អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា ការដាក់អ្នកសុំសិទ្ធិជ្រកកោនក្នុងពន្ធនាគារនៅលើកោះ ណូរូ (Nauru) ដែលជាកោះតូចមួយនៅបណ្តុំកោះប៉ាស៊ីហ្វិកខាងត្បូងជា «របបឃោរឃៅ និងការធ្វេសប្រហែសជាប្រព័ន្ធ»។
របាយការណ៍របស់ខ្លួនដែលមានចំណងជើងថា «កោះនៃក្តីអស់សង្ឃឹម» ចេញផ្សាយកាលពីថ្ងៃទី១៧ ខែតុលា ក៏បានចោទប្រទេសអូស្រ្តាលីថា បរាជ័យក្នុងការផ្តល់បរិស្ថានសុវត្ថិភាពមួយសម្រាប់ជនទេសន្តរប្រវេសន៍ក្មេងៗ។ ការណ៍នេះបានប៉ះពាល់ដល់ការចូលសាលារបស់ពួកគេ ហើយបានរំលោភសិទ្ធិកុមារយ៉ាងខ្លាំង។
អតីតអ្នកជាប់ឃុំជាង៧៥០នាក់ រួមមានពលរដ្ឋជាច្រើនមកពីអ៊ីរ៉ង់ និងអាហ្វហ្គានីស្ថាន ដែលទទួលបានសិទ្ធិជនភៀសខ្លួន កំពុងតែរស់នៅក្នុងសហគមន៍ Nauruan ជាមួយនឹងពលរដ្ឋផ្សេងទៀតចំនួន១០.០០០នាក់។
ទោះបីពួកគេទទួលបានសិទ្ធិជាជនភៀសខ្លួនក៏ដោយ អង្គការលើកលែងទោសអន្តរជាតិអះអាងថា ជនភៀសខ្លួនទាំងនោះនៅតែរស់នៅក្នុងស្ថានភាពយ៉ាប់យឺន ដោយទទួលបានសេវាសុខភាពតិចតួច។
អ្នកស្រី Anna Neistat ដែលជាអ្នកសរសេររបាយការណ៍របស់អង្គការនេះនិយាយថា កោះណូរូ (Nauru) ជាកន្លែងលំបាកបំផុត។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំមិនគិតថា ខ្ញុំបានឃើញការលំបាកក្នុងកម្រិតនេះនោះទេ។ វាមិនមានមូលហេតុសម្រាប់ការទទួលរងទុក្ខបែបនេះទេ។ ពួកគេមិនមែនស្ថិតនៅក្នុងតំបន់សង្គ្រាមទេ។ ពួកគេបានរត់គេចពីតំបន់សង្គ្រាមដែលគ្រប់គ្នាកំពុងនិយាយអំពីវា ហើយឥឡូវពួកគេស្ថិតនៅទីនោះដោយមិនមានអនាគត និងជាកម្មវត្ថុនៃការរំលោភបំពាន និងធ្វើបានរាល់ថ្ងៃបែបនេះ»។
អង្គការលើកលែងទោសអន្តរជាតិអះអាងថា ការអនុវត្តខុសឆ្គងបែបនេះគឺដើម្បីធ្វើទារុណកម្ម។ ការអះអាងនេះត្រូវបានបដិសេធដោយក្រុមអាជ្ញាធរអូស្រា្តលី។
លោក Mike Pezzullo ដែលជាប្រធាននាយកដ្ឋានអន្តោប្រវេសន៍របស់អូស្ត្រាលីបានបដិសេធការអះអាងរបស់អង្គការលើកលែងទោសអន្តរជាតិ នៅក្នុងសវនការមួយរបស់គណៈកម្មាធិការសភាក្នុងទីក្រុងកង់បេរ៉ា។
លោកបាននិយាយថា៖ «ខ្ញុំមិនទទួលយកការអះអាងបែបហ្នឹងទេ។ វាមិនចម្លែកទេ ដោយសារតែខ្ញុំបានឃើញរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិដែលមានលក្ខណៈស្រដៀងនឹងបញ្ហានេះដែរ។ ខ្ញុំសូមបដិសេធជំនួសមុខឲ្យស្ថាប័នរបស់ខ្ញុំ និងតាមរយៈការពន្យល់លើគោលនយោបាយរបស់រដ្ឋាភិបាលពាក់ព័ន្ធនឹងបញ្ហានេះ។ រដ្ឋាភិបាល ឬស្ថាប័នរបស់ខ្ញុំមិនបានរំលោភបំពានច្បាប់ណាមួយ សហគមន៍អន្តរជាតិ ឬអ្វីផ្សេងនោះទេ»។
តាមគោលនយោយបាយអន្តោប្រវេសន៍ដ៏តឹងរ៉ឹងរបស់អូស្រ្តាលី អ្នកសុំសិទ្ធិជ្រកកោនដែលត្រូវចាប់បានក្នុងពេលព្យាយាមចូលប្រទេសនេះតាមសមុទ្រត្រូវបញ្ជូនទៅអប់រំនៅជំរំនៅកោះណូរូ (Nauru) ឬកោះ Manus ក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ (Papua New Guinea) ហើយមិនអាចស្នើសុំតាំងទីលំនៅក្នុងប្រទេសអូស្រា្តលីបាននោះទេ។ រដ្ឋាភិបាលក្រុងកង់បេរ៉ាអះអាងថា នេះជាមធ្យោបាយមួយដែលជួយសង្រ្គោះជីវិតដោយមិនឲ្យពួកគេប្រថុយប្រថានឆ្លងកាត់សមុទ្រពីកន្លែងដូចជាប្រទេសឥណ្ឌូនេស៊ី។
ទោះជាយ៉ាងណាក៏ដោយ អ្នករិះគន់បាននិយាយថា គោលនយោយបាយនេះពិតជាគ្មានមនុស្សធម៌ និងបំបាក់ស្មារតីរបស់អ្នករត់គេចពីសង្គ្រាម និងជាការធ្វើទុក្ខបុកម្នេញ។ នៅដើមឆ្នាំនេះ ចៅក្រមក្នុងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេបានសម្រេចថា មណ្ឌលនៅកោះ Manus មិនបានធ្វើស្របតាមរដ្ឋធម្មនុញ្ញនោះទេ ហើយគេរំពឹងថា វានឹងត្រូវបិទនៅប៉ុន្មានខែខាងមុខនេះ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ