មជ្ឈមណ្ឌលឯកសារកម្ពុជាកំពុងជំរុញឲ្យបញ្ចូលការអប់រំអំពីការសម្លាប់រង្គាលនៅប្រទេសកម្ពុជានៅក្នុងការអប់រំក្នុងបណ្តាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅថាសមាគមអាស៊ាន។
លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើសំណើទៅកាន់ប្រទេសភូមាដែលជាប្រធានប្តូរវេននៃសមាគមអាស៊ានកាលពីខែមិថុនាដើម្បីឲ្យជួយជំរុញឲ្យទទួលយកសំណើនេះ។
«ខ្ញុំបានសុំរួចហើយថាឲ្យបញ្ចូលការសិក្សាប្រវត្តិសាស្រ្តនេះទៅក្នុងសាលាទូទាំងប្រទេសអាស៊ាន។ក្រសួងមហាផ្ទៃក៏បានរៀបចំកិច្ចការនេះហើយប្រទេសភូមាក៏បានទទួលលិខិតរបស់ខ្ញុំ ហើយយើងក៏បានទទួលការគាំទ្រពីរដ្ឋាភិបាលក្នុងការបញ្ចូលការសិក្សានេះក្នុងបណ្តាប្រទេសអាស៊ាន»។
មានប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់បានស្លាប់និងត្រូវបានសម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។ អំពើឃោរឃៅនេះដែលក្លាយជាការប្រល័យពូជសាសន៍ដែលមិនធ្លាប់កើតមានក្នុងចំណោមប្រទេសសមាជិកអាស៊ានទាំងដប់។
លោកឆាំង យុ គិតថានេះគឺជាមេរៀនដ៏ល្អបំផុតសម្រាប់ការអប់រំយុវជនអាស៊ានអំពីប្រវត្តិសាស្ដ្រនេះ។
«ប្រទេសមួយមានសង្គ្រាម មានអំពើប្រល័យពូជសាសន៍ក៏ប៉ះពាល់ដល់ប្រទេសអាស៊ានដទៃទៀតដែរ។ ខ្ញុំគិតថាប្រទេសខ្មែរយើងគួរប្រែក្លាយពីអ្នករងគ្រោះទៅជាអ្នកអប់រំអាស៊ានវិញ»។
នៅមិនទាន់មានការឆ្លើយតបពីប្រទេសភូមាដែលជាប្រធានអាស៊ានប្តូរវេននៅឡើយទេក៏ប៉ុន្តែជាគោលការណ៍អាស៊ានអាចនឹងយកគំនិតផ្តួចផ្តើមណាមួយទៅពិចារណាប្រសិនបើរដ្ឋាភិបាលនៃប្រទេសសាម៉ីគាំទ្រគំនិតផ្តួចផ្តើមនោះ។
លោកឆាំង យុ បញ្ជាក់ថារដ្ឋាភិបាលកម្ពុជាទំនងជាគាំទ្រការផ្តល់យោបល់របស់លោករួចហើយ។
លោកMuhsinin Dolisadaលេខាទី១នៃស្ថានទូតឥណ្ឌូណេស៊ី អធិប្បាយថានេះគឺជាគំនិតផ្តួចផ្តើមល្អមួយ។
«ខ្ញុំគិតថាគំនិតនេះមានសារៈសំខាន់និងជាគំនិតល្អមួយដើម្បីចែករំលែកបទពិសោធន៍អំពីការរំលោភសិទ្ធិមនុស្សក្នុងសម័យខ្មែរក្រហម»។
កាលពីពេលថ្មីៗ នេះសាលាក្តីខ្មែរក្រហមបានស្នើដល់ប្រទេសសក្តានុពលចំនួនប្រាំឲ្យចូលរួមវិភាគទានដល់ដំណើរការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម។
ក៏ប៉ុន្តែក្នុងចំណោមប្រទេសចំនួនប្រាំដែលទទួលបានសំណើនោះមានតែប្រទេសថៃនិងប្រទេសម៉ាឡេស៊ីទេដែលបានផ្តល់ថវិកាចំនួនជាង៧ម៉ឺនដុល្លាអាមេរិកខណៈដែលសាលាក្តីខ្មែរក្រហមត្រូវការថវិកាសម្រាប់ដំណើរការសរុបជាង៦០លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៤និងឆ្នាំ២០១៥។
លោកនេត្រ ភក្ត្រាអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានអធិប្បាយថាការផ្តល់ការសិក្សាដល់យុវជនអាស៊ានអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជាពិតជាមានសារៈសំខាន់។
«យើងគិតថារាល់ការស្រាវជ្រាវទាំងឡាយទៅលើឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងអតីតកាលពិតជាមានសារៈសំខាន់ហើយវានឹងផ្តល់សារៈសំខាន់ដល់មនុស្សជំនាន់ក្រោយដើម្បីចៀសវាងការប្រព្រឹត្តិនូវអំពើដែលបានកើតឡើងដែលបង្កវិនាសកម្មសម្រាប់ប្រទេស»។
ដោយឡែកលោកបណ្ឌិតឡៅ ម៉ុងហៃ មានប្រសាសន៍ដោយទុទិដ្ឋិនិយមដោយប្រៀបធៀបទៅនឹងនិន្នាការរបស់រដ្ឋាភិបាលកម្ពុជាទៅនឹងដំណើរការកាត់ទោសខ្មែរក្រហម។
«មេរៀនអ្វីបើយើងមានការលំបាកសឹងអីហើយរដ្ឋាភិបាលខ្មែរមិនឲ្យតុលាការធ្វើការដូចកិច្ចព្រមព្រាងជាមួយអង្គការសហប្រជាជាតិជាពិសេសការស៊ើបអង្កេតលើករណី០០៣និង០០៤»។
យ៉ាងណាក៏ដោយមន្ត្រីទូតជាច្រើនរបស់បណ្តាប្រទេសនៃសមាគមអាស៊ានដូចជាមន្ត្រីទូតប្រ៊ុយណេ ទូតហ្វ៊ីលីពីន សិង្ហបុរីនិងមន្ត្រីទូតម៉ាឡេស៊ីជាដើមបានបដិសេធផ្តល់សេចក្តីអត្ថាធិប្បាយលើចំណោទបញ្ហានៃសំណុំរឿងខ្មែរក្រហមនេះ៕