ការប្រយុទ្ធឆ្លងព្រំដែនសាហាវបំផុតរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ចាប់ពីឆ្នាំ ២០១៤ មក បាននាំឱ្យមានមនុស្សស្លាប់និងត្រូវរបួសកាន់តែច្រើន ហើយបណ្តាលឱ្យអង្គការសហប្រជាជាតិព្រមានថា ជម្លោះនេះអាចកើនខ្លាំងជាងមុនទៅជា «សង្គ្រាមពេញទំហឹង»។
ការបាញ់រ៉ុក្កែតគ្មានឈប់ឈររវាងអ៊ីស្រាអែល និងក្រុមជនសកម្មប្រយុទ្ធហាម៉ាស (Hamas) ក្នុងតំបន់ហ្គាហ្សា (Gaza) បានបណ្តាលមកពីចលាចលកាលពីចុងសប្តាហ៍មុន នៅក្នុងបរិវេណវិហារឥស្លាម Al-Aqsa ដែលជាកន្លែងពិសិដ្ឋរបស់ក្រុមជនមូស្លីមនិងជ្វីហ្វ។
សេចក្តីសង្ឃឹមបានរសាយទៅចំពោះបទឈប់បាញ់គ្នាមួយក្នុងឱកាសបុណ្យស្រាយបួស Eid Al-Fitr នៃសាសនាឥស្លាម ដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា។
អ្នកសង្កេតការណ៍និយាយថា ឧប្បត្តិហេតុក្នុងខែរ៉ាម៉ាដន (Ramadan) ដែលជនមូស្លីមមិនបរិភោគអាហារពេលថ្ងៃ បានរួមចំណែកដល់កំណើនអរិភាព ដោយមានរួមបញ្ចូលក្រុមជនអ៊ីស្រាអែលស្តាំនិយម បាននាំគ្នាដើរក្បួនកាត់ផ្នែកខាងកើតនៃក្រុងហ្ស៊េរុយសាឡិម ការគំរាមកំហែងបណ្តេញគ្រួសារប៉ាឡេស្ទីនក្នុងសង្កាត់ Sheikh Jarrah ដោយពួកអ្នកតាំងលំនៅដ្ឋានជ្វីហ្វ និងការប៉ះទង្គិចគ្នារវាងប៉ូលិសអ៊ីស្រាអែលនិងក្រុមប៉ាឡេស្ទីន ក្នុងបរិវេណវិហារឥស្លាម Al-Aqsa។
សេចក្តីសម្រេចរបស់លោក Mahmoud Abbas មេដឹកនាំប៉ាឡេស្ទីន ក្នុងការលុបចោលការបោះឆ្នោតប៉ាឡេស្ទីន ដែលត្រូវបានកំណត់ធ្វើជាលើកដំបូងក្នុងពេល ១៥ ឆ្នាំ ក៏បានបង្កើនការតប់ប្រមល់ចិត្តដែរ។
ប្រទេសហ៊្សកដានីជាអ្នកថែទាំកន្លែងពិសិដ្ឋខាងសាសនារបស់ក្រុមជនមូស្លីម និងក្រុមគ្រិស្តសាសនិកក្នុងក្រុងហ្ស៊េរុយសាឡិម តាមរយៈសន្ធិសញ្ញាសន្តិភាពជាមួយអ៊ីស្រាអែល កាលពីឆ្នាំ ១៩៩៤។
លោក Ayman Safadi រដ្ឋមន្ត្រីការបរទេសហ៊្សកដានី ដែលបានស្ថិតក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីដើមសប្តាហ៍នេះ បានអំពាវនាវឱ្យមានការបន្ថយភាពតានតឹង។
លោក Safadi បាននិយាយថា៖ «យើងបាននិយាយនៅហ៊្សកដានីថា ក្រុងហ្ស៊េរុយសាឡិមជាចំណុចមិនអាចប៉ះពាល់បាន ហើយការធ្វើឱ្យមានសន្តិភាពនិងស្ថិរភាពក្នុងក្រុងនេះមានសារៈសំខាន់ណាស់។ នៅពេលនេះ គោលដៅយើង គឺត្រូវបញ្ឈប់កំណើនការប្រយុទ្ធគ្នា»។
លោក Marwan Muasher អតីតរដ្ឋមន្ត្រីការបរទេសហ៊្សកដានី បាននិយាយប្រាប់បណ្តាញទូរទស្សន៍ CNN ថា លោកមានទុទិ្ទដ្ឋិនិយមអំពីការណ៍នេះ។
លោក Muasher បានថ្លែងថា៖ «សព្វថ្ងៃនេះ គ្រាន់តែនៅផ្នែកខាងកើតនៃក្រុងហ្ស៊េរុយសាឡិមមានអ្នកតាំងលំនៅដ្ឋានជ្វីហ្វ ២៥០.០០០ នាក់។ នៅពេលលោកអ្នកនិយាយអំពីដំណោះស្រាយរដ្ឋពីរ តើលោកអ្នកបំបែកសហគមន៍ទាំងពីរនេះពីគ្នាបែបណា? បើសហគមន៍អន្តរជាតិពិតជាចង់រកដំណោះស្រាយនយោបាយមែន នោះការកាន់កាប់ដោយអ៊ីស្រាអែលត្រូវតែបញ្ឈប់។ យើងបានឃើញមានការផ្លាស់ប្តូរអាកប្បកិរិយារបស់ជនជាតិប៉ាឡេស្ទីនរួចទៅហើយ ចំពោះការទាមទារឱ្យមានសិទ្ធិស្មើគ្នាក្នុងតំបន់ដែលពួកគេរស់នៅ»។
លោក Labib Kamhawi អ្នកវិភាគហ៊្សកដានី បាននិយាយប្រាប់វីអូអេថា ក្រុមប៉ាឡេស្ទីនក្នុងក្រុងហ្ស៊េរុយសាឡិម បានទាញចំណាប់អារម្មណ៍អន្តរជាតិ ចំពោះស្ថានភាពពួកគេនៅក្រោយបញ្ហានេះមិនត្រូវបានអើពើដោយអតីតរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump កាលពីបួនឆ្នាំមុននេះ។ លោកប្រធានាធិបតី Joe Biden បានព្យាយាមផ្តោតការយកចិត្តទុកដាក់លើប្រទេសអ៊ីរ៉ង់ ប្រទេសចិន និងបញ្ហាអាកាសធាតុ តែក្រុមហាម៉ាស និងអ៊ីស្រាអែលបានបង្កើនភាពតានតឹង។
លោក Kamhawi បានថ្លែងថា៖ «នៅពេលនេះពួកអាមេរិកាំងនឹងត្រូវធ្វើអ្វីមួយ។ ក្រុមហាម៉ាសបានបាញ់មីស៊ីល ធ្វើឱ្យប្រែក្លាយស្ថានភាពឱ្យមានអំណយផលដល់លោក Natanayahu។ បើពុំដូច្នេះទេស្ថានភាពកន្លងមកអំណោយផល ជាងដល់ពួកប៉ាឡេស្ទីនក្នុងក្រុងហ្ស៊េរុយសាឡិម។ ខាងអាមេរិកាំងនឹងដាក់សម្ពាធលើអ៊ីស្រាអែលឱ្យធ្វើការសងសឹកយ៉ាងឆាប់រហ័សភ្លាមៗ រួចផ្អាកសកម្មភាពមួយរយៈរហូតដល់ពេលណាភាគីអាមេរិកបានប្រុងប្រៀបខ្លួនអាចបំពេញមុខនាទីសកម្មជាងមុនបាន»។
ទោះជារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបញ្ជូនលោក Hady Amr ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ឱ្យទៅជួបក្រុមមេដឹកនាំអ៊ីស្រាអែលនិងប៉ាឡេស្ទីនដើម្បីព្យាយាមបញ្ចប់អំពើហិង្សាក៏ដោយ ក៏អ្នកស្រី Sarah Yerkes នៃវិទ្យាស្ថានស្រាវជ្រាវ Carnegie Endowment for International Peace បានហៅឥទ្ធិពលអាមេរិកថា« មានកម្រិត ពីព្រោះអាមេរិកគ្មានមធ្យោបាយទាក់ទងដោយផ្ទាល់ជាមួយក្រុមហាម៉ាសទេ»។
អ្នកស្រី Yerkes បាននិយាយប្រាប់កាសែត The National ក្នុងក្រុងឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួមថា៖ «ក្រុមហាម៉ាសមានការខាតបង់តិចតួចណាស់ នៅពេលពួកគេបន្តសកម្មភាពគឃ្លើនរបស់ខ្លួន ហើយសហរដ្ឋអាមេរិកមិនទំនងជាបោះបង់ការគាំទ្ររបស់ពួកគេដល់អ៊ីស្រាអែលទេ»។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Benny Gantz បាននិយាយថា អ៊ីស្រាអែលនឹងមិនបញ្ឈប់កិច្ចប្រតិបត្តិការយោធារបស់ខ្លួនក្នុងតំបន់ហ្គាហ្សាទេ រហូតដល់មាន «ការស្ងាត់ស្ងៀមទាំងស្រុង»៕
ប្រែសម្រួលដោយ ឈឹម សុមេធ