ប្រទេសហ្គាណានិងប្រទេសកូតឌីវ័រ ដែលជាប្រទេសផលិតកាកាវច្រើនជាងគេបំផុតនៅលើពិភពលោក បានធ្វើពហិការមិនចូលរួមនៅក្នុងកិច្ចប្រជុំស្ដីពីនិរន្តរភាពកាកាវរបស់អង្គការមូលនិធិកាកាវពិភពលោក (World Cocoa Foundation) នៅក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក កាលពីពេលថ្មីៗនេះ។
អាជ្ញាធរនៅក្នុងប្រទេសដែលស្ថិតនៅភាគខាងលិចនៃទ្វីបអាហ្វ្រិកទាំងពីរនេះបានចោទប្រកាន់ក្រុមហ៊ុនពហុជាតិផលិតស្ករសូកូឡានិងក្រុមហ៊ុនពាណិជ្ជកម្មនានាថាបានរារាំងវិធានការនៅក្នុងការលើកកម្ពស់ប្រាក់ចំណូលរបស់កសិករដាំកាកាវ។
កសិករនៅក្នុងប្រទេសទាំងពីររកចំណូលបានតិចជាង ៦% នៃប្រាក់ចំណូលជាង ១០០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំនៃឧស្សាហកម្មផលិតស្ករសូកូឡា បើទោះបីជាប្រទេសទាំងពីរគឺជាប្រទេសដែលផលិតកាកាវប្រមាណពីរភាគបីនៅលើពិភពលោកក៏ដោយ។
លោក Yaw Attah គឺជាកសិករដាំកាកាវពេញមួយជីវិតរបស់លោកនៅភាគខាងកើតប្រទេសហ្គាណា។ លោកបានប្រាប់ VOA ថា ក្រុមហ៊ុនអន្តរជាតិនានាបានកេងចំណេញលើការងារលំបាកលំបិនរបស់កសិករ ដោយធ្វើឱ្យកសិកររស់នៅក្នុងភាពក្រីក្រ។
លោក Attah បាននិយាយថា ការធ្វើជាកសិករដាំកាកាវគឺជាការងារដ៏លំបាកមួយ។ លោកថា កន្លងមកលោកធ្លាប់ឱ្យកូនៗរបស់លោកមកជួយនៅក្នុងកិច្ចការដាំកាកាវនេះ ប៉ុន្តែឥឡូវនេះគេមិនអនុញ្ញាតឱ្យធ្វើដូច្នេះទេ ដោយគេចាត់ទុកថានេះគឺជាពលកម្មកុមារ។ លោកបានបន្ថែមថា លោកគ្មានថវិកាគ្រប់គ្រាន់ដើម្បីជួលមនុស្សបន្ថែមឱ្យមកជួយក្នុងកិច្ចការនេះនោះទេ។
លោក Attah បានបញ្ជាក់ថា រដ្ឋាភិបាលហ្គាណាត្រូវតែវាយតម្លៃឡើងវិញលើតម្លៃដែលខ្លួនបង់ឱ្យកសិករដាំកាកាវ។
កាលពីដើមខែតុលា រដ្ឋាភិបាលហ្គាណាបានកំណត់ថា តម្លៃដែលត្រូវបង់ឱ្យកសិករដាំកាកាវគឺចំនួន ១.២៤៨ ដុល្លារក្នុងមួយតោនសម្រាប់ដំណាំកាកាវនេះក្នុងរដូវបេះកាកាវឆ្នាំ ២០២២-២០២៣។
តម្លៃដែលផ្ដល់ឱ្យនេះមានកម្រិតទាបជាង ១ ដុល្លារអាមេរិក ៣៦ សេន ក្នុងមួយគីឡូក្រាម ដែលរដ្ឋាភិបាលកូតឌីវ័របានកំណត់សម្រាប់កសិកររបស់ខ្លួនកាលពីខែកញ្ញា។
លោក Fiifi Boafo អ្នកនាំពាក្យក្រុមប្រឹក្សាកាកាវប្រទេសហ្គាណា (Ghana Cocoa Board (COCOBOD)) បានប្រាប់ VOA ថា សុខុមាលភាពរបស់កសិករនៅតែជារឿងសំខាន់បំផុតសម្រាប់រដ្ឋាភិបាលនៃប្រទេសហ្គាណានិងប្រទេសកូតឌីវ័រ។
ទាក់ទិននឹងការធ្វើពហិការមិនចូលរួមនៅក្នុងកិច្ចប្រជុំរបស់អង្គការមូលនិធិកាកាវពិភពលោក (World Cocoa Foundation) នៅក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ស្ដីពីនិរន្តរភាពកាកាវនេះ លោកBoafo បាននិយាយថា ក្រុមហ៊ុនផលិតស្ករសូកូឡានិងក្រុមហ៊ុនជំនួញកាកាវត្រូវតែបង្ហាញការតាំងចិត្តនៅក្នុងការលើកកម្ពស់ប្រាក់ចំណូលរបស់កសិករ។
លោក Boafo ថ្លែងដូច្នេះថា៖ «ជាការពិត គេនៅតែធ្វើឱ្យកសិករបន្តស្ថិតក្នុងភាពក្រីក្រ។ តើយើងអាចធ្វើឱ្យឧស្សាហកម្មផលិតស្ករសូកូឡាដែលតែងតែរកចំណូលបាននេះមាននិរន្តរភាពយ៉ាងដូចម្ដេច ប្រសិនបើកសិករដែលជាអ្នកដាំកាកាវនៅតែស្ថិតក្នុងភាពក្រីក្រដូច្នេះ? ជាការពិត នេះគឺជាបញ្ហា ហើយនេះមិនមែនជាលើកដំបូងទេដែលយើងនិយាយអំពីរឿងនេះ។ យើងបាននិយាយអំពីរឿងនេះរួចមកហើយ ប៉ុន្តែមិនមានលទ្ធផលអ្វីនោះទេ។ យើងចាំបាច់ត្រូវស្វែងរកមធ្យោបាយផ្សេងដើម្បីបញ្ជាក់ឱ្យមនុស្សគ្រប់គ្នាបានដឹងថានេះគឺជាបញ្ហា»។
អង្គការសង្គមស៊ីវិលចំនួន ៤ នៅក្នុងប្រទេសហ្គាណានិងប្រទេសកូតឌីវ័របានគាំទ្រការធ្វើពហិការនេះ ដោយបានបញ្ជាក់ថា កសិករតែងតែទទួលបានតម្លៃមួយដែលអយុត្តិធម៌។
លោក Obed Owusu-Addai ដែលជាអ្នកធ្វើយុទ្ធនាការនៃអង្គការ EcoCare Ghana ដែលជាអង្គការមួយដែលជំរុញឱ្យមានការផ្លាស់ប្ដូរនេះ បាននិយាយថា៖ «វាពិតជាមិនសមនោះទេ ដែលកសិករទទួលបានតែប្រហែល ៦% នៃប្រាក់ចំណូលប្រហែល ១៣០ ពាន់លានដុល្លារនៃឧស្សាហកម្មនេះ។ យើងគិតថាវាមិនយុត្តិធម៌នោះទេ។ យើងគិតថា វាដល់ពេលដែលយើងត្រូវចាប់ផ្ដើមពិភាក្សាអំពីតម្លៃដែលជាបញ្ហាសំខាន់បំផុតទាក់ទិននឹងនិរន្តរភាពកាកាវនេះហើយ»។
អង្គការមូលនិធិកាកាវពិភពលោក ដែលជាអង្គការតំណាងឱ្យ ៨០% នៃទីផ្សារពិភពលោក ដែលក្នុងនោះ រួមមានទាំងក្រុមហ៊ុនផលិតស្ករសូកូឡាសំខាន់ៗផងដែរដូចជាក្រុមហ៊ុន Cargill ក្រុមហ៊ុន Olam ក្រុមហ៊ុន Callebaut និងក្រុមហ៊ុន Nestle ជាដើម មិនបានឆ្លើយតបចំពោះសំណើសុំការបកស្រាយលើរឿងនេះនោះទេ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ