ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ហ្កាណា​ប្រឈម​មុខ​នឹង​ការ​ព្រមាន​អំពី​​កំណើន​ប្រេង​ដ៏ខ្ពស់


នាវា​ខួង​រុករក​ប្រេង​មួយ​គ្រឿង នៅ​កំពុងផែ​ តាកូរ៉ាឌី​ ​(Takoradi) ប្រទេស​ ហ្កាណា​ នៅថ្ងៃទី​៤​ខែ​ធ្នូ​ ឆ្នាំ​២០០៨។
នាវា​ខួង​រុករក​ប្រេង​មួយ​គ្រឿង នៅ​កំពុងផែ​ តាកូរ៉ាឌី​ ​(Takoradi) ប្រទេស​ ហ្កាណា​ នៅថ្ងៃទី​៤​ខែ​ធ្នូ​ ឆ្នាំ​២០០៨។

ឥឡូវ​នេះ​សេដ្ឋកិច្ច​របស់​ប្រទេស​ហ្កា​ណា(Ghana)​ដែល​ជំរុញ​ដោយ​សារ​ប្រេង​ត្រូវ​បានព្យាករណ៍​ថា​នឹងមាន​ការ​រីកចំរើនរហូត​ដល់១៦​ភាគ​រយនៅ​ក្នុង​ឆ្នាំ​នេះ​ដែល​ជា​អត្រា​ខ្ពស់​បំផុត​នៅ​ក្នុង​ពិភព​លោក។ ក្រុម​អ្នក​សេដ្ឋ​កិច្ច​កំពុងព្រមាន​ថា​ហនិភ័យ​ដ៏​ធ្ងន់​ធ្ងរ​បន្ត​នៅមាន​នៅ​ឡើយដែល​ការ​រីកចំរើន​ដ៏​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​នេះនឹង​មិន​ផ្តល់​អត្ថ​ប្រយោជន៍ទៅ​ដល់​ប្រជាពលរដ្ឋ​ហ្កា​ណាភាគ​ច្រើន​នោះ​ទេ។

តួរលេខនៃ​កំណើនចំនួន​១៦.៣​ភាគរយដែល​ត្រូវ​បាន​រំពឹង​ទុក​ក្នុង​ឆ្នាំ​២០១១សម្រាប់​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ប្រទេសហ្កាណា (Ghana)​ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​នា​ពេល​ថ្មី​មួយដែល​មាន​ចំណង​ជើង​ថា«ទីផ្សារអាហ្រ្វិក​ដែល​ត្រូវ​បាន​លាត​ត្រដាង» ដែល​ចេញផ្សាយ​ដោយ​ធនាគារ​ស្តង់​ដា​អាហ្វ្រិក​ខាង​ត្បូង​ (Africa’s Standard Bank)។

ការ​ប៉ាន់​ស្មានជា​មធ្យម​នៃ​កំណើន​ចំនួន១៣.៦​ភាគរយ​សម្រាប់​ឆ្នាំ​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មុនដោយ​រដ្ឋាភិបាលហ្កា​ណា។

ទោះ​បី​ជា​តួរលេខ​ពិត​ប្រាកដ​មាន​ចំនួន​ប៉ុន្មាន​ក៏​ដោយកំណើន​ដ៏​ខ្លាំង​ក្លា​នេះ​ដែល​មាន​ចំនួន​៥​ភាគរយកាល​ពីឆ្នាំមុន​ គឺ​កើត​ចេញ​មក​ពី​ការ​ងើប​ឡើង​របស់​ប្រទេស​ហ្កា​ណា​ ក្នុង​នាម​ជា​ប្រទេស​អ្នកផលិត​ប្រេង​មួយ។

ក្រុម​អ្នក​សេដ្ឋ​កិច្ច​ព្រមាន​ថាមាន​ហនិភ័យ​ជា​ច្រើន​នៅ​ក្នុង​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នេះ ដែល​រួម​ទាំង​ហនិភ័យ​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ «ជំងឺ ហូឡង់» (Dutch disease)។ ហនិភ័យ​នេះ​អាច​កើត​មាន​ឡើង​នៅ​ពេល​ដែល​ការ​ប្រើប្រាស់​ធនធាន​ធម្ម​ជាតិ​នាំ​ទៅ​ដល់​រូបិយ​វត្ថុ​ជាតិ​ដែល​រឹងមាំ​ជាង​មុន​និង​ការ​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​លើវិស័យ​សេដ្ឋ​កិច្ច​ផ្សេងៗ​ទៀត។ «ជំងឺ ហូឡង់»​ត្រូវ​បាន​ដាក់​ឈ្មោះឱ្យ​ បន្ទាប់​ពីបញ្ហា​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេសហូឡង់​ (the Netherlands)​ ហើយនឹងបន្ទាប់​ពីការ​រក​ឃើញវាល​ប្រេង​ធម្ម​ជាតិ​ដ៏​ធំមួយ​របស់​ប្រទេស​នេះ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៥០។

លោក​ គ្រីស​ ជែកសុន​ (Chris Jackson) ​អ្នក​សេដ្ឋ​កិច្ច​ជាន់​ខ្ពស់​នៃ​ធនាគារ​ពិភព​លោក​ បាន​លើក​ឡើង​ការ​ព្រមាន​នេះម្តង​ទៀត​ នៅ​ឯ​ព្រឹត្តិការណ៍​មួយក្នុង​ទីក្រុង​ វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ផ្តោត​ទៅលើ​អនាគត​របស់ហ្គាណា។

«យើង​មាន​ប្រេង​ ដូច្នេះ​ យើង​បាន​ជាប់​ពាក់ព័ន្ធ​ខ្លាំង​ជាមួយ​ជំងឺ​ ហូឡង់​ ដោយ​មាន​កំណើនអត្រា​ប្តូរ​ប្រាក់​ និង​ការ​ខូច​ខាតដែល​អាច​មាន​ទៅ​លើ​វិស័យ​រីក​លូតលាស់​ទាំង​ឡាយ​ ដែល​មិនបាន​ទទួលពី​ប្រេង។»

លោក​ ជែកសុន​ (Jackson)​ បាន​ទាញ​ឧទាហរណ៍ពី​អ្នក​ចំការ​ដែល​នាំ​ចេញ​ផលិត​ផលដំណាំ​ ដែល​ទំនិញ​របស់​ពួកគេ​ ដូច​ជា​ម្នាស់​ឬ​កាកាវ​ នឹង​ឡើង​ថ្លៃ​ជាងមុន​និង​មិន​សូវ​មាន​ការ​ប្រកួត​ប្រជែងខ្លាំង​នៅ​លើ​សាកល​លោក។

លោក​ អៀន ហ្គារី​ (Ian Gary)​ អ្នក​ជំនាញ​ខាង​ប្រេងនៃ​អង្គការ​ អុក​ស៍ហ្វាម​អាមេរិកាំង​ (Oxfam America) ​បាន​ព្រមាន​ថា​ វាល​ប្រេង​ ជូប៊ីលី (Jubilee)​ របស់ហ្កាណា​ ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​នៅ​ក្នុង​ខែ​ធ្នូឆ្នាំ​២០១០​ កំពុងដំណើរ​ការ​មិន​បាន​ល្អ​ ហើយ​កំពុង​ផលិត​ប្រេង​ចំនួន​៨ម៉ឺន​ធុង​ក្នុង​មួយ​ថ្ងៃ​ជា​ជាង​ចំនួន​រំពឹង​ទុក​ប្រមាណ​១សែន២ម៉ឺន​ធុង​ក្នុង​មួយ​ថ្ងៃ។

លោក​ ហ្គារី​ (Gary)​ បាន​បង្ហាញពី​ការ​ព្រួយបារម្ភ​ថា​ ច្បាប់​ថ្មីៗ​ទាំង​ឡាយ​ដែល​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំដើម្បី​តាក់​តែង​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ ដូច​ជា​ការ​សន្សំ​ទុក​ប្រាក់​ចំណេញ​ពី​ប្រេង​នា​ពេល​បច្ចុប្បន្ន​ ដើម្បី​ស្រូប​យក​ការ​ខូច​ខាត​នា​ពេល​អនាគត​នៃ​តម្លៃ​ប្រេង​ពិភព​លោក។

«ជា​ជាង​ដាក់​ប្រាក់​ដែល​នៅ​សល់​ចូល​ក្នុង​គណនី​សន្សំប្រាក់​មួយ​វិធី​ដែល​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ប្រាក់​ចំណូលតម្រូវ​ឱ្យ​ធ្វើ​ គឺ​ដាក់​ប្រាក់​ដែល​នៅ​សល់​ទាំង​នោះដោយ​ផ្ទាល់​ ទៅ​ក្នុង​ថវិកា​សម្រាប់​ចំណាយ​ក្នុង​ឆ្នាំ​នេះ។ បញ្ហា​មួយ​ទៀត​ដែល​បាន​លេច​ឡើង​ គឺ​ប្រាក់​កម្ចី​ចំនួន​៣ពាន់​លាន​ដុល្លា​ពី​ប្រទេស​ចិន​ សម្រាប់ការ​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ហើយ​ប្រាក់​កម្ចី​នោះ​រំលោភ​ទៅ​លើ​បទ​បញ្ញតិ​ នៃ​ច្បាប់​ស្តី​ពី​ការគ្រប់​គ្រង​ប្រាក់​ចំណូល។ ច្បាប់​ស្តី​ពីការ​គ្រប់​គ្រង​ប្រាក់​ចំណូល​អនុញ្ញាតឱ្យ​ប្រើ​ប្រាស់​ប្រេង​ សម្រាប់​ជាទុន​ដើម្បីប្តូរ​យក​ប្រាក់​កម្ចី​រហូត​ដល់​១០ឆ្នាំ​ ប៉ុន្តែ​ ប្រាក់កម្ចីនេះ​នឹង​ក្លាយ​ទៅ​ជា​ប្រាក់​កម្ចី​រយៈ​ពេល​១៥​ឆ្នាំ។»

ក្រុម​អ្នក​សេដ្ឋកិច្ច​ក៏​មាន​ការ​ព្រួយ​បារម្ភ​អំពី​អ្វី​ដែល​ត្រូវ​បាន​ហៅ​ថា​បណ្តាសារ​ប្រេង​ ដែល​ចំណូល​យ៉ាង​ច្រើន​បាន​មក​ពី​ប្រេង​ នាំ​ទៅ​ដល់​ការ​បោះ​បង់​ចោល​វិស័យសេដ្ឋ​កិច្ច​ផ្សេងៗ​ទៀត​ ការ​ខូច​ខាត​ផ្នែកបរិស្ថាន ​ជម្លោះ​ និង​អំពើ​ពុក​រលួយ​ក្នុង​ទ្រង់​ទ្រាយ​ធំ។

លោក ​ដេវិដ​ ថ្រូប (David Throup)​ នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរ​ជាតិ​និង​យុទ្ធ​សាស្រ្ត​ (Center for Strategic and International Studies) ​បាន​និយាយ​ថា​ រចនាសម័ន្ធ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​របស់ហ្កាណា ប្រហែល​ជា​មិន​សាក​សម​ ដើម្បី​ធានាបាន​នូវ​ការ​បែង​ចែក​ទ្រព្យ​សម្បត្តិបាន​មក​ពីប្រេង​ប្រកប​ដោយ​យុត្តិ​ធម៌​នោះ​ទេ។

«វា​គឺ​ជា​ប្រព័ន្ធនយោបាយ​បែប​មជ្ឈការ​ដ៏​ធំ​ធេង​មួយ​ ដោយ​តំណែង​ប្រធានា​ធិបតីមាន​ភាព​ខ្លាំង​ក្លា​លើសលប់។ ​ប្រធានាធិបតី​គឺ​ជា​មជ្ឈមណ្ឌលនៃ​ការ​ទ្រទ្រង់​ទាំង​អស់​ ហើយ​ខ្ញុំ​គិត​ថា​ វិសាលភាព​ធំ​ធេងនៃ​នយោបាយ​ទ្រទ្រង់​នៅ​ក្នុង​ប្រទេស​ ហ្កាណា​ ពិត​ជានឹង​ធ្វើ​ឱ្យអន្តរាយ​ដល់​ស្ថាប័ន​នយោបាយ​ទាំង​ឡាយ។

ក្រុម​វាគ្មិន​បាន​គូស​បញ្ជាក់ថា​ ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី​ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​ ដោយការគ្រប់គ្រង​លើសេដ្ឋកិច្ច​ធំ​ជាងមុន​ស្ថិតក្នុង​ប្រថុយប្រថាន​ អាច​នឹង​មាន​សភាព​ឃោរ​ឃៅ​ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ពួកគេ។

ពួកគេ​ក៏​បាន​ព្រមាន​ទៀតថា ការ​រីកចំរើន​ផ្នែក​ប្រេង​មិន​បាន​នាំ​ទៅ​ដល់​ ការ​បង្កើត​ការងារ​ធ្វើ​ឱ្យ​បាន​ច្រើនទេ​ នាពេល​កន្លង​មក ដែល​តាមការ​ប៉ាន់​ស្មាន យុវវ័យជាង​៨០​ភាគរយ​នៅ​ក្នុងតំបន់ទី​ក្រុង នៅ​តែ​ធ្វើ​ការ​នៅ​ក្នុង​ស្ថាប័ន​ក្រៅ​ផ្លូវ​ការ​នៅ​ឡើយ៕

ប្រែ​សម្រួល​ដោយ​ បូលី

XS
SM
MD
LG