ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម្តាយ​របស់​តារា​បង្ហាញ​ម៉ូត​អាហ្រ្វិក​ខាង​ត្បួង​និយាយ​ជា​សាធារណៈ​ ច្រើន​ខែ​បន្ទាប់​ពី​ការ​វិនិច្ឆ័យទោស​ឃាតកម្ម​លើ​លោក​ Pistorius


អ្នក​ស្រី​ June Steenkampម្តាយ​របស់​តារា​បង្ហាញ​ម៉ូត​ Reeva Steenkamp ជាតិ​អាហ្រ្វិក​ខាង​ត្បូង​ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​មិត្ត​ប្រុស​របស់​នាង​នៅ​ក្នុង​ឆ្នាំ​២០១៣ និយាយ​នៅ​ក្នុង​កម្មវិធី​សម្ភោធ​សៀវភៅ​របស់​គាត់​ «Reeva៖​ រឿង​របស់​ម្តាយ​ម្នាក់» នៅ​ក្នុង​ទីក្រុង​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មីនា​ ឆ្នាំ​២០១៥។
អ្នក​ស្រី​ June Steenkampម្តាយ​របស់​តារា​បង្ហាញ​ម៉ូត​ Reeva Steenkamp ជាតិ​អាហ្រ្វិក​ខាង​ត្បូង​ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​មិត្ត​ប្រុស​របស់​នាង​នៅ​ក្នុង​ឆ្នាំ​២០១៣ និយាយ​នៅ​ក្នុង​កម្មវិធី​សម្ភោធ​សៀវភៅ​របស់​គាត់​ «Reeva៖​ រឿង​របស់​ម្តាយ​ម្នាក់» នៅ​ក្នុង​ទីក្រុង​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​មីនា​ ឆ្នាំ​២០១៥។

ម្តាយ​របស់​តារា​បង្ហាញ​ម៉ូត​ជាតិ​អាហ្រ្វិក​ខាង​ត្បួង​ នាង​ Reeva​ Steenkamp​ ដែល​ត្រូវ​គេ​សម្លាប់​និយាយ​ថា​ គាត់​មាន​គម្រោង​នឹង​ចាប់​ផ្តើម​កម្មវិធី​សប្បុរសធម៌​មួយ​ដើម្បី​ជួយ​ជន​រង​គ្រោះ​ដោយ​សារ​ការ​រំលោភ​បំពាន​ក្នុង​គ្រួសារ​ ទោះ​បី​ជា​គាត់​មិន​បាន​និយាយ​ថា​ ការ​រំលោភ​បំពាន​បែប​នេះ​ជា​ផ្នែក​មួយ​នៃ​ទំនាក់ទំនង​រវាង​នាង​ Reeva​ ជា​មួយ​នឹង​អ្នក​សម្លាប់​នាង​ ដែល​ជា​អត្តពលិក​កីឡា​អូឡាំពិក​ ឈ្មោះ​ Oscar​ Pistorius​ ក៏​ដោយ។​

អ្នក​ស្រី​ June​ Steenkamp​ បាន​ធ្វើ​ការ​បង្ហាញ​ខ្លួន​ដ៏​កម្រ​មួយ​នៅ​មុខ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាហ្វ្រិក​ខាង​ត្បូង​ថ្មីៗ​នេះ​ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់​ពី​លោក​ Pistorius​ បាន​បាញ់​សម្លាប់​កូន​ស្រី​របស់​គាត់​នៅ​ឯ​ផ្ទះ​របស់​លោក​ក្នុង​ទីក្រុង ​Pretoria​ នៅ​ពេល​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៣។​

ក្នុង​ពេល​ថ្មីៗ​នេះ​ អ្នក​ស្រី​ Steenkamp​ បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា​ «Reeva៖​ រឿង​របស់​ម្តាយ​ម្នាក់»។​ ខណៈ​ពេល​ដែល​អ្នក​ស្រី​និង​លោក​ Barry​ ដែល​ជា​ឳពុក​របស់​ Reeva​ មាន​វត្តមាន​ជា​ទៀងទាត់​នៅ​ក្នុង​ការ​កាត់​ក្តី​ពី​បទ​ឃាតកម្ម​របស់​ Pistorius​ ប្តី​ប្រពន្ធ​មួយ​គូ​នេះ​បាន​ជៀសវាង​មិន​និយាយ​នៅ​ក្នុង​វង់​ក្រចក​តុលាការ​ ហើយ​បាន​បញ្ចេញ​សេចក្តី​ថ្លែង​ការណ៍​ដ៏​តិច​តួច​ប៉ុណ្ណោះ​ សម្រាប់​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ដែល​ចង់​ដឹង​ឮ​អំពី​រឿង​នេះ។​

ការ​កាត់​ក្តីរបស់​អត្តពលិក​ដ៏​ល្បី​នេះ​បាន​ក្លាយ​ជា​រឿង​គួរ​ឲ្យ​យកចិត្ត​ទុក​ដាក់នៅ​អាហ្វ្រិក​ខាង​ត្បូង​ និង​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជា​ច្រើន​លាន​នាក់​នៅ​ទូទាំង​ពិភពលោក។​ នៅ​ពេល​នេះ​អ្នក​ស្រី​ June​ Steenkamp​ និយាយ​ថា​ អ្នកស្រី​សង្ឃឹម​ថា​នឹង​មាន​ការ​ចាប់​អារម្មណ៍​ខ្លះ​ទៅ​លើ​អ្វី​ដែល​អ្នក​ស្រី​និយាយ​ថា​គឺ​ជា​រឿង​ពិត៖​ គឺ​រឿង​ឈឺ​ចាប់​របស់​ស្រ្តី​ជា​ច្រើន​រាប់​មិន​អស់​ ដែល​មិន​បាន​ដឹង​ឮ​ជា​សាធារណៈ​ ដែល​ទ្រាំ​រស់​នៅ​ក្រោម​ការ​រំលោភ​បំពាន​ ពី​ដៃ​គូ​របស់​ខ្លួន។​

អំពើ​ហិង្សា​ក្នុង​គ្រួសារ​គឺ​ជា​កង្វល់​ទូទៅ​មួយ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។​ ក្រុម​តស៊ូ​មតិ​ខ្លះ​បាន​និយាយ​ថា​ ស្រ្តី​អាហ្វ្រិក​ខាង​ត្បួង​ម្នាក់​ត្រូវ​បាន​សម្លាប់​រៀង​រាល់​៦​ម៉ោង​ម្តង​ ដោយ​ដៃ​គូ​របស់​ខ្លួន។​

អ្នក​ស្រី​ Steenkamp​ និយាយ​ថា​ កូន​ស្រី​របស់​អ្នកស្រី​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​ឃើញ​តួលេខ​ទាំង​នេះ​ ហើយ​មាន​ចិត្ត​ចង់​ជួយ។​

នៅ​ក្នុង​បន្ទប់​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​អ្នក​កាសែត​ នៅ​ក្នុង​បរិវេណ​សកលវិទ្យាល័យ ​Johannesburg​ ទី​ដែល​អ្នក​ស្រី​ផ្សព្វផ្សាយ​សៀវភៅ​របស់​គាត់​ អ្នក​ស្រី​ Steenkamp​ បាន​និយាយ​ជា​អាទិ​ថា​ «ខ្ញុំ​មិន​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​ភ្លេច​ Reeva​ និង​អ្វី​ដែល​នាង​បាន​តស៊ូ​ប្រឆាំង​នោះ​ឡើយ»។​ អ្នក​ស្រី​ Steenkamp​ បន្ថែម​ថា​ «នាង​បាន​ទទួល​អារម្មណ៍​យ៉ាង​ខ្លាំង​មួយ​ថា​ នាង​ត្រូវ​តែ​ធ្វើ​អ្វី​ម៉្យាង​ដើម្បី​ជួយ​ស្រ្តី​ដែល​រង​គ្រោះ​ទាំង​នោះ។​ ហើយ​ខ្ញុំ​ចង់​បន្ត​កិច្ចការ​នេះ​សម្រាប់​នាង»។​

អ្នក​ស្រី​បាន​និយាយ​ថា​ កម្មវិធី​សប្បុរសធម៌​កំពុង​ស្ថិត​នៅ​ជា​ដំណាក់​កាល​ជា​គម្រោង​នៅ​ឡើយ។​

នាង​ Reeva​ Steenkamp​ និង​លោក​ Oscar​ Pistorious​ បាន​ចាប់​ផ្តើម​ទាក់ទង​ដើរ​លេង​ជា​មួយ​គ្នា​បាន​រយៈពេល​៣​ខែ​ នៅ​ពេល​ដែល​ Pistorious​ បាន​សម្លាប់​នាង។​ Pistorious​បាន​និយាយ​ថា​ ខ្លួន​បាន​ច្រឡំ​នាង​ទៅ​នឹង​អ្នក​លួច​ចូល​ក្នុង​ផ្ទះ​ពេល​យប់​ ហើយ​បាន​បាញ់​កាំភ្លើង​ចំនួន​៤​គ្រាប់​ទៅ​លើ​ទ្វារ​បន្ទប់​ទឹក​ ដែល​បិទ​ចាក់​សោ​ ហើយ​ត្រូវ​ចំ​នាង​ Reeva​ ចំនួន​៣​គ្រាប់។​

នៅ​ក្នុង​ការ​កាត់​ក្តី​ឃាតកម្ម​បន្ទាប់​មក​ រដ្ឋអាជ្ញា​បាន​ព្យាយាម​បង្ហាញ​ថា​ អត្តពលិក​រត់​ប្រណាំង​រូប​នេះ​ជា​អ្នក​ប្រើ​កាំភ្លើង​ពោរពេញ​ដោយ​កំហឹង​ និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ។​ មេធាវី​ការពារ​ក្តី​របស់​លោក​បាន​ឆ្លើយ​តប​ថា​ ស្ថានភាព​របស់​លោក​ដែល​ជា​ជន​ពិការ​ជើង​ទាំង​ពីរ​ដោយ​សារ​ឃាតកម្ម​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ បាន​ធ្វើ​ឲ្យ​លោក​តែង​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ជានិច្ច។​

អ្នក​ស្រី​ Steenkamp​ បាន​បដិសេធ​មិន​និយាយ​ដោយ​ចំ​ថា​ តើ​កូន​ស្រី​របស់​គាត់​គឺ​ជា​ជន​រងគ្រោះ​នៃ​ការ​រំលោភ​បំពាន​ នៅ​ក្នុង​ចំណង​ទាក់ទង​ចុង​ក្រោយ​ ដែល​ធ្វើ​ឲ្យ​នាង​បាត់​បង់​ជីវិត​នោះ​ឬ​ទេ។​

អ្នក​ស្រី​ Steenkamp​ បាន​និយាយ​ថា​ «ខ្ញុំ​មិន​ដឹង​ថា​ Pistorius​ មាន​កាំភ្លើង​ ឬ​ក៏​គាត់​បាន​បាញ់​ចេញ​ពី​ឡាន​ ឬ​ក៏​របៀប​រស់នៅ​របស់​គាត់​ជា​អ្នក​ប្រថុយ​គ្រោះ​ថ្នាក់​នោះ​ឡើយ។​ ខ្ញុំ​មិន​បាន​ដឹង​អ្វី​ទាល់​តែ​សោះ​អំពី​រឿង​នេះ។​ ខ្ញុំ​គិត​ថា​ Reeva​ មាន​ការ​ភ័យ​ខ្លាច​ មិន​ហ៊ាន​ប្រាប់​ខ្ញុំ​អំពី​បញ្ហា​ខ្លះ។​ នាង​និយាយ​ថា​ ពួកគេ​ទាំង​ពីរ​តែង​តែ​ឈ្លោះ​គ្នា​គ្រប់​ពេល​ ប៉ុន្តែ​មនុស្ស​គ្រប់​គ្នា​មិន​ដែល​ប្រាប់​ម្តាយ​ខ្លួន​ឯង​គ្រប់​រឿង​ទាំង​អស់​ទេ»។​

ការ​ចោទ​ប្រកាន់​ពី​ឃាតកម្ម​មិន​បាន​ធ្វើ​ឲ្យ​ចៅក្រម​ Thokozile​ Masipa​ ទទួល​យក​ទេ​ ហើយ​លោក​បាន​កាត់​ទោស​ Pistorius​ កាល​ពី​ខែ​តុលា​ ឲ្យ​ជាប់​គុក​៥​ឆ្នាំ​ពី​បទ​ culpable​ homocide​ ដែល​ប្រែ​ថា​ បទ​មនុស្ស​ឃាត​ដែល​គួរ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ ដែល​នៅ​អាមេរិក​ទោស​នេះ​ អង់គ្លេស​ហៅ​ថា​ manslaughter។​ នៅ​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​មិន​មាន​ការ​កាត់​ក្តី​ដោយ​គណៈវិនិច្ឆ័យ​ទេ។​ សាលក្រម​ទាំង​អស់​ត្រូវ​ប្រកាស​ដោយ​អង្គ​ចៅក្រម។​ នៅ​ក្រោម​ច្បាប់​អាហ្រ្វិក​ខាង​ត្បូង​ Pistorius​ គឺ​ត្រូវ​ជាប់​គុក​យ៉ាង​តិច​រយៈពេល​ ១០​ខែ។​

អ្នក​ស្រី​ Steenkamp​ និយាយ​ថា​ គាត់​នឹង​មិន​ចែក​រំលែក​អំពី​គំនិត​របស់​គាត់​ថា​ តើ​ការ​កាត់​ក្តី​នេះ​មាន​យុត្តិធម៌​ឬ​អត់​ទេ​ ប៉ុន្តែ​បាន​គាត់​កត់​សម្គាល់​ថា​៖ «ប្រសិន​បើ​ Oscar​ Pistorius​ មិន​មាន​កាំ​ភ្លើង​ Reeva​ នឹង​នៅ​រស់​រហូត​មក​ដល់​ពេល​នេះ»។​

អ្នក​ស្រី​បាន​បន្ត​ថា​ «នាង​នឹង​អាច​នៅ​ទី​នេះ​ជាមួយ​ខ្ញុំ​នៅ​ថ្ងៃ​នេះ។​ ហេតុអ្វី​បាន​ជា​មនុស្ស​ខ្លះ​មាន​កាំភ្លើង​រហូត​ទៅ​ដល់​១០​ដើម?​ ហេតុអ្វី​ពួក​គេ​គួរ​មាន?»។​

អ្នក​ស្រី​ Steenkamp​ បាន​និយាយ​ពី​មុន​ថា​ គាត់​អត់​ឱន​ទោស​ឲ្យ​ Pistorius​ សម្រាប់​ការ​សម្លាប់​កូន​ស្រី​របស់​គាត់​ ប៉ុន្តែ​ទឹក​មុខ​របស់​គាត់​ពោរពេញ​ទៅ​ដោយ​ការ​ឈឺចាប់​ នៅ​ពេល​ដែល​អ្នក​ស្រី​នឹក​ដល់​ពាក្យ​ពេចន៍​ដែល​អ្នក​ស្រី​នឹង​និយាយ​ ប្រសិន​បើ​គាត់​មាន​ឱកាស​និយាយ​ជា​មួយ​អត្តពលិក​រូប​នោះ។​

អ្នកស្រី​បាន​លើក​ឡើង​ថា​ «ខ្ញុំ​មិន​ចង់​សួរ​គាត់​ពី​រឿង​អ្វី​ទាំង​អស់។​ ខ្ញុំ​ប្រហែល​ជា​សួរ​គាត់​ឲ្យ​ពិចារណា​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ​មក​លើ​ Barry ​ជា​ប្តី​ខ្ញុំ​ និង​ខ្ញុំ។​ គាត់​បាន​ឆក់​យក​ជីវិត​កូន​ស្រី​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ខ្ញុំ​ ចេញ​ពី​ជីវិត​របស់​ពួក​យើង។​ គាត់​បាន​សម្លាប់​នាង។​ នាង​នឹង​មិន​អាច​មាន​កូន​ ដែល​ជា​ចៅ​របស់​យើង​បាន​ឡើយ។​ នាង​នឹង​មិន​អាច​មាន​ពិធី​រៀប​អាពាហ៍ពិពាហ៍​ ហើយ​ស្លៀក​រ៉ូប​ពណ៌​ស​បាន។​ គាត់​បាន​បំផ្លាញ​អាជីព​របស់​នាង​ គាត់​បាន​ផ្តាច់​ជីវិត​របស់​នាង។​ នោះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​នឹង​និយាយ​ទៅ​ Oscar​ ប្រសិន​បើ​ខ្ញុំ​ជួប​ផ្ទាល់​ជាមួយ​គាត់»៕​

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅលក្ខិណា

XS
SM
MD
LG