អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនឹងមកដល់ក្រុងភ្នំពេញនាថ្ងៃព្រហស្បតិ៍ខាងមុខ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាដែល VOA បានទទួល។
សេចក្តីប្រកាសព័ត៌មាន ដែលផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យ ឱ្យដឹងផងដែរថា ក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែកក្កដាខាងមុខ លោកង្វៀន ហ្វូជុង (Nguyen Phu Trong) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម គ្រោងនឹងចូលគាល់ព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី និងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនទៀតរួមទាំង ប្រធានព្រឹទ្ធសភាគឺលោក សាយ ឈុំ ប្រធានរដ្ឋសភាគឺលោក ហេង សំរិននិងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រោយជំនួបរវាងលោក ហ៊ុន សែន និង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ហ្វូជុង (Nguyen Phu Trong) ថ្នាក់ដឹកនាំទាំងពីរនឹងធ្វើជាអធិបតីក្នុងការចុះហត្ថលេខា «លើសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាម និងឯកសារមួយចំនួនទៀត»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានសរសេរក្នុងន័យដើមថា៖
«ក្នុងឆ្នាំ២០១៧ ជាឆ្នាំប្រារព្ធនូវខួបអនុស្សាវរីយ៍លើកទៅ៥០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមអគ្គលេខាធិការនឹងបញ្ជាក់ពីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងយូរលង់រវាងប្រទេសទាំងពីរ ដែលនឹងមានតួនាទីដ៏សំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ»។
ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងការបរទេសកម្ពុជាក៏បានបន្ថែមផងដែរថា លោក ង្វៀន ហ្វូជុង និងលោក សាយ ឈុំ ក៏នឹងចូលរួមសម្ពោធស្តូបអនុវស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុផងដែរ៕