រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោក Aung Pyae Sone និងអ្នកស្រី Khin Thiri Thet Mon ដែលជាកូនរបស់លោក Min Aung Hlaing មេបញ្ជាការយោធាមីយ៉ាន់ម៉ា។
ក្រសួងរតនាគារសហរដ្ឋអាមេរិក ដែលបានប្រកាសពីការដាក់ទណ្ឌកម្មនេះកាលពីថ្ងៃទី១០ ខែមីនា បានចោទប្រកាន់លោក Min Aung Hlaing ថាជា «តួអង្គដឹកនាំការផ្តួលរំលំរដ្ឋាភិបាលដែលបានឈ្នះឆ្នោតតាមបែបប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា»។
ក្រសួងរតនាគារបានសរសេរនៅក្នុងសេចក្តីប្រកាសព័ត៌មានថា «លោកAung Pyae Sone និងអ្នកស្រី Khin Thiri Thet Mon កាន់កាប់អាជីវកម្មជាច្រើន ដែលទទួលបានប្រយោជន៍ដោយផ្ទាល់ពីតួនាទីនិងឥទ្ធិពលអាក្រក់របស់ឪពុកពួកគេ»។
អ្នកទាំងពីរនឹងត្រូវរារាំងពីទ្រព្យសម្បត្តិ និងផលប្រយោជន៍ទាំងអស់លើទ្រព្យសម្បត្តិ «ដែលជាកម្មសិទ្ធិដោយប្រយោលឬដោយផ្ទាល់ដែលពួកគេមានភាគហ៊ុន៥០ភាគរយឬច្រើនជាងនេះ មិនថាពួកគេកាន់កាប់តែឯកឯងឬកាន់កាប់រួមជាមួយនឹងបុគ្គលផ្សេងទៀតដែលត្រូវបានហាមឃាត់ មិនថាស្ថិតនៅក្នុងសហរដ្ឋអាមេរិកឬជាកម្មសិទ្ធិឬគ្រប់គ្រងដោយជនជាតិអាមេរិកាំងក៏ដោយ។
សហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានការដោះលែងអ្នកស្រីអោងសាន ស៊ូជី មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ លោកប្រធានាធិបតី Win Myint ដែលត្រូវបានបណ្តេញពីតំណែង បាតុករ អ្នកសារព័ត៌មាន និងសកម្មជនសិទ្ធិមនុស្សដែលត្រូវបានឃុំខ្លួនយ៉ាងអយុត្តិធម៌ចាប់តាំងថ្ងៃទី១ ខែកុម្ភៈមក។
កាលពីខែមុនសហរដ្ឋអាមេរិកបានប្រកាសពីទណ្ឌកម្មលើរបបយោធាមីយ៉ាន់ម៉ា។ ចាប់ពីខែធ្នូ ឆ្នាំ២០១៧មក សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើអ្នកប្រព្រឹត្តអំពើឃោរឃៅលើជនរ៉ូហ៊ីងយ៉ា ដែលរួមមានលោកឧត្តមសេនីយ៍ Min Aung Hlaing និងលោកឧត្តមសេនីយ៍ Soe Win ដែលជាមេបញ្ជាការរងផងដែរ៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា