ប្រទេសអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានផ្អាកទិដ្ឋាការអាទិភាពសម្រាប់ការធ្វើដំណើរឯកជនដោយសមាជិករដ្ឋាភិបាលកម្ពុជា រួមទាំងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បន្ទាប់ពីការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជាលើគណបក្សប្រឆាំង សង្គមស៊ីវិលនិងបណ្តាញព័ត៌មានឯករាជ្យ។
ការព្យួរទិដ្ឋាការនេះគឺជាសកម្មភាពចុងក្រោយធ្វើឡើងប្រឆាំងនឹងរដ្ឋាភិបាលលោកហ៊ុន សែនដោយប្រទេសលោកខាងលិច បន្ទាប់ពីតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងសំខាន់របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីឆ្នាំមុន។
គណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោលតាមសំណើរដ្ឋាភិបាលដែលចោទប្រកាន់គណបក្សសង្គ្រោះជាតិពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ គណបក្សសង្គ្រោះជាតិបានបដិសេធការចោទប្រកាន់នេះ។
ក្រុមសិទ្ធិមនុស្សនិយាយថា លោកហ៊ុន សែន និងសម្ព័ន្ធមិត្តរបស់លោកបានបង្កើនការគំរាមកំហែងដល់គូបដិបក្ខរបស់ពួកគេ នៅមុនពេលបោះឆ្នោតនៅឆ្នាំនេះ ហើយថា លោកហ៊ុន សែន និងសម្ព័ន្ធមិត្តប្រើប្រព័ន្ធយុត្តិធម៌ដោយមិនត្រឹមត្រូវដើម្បីកាត់ទោសអ្នករិះគន់និងបង្ខំឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបិទទ្វារ។
សហភាពអឺរ៉ុបបាននិយាយ កាលពីខែធ្នូថា ខ្លួនបានផ្អាកការផ្តល់មូលនិធិសម្រាប់ការបោះឆ្នោតសកលឆ្នាំ ២០១៨ នៅប្រទេសកម្ពុជាពីព្រោះសហភាពអឺរ៉ុបយល់ថា ការបោះឆ្នោតដោយគ្មានគណបក្សប្រឆាំងធំគឺជាការបោះឆ្នោតមិនត្រឹមត្រូវនិងយុត្តិធម៌។
អ្នកនាំពាក្យការិយាល័យកិច្ចការបរទេសរបស់អាល្លឺម៉ង់បាននិយាយថា អាល្លឺម៉ង់បានផ្អាកទិដ្ឋាការអាទិភាពសម្រាប់សមាជិករដ្ឋាភិបាលកម្ពុជា។
ការិយាល័យការបរទេសបានបញ្ជាក់អំពីការព្យួរទិដ្ឋាការ ពិសេសសម្រាប់ការធ្វើដំណើរឯកជនរបស់សមាជិករដ្ឋាភិបាលកម្ពុជា រួមមានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងក្រុមគ្រួសាររបស់លោកមន្រ្តីយោធាជាន់ខ្ពស់ និងប្រធានតុលាការកំពូលកម្ពុជា។ នេះបើយោងតាមលោកស្រី Susanne Beger-Blum អ្នកនាំពាក្យរបស់ការិយាល័យកិច្ចការសហព័ន្ធអាល្លឺម៉ង់។
លោកស្រីបានបញ្ជាក់ថា «ការិយាល័យការបរទេសអាល្លឺម៉ង់ក៏បានលើកទឹកចិត្តសមាជិកសហភាពអ៊ឺរ៉ុបផ្សេងទៀតដាក់វិធានការស្រដៀងគ្នានេះ បន្ទាប់ពីការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជាលើប្រព័ន្ធផ្សព្វផ្សាយអង្គការមិនមែនរដ្ឋាភិបាល និងគណបក្សប្រឆាំង» ។
មេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខាត្រូវបានចាប់ខ្លួនពីបទគ្រោងផ្តួលរំលំរដ្ឋាភិបាលដោយមានជំនួយរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំមុន។ លោកបានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថា ជាកលល្បិចនយោបាយ។
សហរដ្ឋអាមេរិកក៏បានបដិសេធការចោទប្រកាន់នេះ ហើយបានរឹតត្បិតទិដ្ឋាការសម្រាប់មន្រ្តីកម្ពុជាមួយចំនួនជាការឆ្លើយតបនឹងការបង្ក្រាបរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាច បានថ្លែងថា រដ្ឋាភិបាលមិនត្រូវបានគេជូនដំណឹងអំពីការព្យួរទិដ្ឋាការរបស់អាល្លឺម៉ង់ទេ ហើយលោកគិតថា វាមិនមែនជារឿងធំដុំទេ។ លោកសុខ ឥសាននិយាយថា «បើយើងមិនទៅអាល្លឺម៉ង់ក៏យើងមិនស្លាប់ដែរ»៕