រដ្ឋាភិបាលចិនបានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញថា ខ្លួនមាន «ការបារម្ភជាខ្លាំង» អំពីសុវត្ថិភាពនៃពលរដ្ឋរបស់ខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរោងចក្ររបស់ចិនមួយចំនួនបានទទួលរងការវាយប្រហារ ស្របពេលដែលអាជ្ញាធរមីយ៉ាន់ម៉ាធ្វើការបង្រ្កាបដោយប្រល័យលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋប្រហារនៅក្នុងទីក្រុងរ៉ង់ហ្គូន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបានរាយការណ៍ថា រោងចក្រចិនចំនួន ៣២ កន្លែងនៅក្នុងទីក្រុងរ៉ង់ហ្គូនត្រូវបានវាយប្រហារកាលពីថ្ងៃអាទិត្យ ដោយបណ្តាលឲ្យមានការខូចខាតគិតជាទឹកប្រាក់សរុបអស់ប្រមាណ ៣៧ លានដុល្លារ និងធ្វើឲ្យបុគ្គលិកពីរនាក់រងរបួស ស្របពេលដែលអាជ្ញាធរមីយ៉ាន់ម៉ាធ្វើការបង្ក្រាបទៅលើក្រុមអ្នកតវ៉ាដោយធ្វើឲ្យអ្នកតវ៉ារាប់សិបនាក់បានស្លាប់។
ច្បាប់អាជ្ញាសឹកត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ក្នុងតំបន់ដែលមានរោងចក្រចិនទាំងនោះ។ ស្ថានទូតចិនក្នុងទីក្រុងរ៉ង់ហ្គូនបានចោទប្រកាន់ក្រុមបាតុករថាបានវាយប្រហារទៅលើរោងចក្ររបស់ខ្លួន។
អ្នកតវ៉ាជាច្រើននាក់ជឿថា ប្រទេសចិនបានគាំទ្រក្រុមយោធាមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី Aung San Suu Kyi កាលពីថ្ងៃទី ១ ខែកុម្ភៈមក។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានជំរុញឲ្យប្រទេសមីយ៉ាន់ម៉ាចាត់វិធានការឲ្យបានខ្លាំងក្លា «ដើម្បីបញ្ចៀសកុំឲ្យហេតុការណ៍ដូចនេះកើតឡើងជាថ្មីម្ដងទៀត»។
លោកបានបន្តថា ប្រទេសចិន «មានការបារម្ភជាខ្លាំងអំពីផលប៉ះពាល់លើសុវត្ថិភាពរបស់ស្ថាប័ននិងបុគ្គលិករបស់ខ្លួន។ ...សកម្មភាពរបស់ក្រុមមនុស្សក្រៅច្បាប់ទាំងនេះមិនបម្រើឲ្យផលប្រយោជន៍របស់ប្រទេសមីយ៉ាន់ម៉ានិងពលរដ្ឋមីយ៉ាន់ម៉ានោះទេ»។
លោក Zhao បានបន្ថែមថា នៅពេលនេះ កម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានពង្រឹងការគ្រប់គ្រងនៅក្នុងតំបន់ជុំវិញរោងចក្រទាំងនោះហើយ៕