ក្រុមសមាគមអន្តរជាតិចំនួនប្រាំបីដែលតំណាងឲ្យអ្នកបញ្ជាទិញផលិតផលសម្លៀកបំពាក់កាបូប និងស្បែកជើងពីប្រទេសកម្ពុជាបានបញ្ជាក់ជាថ្មីពីការបារម្ភរបស់ពួកគេចំពោះលទ្ធភាពនៃការណ៍ដែលប្រទេសកម្ពុជាអាចបាត់បង់ការគាំទ្រខាងពាណិជ្ជកម្ម ពីសហភាពអឺរ៉ុបក្រោមកម្មវិធី នៃឋានៈអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែសព្វាវុធ» ឬ Everything But Arms (EBA) និងការគាំទ្រខាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកតាមប្រព័ន្ធឋានៈអនុគ្រោះពន្ធទូទៅ ឬ Generalized System of Preference (GSP)។
ក្រុមសមាគមទាំងប្រាំបីដែលភាគច្រើនមកពីសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប ក្នុងនោះមាន American Apparel & Footwear Association និង Fair Wear Foundation ហើយនិង European Branded Clothing Alliance ក៏ដូចជា Federation of the European Sporting Goods Industry និង Social Accountability International បានអះអាងថា ការបាត់បង់ឋានៈអនុគ្រោះពន្ធ EBA និង GSP នេះ នឹងក្លាយជាការគំរាមកំហែងទៅលើឧស្សាហកម្មកាត់ដេររបស់ប្រទេសកម្ពុជា និងសេដ្ឋកិច្ចរបស់ប្រទេសនេះ។
លិខិតរបស់ក្រុមសមាគមទាំងប្រាំបី ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ បានបញ្ជាក់ឲ្យដឹងថា ក្នុងនាមជាអ្នកបញ្ជាទិញទំនិញធ្វើដំណើរ ស្បែកជើង និងសម្លៀកបំពាក់ជាលក្ខណៈអន្តរជាតិ «យើងកំពុងតែសរសេរបញ្ជាក់ពីការបារម្ភដែលចេះតែកើនឡើង ទាក់ទិនស្ថានភាពសិទ្ធិមនុស្ស និងការងារនៅប្រទេសកម្ពុជា ដែលគំរាមកំហែងកិច្ចអនុគ្រោះដល់ប្រទេសកម្ពុជា»។
លិខិតដដែលបានបន្តថា ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈ ដើម្បីពិនិត្យសើរើឡើងវិញអត្ថប្រយោជន៍ EBA របស់កម្ពុជា និងថ្មីៗនេះគឺការស្នើនូវបទបញ្ញត្តិនៅក្នុងសភាសហរដ្ឋអាមេរិក ដើម្បីពិនិត្យសើរើអត្ថប្រយោជន៍នៃប្រព័ន្ធឋានៈអនុគ្រោះពន្ធទូទៅ ឬហៅថា (GSP) ជាការវិវត្តមួយ ដ៏គួរឲ្យព្រួយបារម្ភ ទៅដល់ក្រុមហ៊ុន ដែលផ្តល់តម្លៃនៃប្រភពទំនិញចេញពី ប្រទេសកម្ពុជា។
លិខិតរបស់ក្រុមសមាគមទាំងប្រាំបីបានសរសេរក្នុងន័យដើមថា៖
«ការគំរាមកំហែងយ៉ាងជាក់ច្បាស់នៃការដកចេញពីអត្ថប្រយោជន៍បានមកពី EBA របស់សហភាពអឺរ៉ុប និង GSP របស់អាមេរិក នឹងធ្វើឲ្យឧស្សាហកម្មកម្ពុជាខូចខាត និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើពលរដ្ឋខ្មែររាប់លាននាក់ដែលធ្វើការក្នុងឧស្សាហកម្មនេះ។ ជាងនេះទៅទៀត វានឹងធ្វើឲ្យខាតបង់ការខិតខំនៃរដ្ឋាភិបាលរបស់អ្នក ដែលផ្តោតលើការអភិវឌ្ឍឧស្សាហកម្មមួយដែលជោគជ័យនេះ ដែលបាននាំមកនូវផលប្រយោជន៍ដ៏សម្បើមដល់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា»។
ក្រុមសមាគមបានបញ្ជាក់បន្ថែមទៀត ក្នុងន័យដើមថា៖
«ហេតុដូច្នេះហើយ យើងសុំទទូចម្តងទៀតឲ្យអ្នកដោះស្រាយកង្វល់នានា ដែលយើងបានបញ្ជាក់យ៉ាងលម្អិតនៅក្នុងលិខិតរបស់ពួកយើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឲ្យបានឆាប់ៗតាមតែអាចធ្វើទៅបាន។ យើងនឹងមានការពេញចិត្តចំពោះការឆ្លើយតប ដែលនឹងបញ្ជាក់ពីផែនទីបង្ហាញផ្លូវនៃការតាំងចិត្តផ្សាភ្ជាប់នឹងពេលវេលា ដែលនឹងដាក់ចេញនូវវិធានការបន្តបន្ទាប់ ដើម្បីដោះស្រាយកង្វល់ទាំងឡាយរបស់យើង។ ដូចដែលយើងបានពិភាក្សាជាមួយរដ្ឋមន្ត្រីរបស់អ្នកជាច្រើនរូបកាលពីខែតុលា យើងបានត្រៀមរួចជាស្រេច ដើម្បីធ្វើការជាមួយរដ្ឋាភិបាលរបស់អ្នក ដើម្បីដោះស្រាយបញ្ហាទាំងនេះ ដើម្បីធានាថា ម៉ាកអន្តរជាតិ និងអ្នកលក់រាយ នឹងបង្កើនការសម្លឹងមកកម្ពុជាថា ជាប្រភពទំនិញដ៏សំខាន់មួយ»។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ នេះ គណៈកម្មការសហភាពអឺរ៉ុប ប្រកាសចាប់ផ្តើមដំណើរការជាផ្លូវការដែលអាចឈានទៅដកហូតបណ្តោះអាសន្ននូវឋានៈអនុគ្រោះពន្ធពាណិជ្ជកម្មពីប្រទេសកម្ពុជា ដោយសារតែការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនិងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
សហគមន៍អឺរ៉ុប បានផ្តល់ហេតុផលនៃការផ្តើមដំណើរការនេះត្រួសៗថា ដោយសារកម្ពុជាមិនទាន់អាចដោះស្រាយបញ្ហាចម្បងៗមួយចំនួន ក្នុងនោះមានការច្រានចោលសិទ្ធិនយោបាយ សកម្មភាពរឹតបន្តឹងនានាទៅលើសង្គមស៊ីវិល សហជីព ការផ្តល់សេរីភាពសារព័ត៌មាន និងការដោះស្រាយបញ្ហាផ្តល់ដីសម្បទានសេដ្ឋកិច្ច ដែលផ្តោតជាពិសេសលើដីដែលប្រើប្រាស់សម្រាប់បម្រើដល់ការផលិតស្ករស។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយឯករាជ្យ មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា មិនអាចពន្យារពេល ក្នុងការកែប្រែស្ថានភាព ឲ្យស្របទៅតាមការចង់បានរបស់សហភាពអឺរ៉ុប ព្រោះការពន្យារពេលណាមួយនោះ អាចនឹងធ្វើឲ្យកម្ពុជាបាត់ឱកាសក្នុងការចរចាជាមួយសហភាពអឺរ៉ុបដើម្បីរក្សាទុកឋានៈអនុគ្រោះពន្ធ EBA។
អ្នកវិភាគរូបនេះ ផ្តល់ការពន្យល់ថា វាជាការប្រសើរសម្រាប់កម្ពុជា ដើម្បីរក្សាឲ្យបាន EBA។ លោកព្រមានថា បើបាត់បង់ EBA នោះកម្ពុជានឹងប្រឈមបញ្ហាជាច្រើនទៀត តួយ៉ាងដូចជាចំណាត់ការរបស់សហរដ្ឋអាមេរិក ដែលក៏នឹងអាចព្យួរកម្ពុជាចេញពីប្រព័ន្ធ GSP៖
«ការដក EBA ពីសហគមន៍អឺរ៉ុបនេះ វាមិនមែនតែ EBA មួយទេ វាពាក់ព័ន្ធនឹង នយោបាយការបរទេស នយោបាយការទូតយើង បើសិនបើ EBA បាត់ហ្នឹង អានយោបាយការទូតយើងហ្នឹងក៏វា វាបាត់បង់ដែរ បានន័យថា ការគាំទ្រពីលោកខាងលិច អឺរ៉ុប ហើយនិងអាមេរិកហ្នឹង វាអាចបាត់បង់។ ហើយបើសិនបើអឺរ៉ុបដក EBA ហ្នឹង អាមេរិកក៏វា វាពិចារណាដក GSP ដែរអត្រាអនុគ្រោះពន្ធហ្នឹងដែរ បើយើងគិតទៅវា ប៉ូលនយោបាយពីរសំខាន់ហ្នឹង គឺអាមេរិក ហើយនិងអឺរ៉ុប»។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មមួយរូបយល់ផ្ទុយពីយោបល់របស់លោក ឯម សុវណ្ណ៉ា។ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ VOA នៅថ្ងៃសុក្រនេះថា ប្រទេសកម្ពុជាមិនចង់បាត់បង់ឋានៈអនុគ្រោះពន្ធពីសហភាពអឺរ៉ុបនោះទេ តែបើបាត់ ក៏កម្ពុជានៅមានលទ្ធភាពរស់ដោយខ្លួនឯង ដោយហេតុថា កម្ពុជាបានផ្តើមធ្វើកំណែទម្រង់ជាច្រើន ដើម្បីប៉ះប៉ូវនឹងការបាត់បង់លក្ខណៈពិសេសនៃការនាំចេញទំនិញដោយមិនជាប់ពន្ធនេះ។
លោកបានលើកឡើងពីការកែទម្រង់ក្នុងក្រសួងពាណិជ្ជកម្ម ដែលរួមមានការលុបចោលវិញ្ញបនបត្របញ្ជាក់ប្រភពដើមទំនិញ (Certificate of Origin) ឬ CO ការដកមកវិញនូវមន្ត្រីកាំកុងត្រូលរបស់ក្រសួងពីតំបន់ព្រំដែន និងការចុះបញ្ជីឯកសារពាណិជ្ជកម្មផ្សេងទៀត តាមប្រព័ន្ធអនឡាញ ដែលកិច្ចការទាំងអស់នេះ នឹងបង្កើនលទ្ធភាពប្រកួតប្រជែងដល់ពាណិជ្ជករ។
«យើងបានធ្វើកិច្ចការទាំងអស់ហ្នឹង ដោយយើងគិតថា បើសិនជាវាមិនមាន ក៏យើងមានកម្លាំង មិនមាន EBA ក៏យើងមានកម្លាំងនឹងប្រកួតប្រជែងពីព្រោះ EBA មិនមែនបានន័យថា វាបិទមិនឲ្យយើងចូលគ្រាន់តែគេឲ្យយើងបង់ពន្ធ ដូច្នេះបើយើងធ្វើម៉េចឲ្យ អ្នករកស៊ីគាត់មានផលចំណេញ នៅតែនាំបានចឹងបាទ»។
ក៏ប៉ុន្តែ លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា អង្គការសង់ត្រាល់ (Central) យល់ថា បញ្ហានៃការបាត់បង់ឋានៈអនុគ្រោះពន្ធទាំងពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក មិនមែនជាបញ្ហា ដែលរដ្ឋាភិបាលបន្តការលាក់បាំងទៀតនោះទេ។ លោកថា រដ្ឋាភិបាលត្រូវតែទទួលស្គាល់ការពិតពីផលប៉ះពាល់ និងការគំរាមកំហែង ដល់ពាណិជ្ជកម្មសម្រាប់កម្ពុជា ទៅថ្ងៃអនាគត ហើយត្រូវចាត់វិធានការឲ្យបានជាក់លាក់ ដើម្បីដោះស្រាយ បញ្ហាពាក់ព័ន្ធទៅនឹងសិទ្ធិការងារ និងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
លោកបានបន្ថែមថា ក្រុមអង្គការសង្គមស៊ីវិល នៅបន្តលើកទឹកចិត្តឲ្យភាគីអ្នកនយោបាយ និងរដ្ឋាភិបាលខ្មែររកច្រក វាយបំបែកការជាប់គាំងខាងនយោបាយ ដែលលោកជឿថា មានទំនាក់ទំនងនឹងបញ្ហាប្រព័ន្ធឋានៈអនុគ្រោះពន្ធនេះ។
«យើងនៅតែលើកទឹកចិត្ត និងអំពាវនាវឲ្យរាជរដ្ឋាភិបាល ហើយនិងភាគីពាក់ព័ន្ធហ្នឹង ជាពិសេសគណបក្សនយោបាយហ្នឹងត្រូវតែព្យាយាម និងដោះស្រាយនូវរបៀបវារៈ ការជាប់គាំងនូវនយោបាយហ្នឹង ឲ្យកាន់តែឆាប់ ដើម្បីធានាយ៉ាងណាយើងអាចនៅតែរក្សានូវប្រព័ន្ធអនុគ្រោះពន្ធហ្នឹង ហើយរក្សាបាននូវស្ថិរភាព ទាំងនយោបាយ ពីព្រោះថា បើសិនជាអ្នកនយោបាយ មិនដោះស្រាយនូវបញ្ហាជាប់គាំងនយោបាយ នៅក្នុងបរិបទ នៅពេលបច្ចុប្បន្នហ្នឹងទេ យើងឃើញថា ដំណើរការ ពេលវេលា ដែលបានកំណត់ដោយសហភាពអឺរ៉ុបហ្នឹង វានឹងដើរទៅតាមពេលវេលាហ្នឹងហើយ»។
យោងតាមលិខិតរបស់ក្រុមសមាគមទាំងប្រាំបីដែលភាគច្រើនមកពីសហរដ្ឋអាមេរិក និងអឺរ៉ុប បានបញ្ជាក់ឲ្យដឹងថា ការលក់ទំនិញកាត់ដេរទៅអឺរ៉ុប និងសហរដ្ឋអាមេរិករួមគ្នានៅឆ្នាំ២០១៨ បានកើនដល់ ៨.៥០០លានដុល្លារសហរដ្ឋអាមេរិក ឬក៏ជាងមួយភាគបី (ឬ៣៨ភាគរយ) នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ជាងនេះទៅទៀតនោះ ទំនិញកាត់ដេរ ស្បែកជើង និងធ្វើដំណើរមានចំនួនស្មើនឹង ៨០ភាគរយនៃការចេញទំនិញសរុបរបស់កម្ពុជា៕