ក្រុមគ្រួសាររបស់សកម្មជនរាប់សិបនាក់ដែលត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ានិងបាតុករប្រឆាំងរដ្ឋប្រហារ បានប្រុងប្រៀបរៀបចំធ្វើពិធីបុណ្យសពនៅថ្ងៃអង្គារនេះ នៅក្នុងទីក្រុងរ៉ង់ហ្គូននិងទីកន្លែងផ្សេងទៀត បន្ទាប់ពីការដុតទៀនអស់ពេលមួយយប់ ដោយមិនស្តាប់បម្រាមគោចរ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានដកស្រង់សេចក្តីថ្លែងការណ៍របស់សមាគមជួយអ្នកទោសនយោបាយឬ AAPP មកចុះផ្សាយថា កងកម្លាំងសន្តិសុខ បានបាញ់សម្លាប់មនុស្សយ៉ាងតិចណាស់ក៏២០នាក់កាលពីថ្ងៃច័ន្ទ បន្ទាប់ពីសម្លាប់៧៤នាក់កាលពីថ្ងៃអាទិត្យ រួមមានមនុស្សជាច្រើននៅជាយក្រុងរ៉ង់ហ្គូន ជាទីដែលរោងចក្ររបស់ជនជាតិចិនបានត្រូវដុតកម្ទេចចោល។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres បានសម្តែងការរន្ធត់ពីអំពើហិង្សា ដ៏ខ្លាំងក្លានេះធ្វើឡើងដោយក្រុមយោធា ហើយបានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យជួយបញ្ចប់ការបង្ក្រាបនេះ។ នេះបើតាមអ្នកនាំពាក្យរបស់លោក។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា អង្គការសហប្រជាជាតិបានបញ្ជាក់កាលពីថ្ងៃច័ន្ទថា បាតុករយ៉ាងតិច ១៣៨នាក់ដែរ បានត្រូវសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈមក។ តួលេខនេះ រួមទាំងមនុស្ស ៣៨នាក់ដែលត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ ភាគច្រើននៅតំបន់ Hlaing Thayer នៃទីក្រុងរ៉ង់ហ្គូន។
ការប៉ាន់ស្មានដែលគួរឲ្យទុកចិត្តផ្សេងទៀតបានដាក់ចំនួនមនុស្សស្លាប់ច្រើនជាងនេះ។ សមាគម AAPP បានបញ្ជាក់ថា មនុស្សរហូតដល់ ១៨៣នាក់ បានត្រូវសម្លាប់ចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់អ្នកស្រី Aung San Suu Kyiមក៕