាឡេស៊ី​ មុន​ចូល​ទៅ​ដល់​ប្រទេស​សិង្ហបុរី ដោយ​ត្រូវ​កាត់​តាម​ទីក្រុង​វៀងចន្ទន៍ បាងកក និង​គូឡាឡាំពួ។

លោក Prapat Thapchatree ដែល​ដឹកនាំ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អំពី​អាស៊ាន​នៅ​សាកលវិទ្យាល័យ Thammasat ក្នុង​ប្រទេស​ថៃ​និយាយ​ក្នុង​សម្តី​ដើម​ថា «វា​នឹង​ជំរុញ​ឱ្យ​ចិន​ពង្រីក​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ខ្លួន [និង] នៅ​ទីបំផុត​ក្តោបក្តាប់​ប្រទេស​ដីគោក​នៅ​អាស៊ីអាគ្នេយ៍។ ខ្ញុំ​គិត​ថា វា​នឹង​ក្លាយ​ទៅ​ជា​គោលបំណង​រយៈពេល​វែង​មួយ»។

ប្រទេស​ឡាវ​បាន​ទទួល​យក​គម្រោង​នេះ​ដោយ​កក់ក្តៅ ដោយ​សង្ឃឹម​ថា ប្រទេស​នេះ​នឹង​ប្រែ​ក្លាយប្រទេស​ក្រីក្រ​បំផុតនៅ​តំបន់​អាស៊ីអាគ្នេយ៍មួយនេះ​ ពី​ប្រទេស​ដី​គោក​ដាច់​តែ​ឯង​ទៅ​ជា​ប្រទេស «ដី​គោក​មាន​បណ្តាញ​តភ្ជាប់» និង​ទាញ​យក​អាជីវកម្ម​ថ្មី​ពី​បណ្តាញ​ខ្សែ​រថភ្លើង​នេះ ដែល​នឹង​នាំ​យក​ជំនួញ និងភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​ឆ្លង​កាត់​តាម​ប្រទេស​ឡាវ។ វា​នឹង​ប្រែក្លាយ​ការ​ដឹកជញ្ជូន​រយៈពេល​៣​ថ្ងៃ​ពី​ក្រុង Boten នៅ​ព្រំដែន​ឡាវ​ជាមួយ​នឹង​ចិន ទៅ​កាន់​រដ្ឋធានី​វៀងចន្ទន៍​ ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​នឹង​ប្រទេស​ថៃ ទៅ​ជា​ការ​ដឹកជញ្ជូន​រយៈពេល​៣ម៉ោង​វិញ។

ទោះ​ជា​យ៉ាង​នេះ​ក្តី គុណប្រយោជន៍​ដ៏​មាន​សក្តានុពល​នេះ​នឹង​នាំ​មក​នូវ​ហាភិន័យ​មួយ​ចំនួន។

របាយការណ៍​ក្នុង​ឆ្នាំ២០១៨​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​សម្រាប់​ការ​អភិវឌ្ឍ​ជា​សាកល​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋអាមេរិក​បាន​ដាក់​ប្រទេស​ឡាវ​ក្នុង​បញ្ជី​ប្រទេស​ទទួល​យក​គម្រោង BRI ​ដែល​ប្រឈមមុខ​នឹង​ហានិភ័យ​បំណុល​ខ្ពស់​បំផុត។ របាយការណ៍​នា​ពេល​ថ្មីៗ​នេះ​អំពី​បំណុល​នៃ​គម្រោង​ BRI ចេញ​ផ្សាយ​ដោយ​វិទ្យាស្ថាន Lowy ក្នុង​ប្រទេស​អូស្ត្រាលី​បាន​សរសេរ​ថា ប្រទេស​ឡាវ​ជំពាក់​បំណុល​ចិន​ច្រើន​ជាង​គេ​ក្នុង​ចំណោម​បំណុល​បរទេស​ដែល​ឡាវ​ជំពាក់។ បំណុល​នោះ​មាន​ចំនួន​ប្រមាណ​ជា​៤៥%​ខ្ពស់​ជាង​ប្រទេស​ផ្សេងៗ​ចំនួន​៩ទៀត​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​នេះ។ បំណុល​ភាគច្រើន​គឺ​ខ្ចី​ដើម្បី​ចំណាយ​លើ​ការ​សាងសង់​ផ្លូវ​រថភ្លើងនេះ។ រដ្ឋាភិបាល​ឡាវ​បាន​ខ្ចី​ប្រាក់​ប្រមាណ​ជា​១ពាន់​៥រយ​លាន​ដុល្លារ​ពី​ធនាគារ Export-Import Bank of China ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​ ដើម្បី​ជួយ​រួម​បដិភាគ​ចំនួន​៣០%​សម្រាប់​គម្រោង​នេះ។ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​អំពី​អាស៊ាន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី។

អ្នក​រិះគន់​លើ​ «ការ​ទូត​បំណុល» របស់​ចិន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ប្រើប្រាស់​ឥទ្ធិពល​ហិរញ្ញវត្ថុ​ដើម្បី​ឱ្យ​ឡាវ​ធ្វើ​តាម​ការ​បង្គាប់បញ្ជា​របស់​ចិន​នៅ​ក្នុងសមាគម​អាស៊ាន។ ក្នុង​នាម​ជា​សមាជិក​មួយ​នៃ​សមាគម​អាស៊ាន​ដែល​មាន​ប្រទេស​ទាំង​១០ ឡាវ​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​ការ​ជួយ​បំផ្លាញ​កិច្ចប្រឹងប្រែង​ក្នុង​ការ​រួបរួម​គ្នា​ប្រឆាំង​នឹង​ការ​ទាមទារ​សមុទ្រ​ចិន​ខាង​ត្បូង​របស់​រដ្ឋាភិបាលក្រុង​ប៉េកាំង។​

លោក Elliot Brennan អ្នក​វិភាគ និង​អ្នក​ស្រាវជ្រាវ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​វិទ្យាស្ថាន​សម្រាប់​គោលនយោបាយ​សន្តិសុខ​និង​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​ស៊ុយអែត​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «នៅ​ក្នុង​កម្រិត​ថ្នាក់​តំបន់ ប្រទេស​ចិន​បាន​ប្រើប្រាស់​ប្រទេស​ឡាវ​ជា​កូន​អុក​មួយ​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន»។

ចិន​នឹង​មិន​អាច​ប្រើប្រាស់​ជើង​ផ្លូវ​រថភ្លើង​ថ្មី​ដែល​រត់​កាត់​ប្រទេស​ឡាវ​បាន​ច្រើន​ទេ ប្រសិន​បើ​ចិន​មិន​អាច​ពង្រីក​ផ្លូវ​នេះ​ទៅ​ភាគ​ខាង​ត្បូង ដោយសារ​តែ​ផ្លូវ​នេះ​នឹង​ភ្ជាប់​ជាមួយ​នឹង​ប្រទេស​សេដ្ឋកិច្ច​ធំៗ​នៅ​អាស៊ី​អាគ្នេយ៍។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Prapat បាន​និយាយ​ថា ប្រទេស​ថៃ និង​ម៉ាឡេស៊ី​មាន​ការ​ស្ទាក់ស្ទើរ​ខ្លាំង​ជាង​ឡាវ​ ក្នុង​ការ​ចូល​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​គម្រោង​នេះ ហើយ​មិន​ដូច​ឡាវ​នោះ​ទេ ប្រទេស​ទាំង​ពីរ​មាន​ឥទ្ធិពល​ក្នុង​ការ​កំណត់​លក្ខខណ្ឌ​ចំពោះ​គម្រោង​នេះ។ ​

លោក​បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «ប្រទេស​ថៃមាន​ការ​ប្រុងប្រយ័ត្ន​ណាស់ មាន​ការ​ព្រួយបារម្ភ​ណាស់​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ឡាវ និង​កម្ពុជា នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​នេះ​មាន​ការ​ពឹងផ្អែក​ខ្លាំង​ពេក​ទៅ​លើ​ចិន» ដោយ​លោក​ប្រដូច​ប្រទេស​ទាំង​ពីរ​នេះ​ថា​ជា ​ខេត្ត​របស់​ចិន។ ​

ប្រទេស​ថៃ និង​ម៉ាឡេស៊ី​កំពុង​បញ្ជាក់​ពី​ភាព​អាច​អនុវត្ត​បាន​កាន់​តែ​ខ្លាំង​នៃ​គម្រោង​នេះ​ផង​ដែរ។​

លោក Hiebert បាន​និយាយ​ក្នុង​សម្តី​ដើម​ថា «សូម្បី​តែ​បន្ទាប់​ពី​មាន​រដ្ឋប្រហារ​យោធា​នៅ​ក្នុង​ឆ្នាំ២០១៤ នៅ​ពេល​ដែល​របប​ដឹកនាំ​ក្នុង​ក្រុង​បាងកក​ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​លោក​ខាង​លិច​ជាច្រើន​បដិសេធ ហើយ​ចិន​ជា​មិត្តភក្តិ​តែ​មួយ​គត់​របស់​ថៃ​នៅ​ពេល​នោះ​ ឧត្តមសេនីយ៍​ថៃ​នៅ​មាន​ការ​ពិបាក​សម្រេច​ចិត្ត​ខ្លាំង ដោយសារ​តែ​គម្រោង​រថភ្លើង​ល្បឿន​លឿន​ដែល​ចិន​បាន​ស្នើ​ឡើង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ខ្លាំង​ណាស់ និង​មិន​មែន​ជា​អាទិភាព​សម្រាប់​ថ្នាក់​ដឹកនាំ​ថៃ​នោះ​ទេ»។

ប្រទេស​ថៃ​បាន​បោះជំហាន​ទៅ​មុខ​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​ចិន​ដើម្បី​សាងសង់​ផ្លូវ​ពី​ប្រទេស​ឡាវ​ទៅ​ទីក្រុង​បាងកក ដោយ​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​ចំណាយ និង​បាន​ផ្អាក​ផែនការ​ចុះ​ហត្ថលេខា​នៅ​ខែធ្នូខាងមុខនេះ។ ប្រទេស​ម៉ាឡេស៊ី​បាន​ផ្អាក​ការងារ​សាងសង់​ជើង​ផ្លូវ​រថភ្លើង​ពី​ប្រទេស​ថៃទៅកាន់ទីក្រុង​គូឡាឡាំពួ​អស់​រយៈពេល​ជិត​១ឆ្នាំ​ ហើយ​បាន​យល់​ព្រម​ចាប់ផ្តើម​ឡើង​វិញ​នៅ​ក្នុង​ខែមេសា ឆ្នាំ២០១៩ បន្ទាប់​ពី​ការ​បញ្ចុះបញ្ចូល​ចិន​ឱ្យ​ទម្លាក់​តម្លៃ​ដើម​ដែល​មាន​ចំនួន​២០ពាន់​លាន​ដុល្លារ​មក​ត្រឹម​មួយ​ភាគ​បី​នៃ​តម្លៃ​ដើម​វិញ។

អ្នក​វិភាគ​និយាយ​ថា ក្តីសុបិន​របស់​ចិន​ចំពោះ​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ដែល​រត់​កាត់​ប្រទេស​ដី​គោក​នៅ​អាស៊ីអាគ្នេយ៍​នឹង​កាន់​តែ​មាន​ការ​លំបាក​ក្នុង​ការ​សម្រេច បន្ទាប់​ពីសេដ្ឋកិច្ច​តំបន់​នេះ​រងផល​ប៉ះពាល់​ខ្លាំង​បង្កឡើងដោយ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។

លោក Prapat និយាយ​ថា លុះត្រាតែខ្សែ​រថភ្លើង​នេះ​អាច​ឆ្លងកាត់ប្រទេស​សិង្ហបុរី​បាន បើមិន​ដូច្នេះ​ទេ «វា​នឹង​ត្រូវ​ចំណាយ​ពេល​យូរ​ទៀត»៕

XS
SM
MD
LG