របាយការណ៍ឈ្មោះ «និន្នាការសកលលោក» របស់ទីភ្នាក់ងារជនភៀសខ្លួននៃអ.ស.ប. បង្ហាញថា មនុស្ស៦៥,៦លាននាក់ ដែលជាចំនួនមិនធ្លាប់មានពីមុនមក ត្រូវបានបង្ខំឲ្យចាកចេញពីទីលំនៅនៅចុងឆ្នាំ២០១៦។ នេះជាការកើនឡើងចំនួន៣សែននាក់លើសពីចំនួនមនុស្សបង្ខំឲ្យចាកចេញពីទីលំនៅ កាលពីឆ្នាំមុន។
ទីភ្នាក់ងារជនភៀសខ្លួននៃអ.ស.ប.រាយការណ៍ថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស ១១៣នាក់នៅលើពិភពលោកគឺអាចជាជនភៀសខ្លួន ឬជនដែលត្រូវបានបង្ខំឲ្យចាកចេញពីទីលំនៅនៅក្នុងប្រទេសកំណើតរបស់ខ្លួន។ របាយការណ៍បានរកឃើញថា នៅក្នុងចំណោមមនុស្ស៦៥,៦លាននាក់ ដែលបានចាកចេញពីទំលំនៅដោយបង្ខំនោះ មាន១០,៣លាននាក់គឺជាមនុស្សទើបបាត់បង់ទីលំនៅនៅពេលថ្មីៗនេះ។ ឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកលើជនភៀសខ្លួន ហៅកាត់ថា UNHCR និយាយថា មនុស្សម្នាក់នៅលើពិភពលោកត្រូវបង្ខំឲ្យចាកចេញពីទីលំនៅរាល់បីវិនាទីម្តង។
ទិន្នន័យបង្ហាញថា ប្រទេសស៊ីរីមានចំនួនអ្នកបាត់បង់ទីលំនៅច្រើនជាងគេបង្អស់ ចំនួន១២លាននាក់ ដែលអ្នកទាំងនោះអាចជាជនបាត់បង់ទីលំនៅនៅក្នុងស្រុក ឬជាជនភៀសខ្លួននៅប្រទេសជិតខាង និងក្រៅប្រទេស។
ប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់មានចំនួនជនបាត់បង់ទីលំនៅដោយបង្ខំច្រើនជាងគេបង្អស់ទីពីរ ឬទីបី។ ប៉ុន្តែប្រធានអង្គការ UNHCR គឺលោក Filippo Grandhi និយាយថា ប្រទេសស៊ូដង់ខាងត្បូងកំពុងតែប្រឈមនឹងវិបត្តិជនភៀសខ្លួន និងការបាត់បង់ទីលំនៅកាន់តែដុនដាបទៅៗ នៅលើពិភពលោក។
លោក Grandhi បាននិយាយថា៖ «របាយការណ៍ ដែលកត់ត្រាស្ថិតិនៅចុងឆ្នាំ២០១៦ បង្ហាញថា មានជនភៀសខ្លួន១,៤លាននាក់ពីប្រទេសស៊ូដង់ខាងត្បូងកំពុងស្នាក់នៅប្រទេសជិតខាង និងមានជនបាត់បង់ទីលំនៅជិតពីរលាននាក់នៅក្នុងប្រទេស បើតាមការប៉ាន់ស្មាន។ តួលេខពិតប្រាកដ យើងពិតជាបានរាប់ឃើញថា មានជនភៀសខ្លួនយ៉ាងហោចណាស់កន្លះលាននាក់ថែមទៀត ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ»។
របាយការណ៍បានកត់សម្គាល់ថា ជនភៀសខ្លួនភាគច្រើន ប្រហែល៨៤ភាគរយ ស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ហើយពាក់កណ្តាលជាកុមារ។ ស្របពេលដែលវិបត្តិជនភៀសខ្លួនភាគច្រើនស្ថិតនៅប្រទេសក្រីក្រ របាយការណ៍បានបន្ថែមថា ភាគច្រើននៃការស្នើសុំសិទ្ធិជ្រកកោណ២,៨លានពាក្យសុំ នៅឆ្នាំ២០១៦ ត្រូវបានធ្វើឡើងនៅប្រទេសអភិវឌ្ឍន៍។
អង្គការ UNHCR និយាយថា ប្រទេសដែលទទួលពាក្យសុំសិទ្ធិជ្រកកោនថ្មីៗច្រើនជាងគេបង្អស់គឺប្រទេសអាល្លឺម៉ង់ ដែលមានមនុស្ស៧២២.០០០នាក់ ដាក់ពាក្យកាលពីឆ្នាំមុន។ សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់ទីពីរ ដែលមាន២៦២០០០នាក់ដាក់ពាក្យនាពេលថ្មីៗនេះ៕
ប្រែសម្រួលដោយ ពិន ស៊ីសុវណ្ណ