ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នារី​ខ្មែរ ៣នាក់ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម


រូបឯកសារ៖ សន្តិសុខត្រូវបានបន្តឹងនៅមុខក្រសួងការបរទេស ជាកន្លែងដែលលោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងជួបជាមួយលោក ហោ ណាំហុងរដ្ឋមន្រ្តីការបរទេសកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ (នូវ ពៅលក្ខិណា/VOA)
រូបឯកសារ៖ សន្តិសុខត្រូវបានបន្តឹងនៅមុខក្រសួងការបរទេស ជាកន្លែងដែលលោក John Kerry រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងជួបជាមួយលោក ហោ ណាំហុងរដ្ឋមន្រ្តីការបរទេសកម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។ (នូវ ពៅលក្ខិណា/VOA)

បើ​យោង​តាមសេចក្ដី​ប្រកាស​របស់​ក្រសួង​ការបរទេស​នេះ មេខ្យល់​បម្រុង​នាំ​នារី​ខ្មែរ​រងគ្រោះ​ទាំង ៣ នាក់​នេះ ទៅ​រៀបការ​នៅ​ក្នុង​ប្រទេស​ចិន ដោយ​ឆ្លង​កាត់​តាម​ប្រទេស​វៀតណាម។

ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដោយ​មាន​ការ​សហការ​ពី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​នគរបាល​វៀតណាម បាន​ជួយ​សង្គ្រោះ​នារី​ខ្មែរ ៣ នាក់ ដែល​ត្រូវ​មេ​ខ្យល់​បម្រុង​នាំ​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន ដើម្បី​ជា​ថ្នូរ​នឹង​ប្រាក់។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង ចុះ​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ ២០១៧ នេះ។

សេចក្ដី​ប្រកាស​របស់​ក្រសួង​ការបរទេស​នេះ បាន​បញ្ជាក់​ក្នុង​ខ្លឹមសារ​ដើម​យ៉ាង​ដូច្នេះ​ថា៖ «ស្ថាន​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម កាលពី​ថ្ងៃ​ទី ១២ ខែ ឧសភា ឆ្នាំ ២០១៧ សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​នគរបាល​វៀតណាម បាន​អន្តរាគមន៍​ជួយ​នារី​ខ្មែរ​រងគ្រោះ​ចំនួន ៣ នាក់»។

ក្រសួង​ការបរទេស​កម្ពុជា​មិន​បាន​បញ្ជាក់​ឈ្មោះ​ពេញ​របស់​នារី​ខ្មែរ​ទាំង ៣ នាក់​នោះ​ទេ ដោយ​គ្រាន់តែ​បង្ហាញ​ឈ្មោះ​ជា​អក្សរ​កាត់​តែ​ប៉ុណ្ណោះ។ នារី​ទី​មួយ​មាន​អាយុ ២០ ឆ្នាំ មកពី​ស្រុក​ក្រូច​ឆ្មា ខេត្ត​កំពង់ចាម។ នារី​ទី​ពីរ​អាយុ ១៩ ឆ្នាំ មកពី​ស្រុក​ក្រូច​ឆ្មា ខេត្ត​កំពង់ចាម​ដែរ។ ចំណែក​ឯ​នារី​ទី​បី មាន​អាយុ ១៨ ឆ្នាំ មក​ពី​ស្រុក​អូរឫស្សី ខេត្ត​ក្រចេះ។

បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការបរទេស​ដដែល​នេះ មេខ្យល់​បម្រុង​នាំ​នារី​ខ្មែរ​រងគ្រោះ​ទាំង ៣ នាក់​នេះ ទៅ​រៀបការ​នៅ​ក្នុង​ប្រទេស​ចិន ដោយ​ឆ្លង​កាត់​តាម​ប្រទេស​វៀតណាម។

សេចក្ដី​ប្រកាស​នេះ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា៖ «នារី​ខ្មែរ​ទាំង ៣ នាក់ ត្រូវ​បាន​មេ​ខ្យល់​នាំ​ឆ្លង​ចូល​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី ២៨ ខែ​មេសា ឆ្នាំ ២០១៧ និង​បន្ត​ធ្វើ​ដំណើរ​តាម​ច្រក​ព្រំដែន​វៀតណាម-ចិន Mong Cai នៃ​ខេត្ត Quang Ninh បម្រុង​នាំ​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន នៅ​ប្រទេស​ចិន ជា​ថ្នូរ​នឹង​ប្រាក់​ចន្លោះ​ពី ១៥០០ ដុល្លារ ទៅ ២០០០ ដុល្លារ​អាមេរិក»។

លោក​ជុំ សន្ទរី បាន​បញ្ជាក់​បន្ថែម​នៅ​ក្នុង​សេចក្ដី​ប្រកាស​ដដែល​នោះ​ថា នា​ពេល​បច្ចុប្បន្ន​នេះ អង្គការ Blue Dragon Children's Foundation ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ផ្ដល់​ការ​ឧបត្ថម្ភ​ដល់​នារី​ខ្មែរ​រងគ្រោះ​ទាំង ៣ នាក់​នោះ ហើយ​ស្ថានទូត​កម្ពុជា នឹង​រៀបចំ​បែបបទ​បញ្ជូន​នារី​ទាំង​នោះ​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ដោយ​ធ្វើ​ការ​សហការ​ជាមួយ​នឹង​អង្គការ Blue Dragon Children's Foundation និង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​នគរបាល​វៀតណាម៕

XS
SM
MD
LG