វេទិកាអន្តរជាតិសម្រាប់រដ្ឋាភិបាលនិងអភិបាលធនាគារកណ្តាលរបស់ប្រទេស១៩ និងសហភាពអឺរ៉ុបហៅថា G2020 បានរៃអង្កៀសប្រាក់បាន១,៩ពាន់លានដុល្លាររួចហើយនៅថ្ងៃសុក្រនេះ។ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រធានរបស់ G20 នៅពេលបច្ចុប្បន្ននេះ បានរួមវិភាគទាន៥០០លានដុល្លារ។
លោក Sherpa Fahad Almubarak នៃប្រទេសអារ៉ាប៊ីសាអូឌីត និយាយថា៖ «បញ្ហា ប្រឈមសាកលលោកទាមទារឲ្យមានដំណោះស្រាយជាសាកល ហើយនេះជាពេលវេលារបស់យើងដើម្បីជួយឧបត្ថម្ភបង្កើតថ្នាំវ៉ាក់សាំងចាកការពារនិងវិធានការព្យាបាលដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩»។
ចក្រភពអង់គ្លេស ប្រាប់ឲ្យដឹងថា ខ្លួនបានធ្វើការសាកល្បងថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណាលើមនុស្សលើកដំបូងនៅក្នុងតំបន់អឺរ៉ុប។
អ្នកស្ម័គ្រចិត្ត២នាក់ បានចាក់ថ្នាំវ៉ាក់សាំងសាកល្បងនោះកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងទីក្រុង Oxford ដែលនៅទីនោះក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យនោះ បានផលិតថ្នាំវ៉ាក់សាំងមិនដល់៣ខែផង។ ពួកអ្នកស្ម័គ្រចិត្តរាប់រយនាក់ផ្សេងទៀត នឹងត្រូវចាក់ថ្នាំវ៉ាក់សាំងសាកល្បងនោះ ហើយចំនួនដូចគ្នានៃស្ម័គ្រចិត្ត នឹងទទួលបានថ្នាំវ៉ាក់សាំងចាក់ការពាររោគរលាកស្រោមខួរដែលគេអាចធ្វើការប្រៀបធៀបលទ្ធផលនៃថ្នាំវ៉ាក់សាំងនោះ។ ពួកអ្នកស្ម័គ្រចិត្ត នឹងមិនដឹងថាតើថ្នាំវ៉ាក់សាំងមួយណាពួកគេចាក់នោះទេ។
ការសាកល្បងនោះផ្តល់ក្តីសង្ឃឹមថ្មីនៅពេលដែលឱសថ Antiviral បានបង្ហាញភាពគ្មានប្រសិទ្ធភាពប្រឆាំងនឹងមេរោគកូរ៉ូណា នៅលើអ្នកជំងឺនៅក្នុងប្រទេសចិន។Remdesivir ជាឱសថធ្វើឡើងដោយក្រុមហ៊ុន Gilead Science ដែលមានទីតាំងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មិនបានបង្ហាពីការមានប្រយោជន៍លើពួកអ្នកជំងឺកូវីដ១៩ដែរ។
សហរដ្ឋអាមេរិក បានធ្វើការសាកល្បងថ្នាំវ៉ាក់សាំងលើកដំបូងរបស់ខ្លួនកាលពីខែមីនា នៅក្នុងទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន។
ប្រទេសកាណាដា រុស្ស៊ី និង ប្រទេសផ្សេងទៀត ក៏កំពុងធ្វើការដើម្បីបង្កើតថ្នាំវ៉ាក់សាំងដែរ ក៏ប៉ុន្តែ ពួកអ្នកជំនាញ និយាយថា ទោះបីបានជោគជ័យនៅពេលឆាប់ៗក៏ដោយ ការផលិតនិងចែកចាយថ្នាំវ៉ាក់សាំងនោះ នឹងត្រូវចំណាយពេលយូរ៕