របាយការណ៍មួយរបស់ធនាគារពិភពលោកបង្ហាញថា ប្រទេសហ្គាណាបាត់បង់ព្រៃឈើយ៉ាងហោចណាស់ ៣១៥ ពាន់ហិចតាជារៀងរាល់ឆ្នាំ។ ដើម្បីកែប្រែបញ្ហានេះ គម្រោងរបស់ជនជាតិហ្គាណាមួយរូប បានចូលរួមលើកកម្ពស់ការរក្សាព្រៃឈើប្រកបដោយចីរភាព និងអបរំពលរដ្ឋទូទៅអំពីអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចដែលបានមកពីការរក្សាព្រៃឈើ និងប្រព័ន្ធរុក្ខជាតិជុំវិញ។
លោក Wellington Baiden បានហៅតំបន់ព្រៃឈើទំហំ ៨៥ ហិចតារបស់លោកថា ជា «ផ្សារទំនើបពណ៌បៃតង» មួយ។ តំបន់ព្រៃឈើនេះ បានផ្តល់នូវធនធានត្រី ធនធានឈើ គ្រាប់ពូជ ផ្លែឈើ និងប្រេងរុក្ខជាតិសំខាន់ៗ។ តំបន់ព្រៃឈើនេះ ស្ថិតនៅចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រពីតំបន់ឆ្នេរ និងប្រមាណ ២៤០ គីឡូម៉ែត្រពីរដ្ឋធានីអាក្រារបស់ប្រទេសហ្គាណា។
លោក Baiden បានដាំដើមឈើជាច្រើនប្រភេទ ដោយដើមឈើខ្លះជាប្រភេទដើមឈើដែលលូតលាស់លឿន ហើយដើមឈើមួយចំនួនទៀតជាប្រភេទដើមឈើពូជដើម និងពូជដែលជិតផុតពូជ ក៏ដូចជាប្រភេទរុក្ខជាតិផ្ដល់ក្លិនក្រអូបដែលអាចផលិតជាប្រេងធម្មជាតិសម្រាប់ប្រើនៅក្នុងទឹកអប់ផងដែរ។
ខណៈការរក្សាព្រៃឈើជាទូទៅគឺជាគម្រោងរយៈពេលវែងមួយ ដែលទទួលបានប្រាក់ចំណូលមកពីការប្រមូលផល អង្គការ Portal Forest Estates របស់លោក Baiden បានរកចំណូលបានទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង។
លោក Baiden បានចាប់ផ្តើមប្រមូលផលពីដើមឈើដែលលោកបានដាំកាលពី ២០ ឆ្នាំមុន។ ស្របពេលនោះដែរ លោកបានដាំដើមឈើថ្មីជំនួសដើមឈើដែលលោកបានដាំកាលពី ២០ ឆ្នាំមុន និងបង្កើតអាជីវកម្មដទៃទៀតនៅក្នុងតំបន់ព្រៃឈើនោះ ដើម្បីធានាអនាគត និងអត្ថប្រយោជន៍សម្រាប់សហគមន៍ជុំវិញ ដែលលោកពណ៌នាថាជាគន្លឹះសម្រាប់ការរក្សាចីរភាព។
លោក Baiden នាយកប្រតិបត្តិនៃអង្គការ Portal Forest Estates បាននិយាយថា៖ «ខ្ញុំអាចនិយាយបានថា ការមានព្រៃឈើដែលផ្តល់ផល គឺជាគន្លឹះសំខាន់នៅក្នុងការរក្សាស្រទាប់ព្រៃឈើ ពីព្រោះទីមួយវាផ្តល់ការងារដល់សហគមន៍ ហើយការបំពានព្រៃតែងតែកើតមាន ដោយសារតែមនុស្សត្រូវរកអ្វីមកចិញ្ចឹមជីវិត»។
ផលិតផលមួយរបស់លោក Baiden គឺប្រេងធម្មជាតិពីរុក្ខជាតិ។ លោក Baiden កំពុងសហការជាមួយកសិករក្នុងស្រុកដើម្បីដាំរុក្ខជាតិមួយចំនួនដូចជា រុក្ខជាតិប្រភេទ Ylang-ylang និង Cintronella ជាដើម ដែលលោកអាចលក់ប្រេងពីប្រភេទរុក្ខជាតិទាំងនេះនៅលើទីផ្សារអន្តរជាតិបាន។
លោក Justice Crentsil ដែលជាគីមីវិទូមួយរូប បានចំណាយពេលចម្បងផ្តោតលើការចម្រាញ់ប្រេងពីរុក្ខជាតិខាងលើនេះ។ លោកបាននិយាយថា លោកគឺជានិស្សិតផ្នែកគីមីវិទ្យាដែលបញ្ចប់ការសិក្សាតែម្នាក់គត់ដែលធ្វើការនៅក្នុងផ្នែកការងារនេះ។ លោកមានជំនឿថា ការងារនេះនឹងជួយដល់អនាគតប្រទេសហ្គាណា។
លោក Justice Crentsil បញ្ជាក់ដូច្នេះថា៖ «ការពិតដែលថា យើងមិនបានបំផ្លាញព្រៃឈើ មិនបានកាប់ព្រៃឈើ និងមិនប្រើជីណាមួយនៅក្នុងព្រៃ ហើយអ្វីៗទាំងអស់សុទ្ធតែបានមកពីធម្មជាតិនោះ គឺជារឿងមួយដែលអស្ចារ្យ»។
លោក Justice Crentsil សង្ឃឹមថា គម្រោងនេះនឹងក្លាយជាគំរូមួយដើម្បីធានាថា តំបន់ព្រៃឈើដទៃទៀតត្រូវបានរក្សាទុក និងការពារពីការកាប់បំផ្លាញ នៅពេលដែលមនុស្សទូទៅឃើញនូវអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុរយៈពេលវែងដែលបានមកពីការរក្សាទុកព្រៃឈើ។
នៅចម្ងាយប្រមាណ ១៤៥ គីឡូម៉ែត្រពីតំបន់ព្រៃឈើនោះ អង្គការគាំពារព្រៃឈើនានាកំពុងព្យាយាមការពារតំបន់ព្រៃឈើផ្សេងទៀតពីគម្រោងទាញយករ៉ែរបស់រដ្ឋាភិបាល។
លោក Daryl Bosu នៃអង្គការក្រៅរដ្ឋាភិបាលការពារបរិស្ថានឈ្មោះថា A Rocha Ghana បាននិយាយថា គំនិតនៃការរក្សាព្រៃឈើឲ្យផ្តល់ផលតាមធម្មជាតិ គឺជាគន្លឹះនៅក្នុងការបញ្ឈប់ការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសហ្គាណា តាមរយៈការអប់រំប្រជាពលរដ្ឋអំពីអត្ថប្រយោជន៍រយៈពេលខ្លី មធ្យម និងវែង ដែលបានមកពីការរក្សាស្រទាប់ព្រៃឈើ។
លោក Bosu បានលើកឡើងថា គំរូអាជីវកម្មនានាដូចជា គំរូអាជីវកម្មរបស់លោក Baiden ជាដើម គឺមានសារៈសំខាន់សម្រាប់ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ហើយគំរូអាជីវកម្មនេះក៏អាចជំរុញឲ្យមានការអភិរក្ស និងការស្តារឡើងវិញផងដែរ។
លោកនិយាយដូច្នេះថា៖ «ខ្ញុំគិតថា នេះជាគំនិតដ៏ល្អមួយសម្រាប់សហគ្រិន និងអ្នកជំនួញជាទូទៅ។ ដូច្នេះឥឡូវនេះ ការគ្រប់គ្រងព្រៃឈើមិនត្រឹមតែជាការងារសម្រាប់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជាការងារសម្រាប់បុគ្គលទូទៅផងដែរ ដោយសារតែឱកាសទទួលបានផលប្រយោជន៍ពីព្រៃឈើគឺធំធេងណាស់»។
លោក Baiden ក៏គ្រោងបង្កើតរោងចក្រចម្រាញ់ប្រេងរុក្ខជាតិធំជាងមុន រមណីយដ្ឋានអេកូទេសចរណ៍ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលនៅក្នុងតំបន់ព្រៃឈើរបស់លោកផងដែរ។ លោកនិយាយថា មជ្ឈមណ្ឌលបណ្តុះបណ្តាលនឹងបង្រៀនកសិករ និងអប់រំអ្នកមកទស្សនាអំពីគម្រោងរក្សាព្រៃឈើ។
លោកចង់បំផុសគំនិតឲ្យមនុស្សទូទៅយល់ឃើញអំពីអត្ថប្រយោជន៍នៃការរក្សាព្រៃឈើប្រកបដោយចីរភាព ដោយបង្កើតនូវអ្វីដែលលោកហៅថា «ទ្រព្យសម្បត្តិជានិរន្ត»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា