ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសថា លោកនិងលោកស្រី Melania ដែលជាភរិយារបស់លោក បានធ្វើតេស្តវិជ្ជមានថា បានឆ្លងវីរុសកូរ៉ូណាដែលបង្កជាជំងឺរលាកផ្លូវដង្ហើមកូវីដ១៩។
គេមិនទាន់ដឹងច្បាស់ភ្លាមៗនៅឡើយទេថា តើអ្នកទាំងពីរកំពុងមានរោគសញ្ញាអ្វីនៅឡើយ ទាក់ទិននឹងជំងឺកូវីដ១៩ ដែលជាជំងឺបណ្តាលមកពីវីរុសកូរ៉ូណានេះ។
លោកប្រធានាធិបតី Trump ដែលមានអាយុ ៧៤ ឆ្នាំ ត្រូវបានគេចាត់ទុកថា ស្ថិតក្នុងក្រុមអ្នកជំងឺដែលងាយគ្រោះថ្នាក់ខ្លាំងសម្រាប់ជំងឺកូវីដ១៩ ពីព្រោះតែអាយុនិងទម្ងន់របស់លោក។
ការប្រកាន់ខ្ជាប់ទៅនឹងពិធីការចត្តាឡីស័ក ឬស្ថិតនៅដាច់ដោយឡែកពីអ្នកដទៃ នឹងរារាំងលោកមិនឲ្យធ្វើដំណើររយៈពេល ២ សប្តាហ៍ ដែលរយៈពេលនេះនឹងហួសថ្ងៃកំណត់ ដែលលោកត្រូវជជែកដេញដោលជាលើកទី ២ ជាមួយនឹងលោក Joe Biden ដែលជាគូប្រជែងខាងគណបក្សប្រជាធិបតេយ្យ នៅថ្ងៃទី១៥ ខែតុលា ខាងមុខនេះ។ ថ្ងៃបោះឆ្នោតថ្នាក់ជាតិនៅសហរដ្ឋអាមេរិក នឹងធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា។
លោកប្រធានាធិបតី Trump និងភរិយារបស់លោក បានក្លាយជាអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមមនុស្សជាង៧ លាន ២ សែននាក់ទៀតនៅក្នុងសហរដ្ឋអាមេរិក ដែលបានឆ្លងជំងឺនេះ។ ជំងឺកូវីដ១៩ បានសម្លាប់មនុស្សជាង ២ សែននាក់ នៅក្នុងសហរដ្ឋអាមេរិក។
នៅជុំវិញពិភពលោក មនុស្សជាង ៣៤ លាននាក់បានឆ្លងជំងឺកូវីដ១៩ និងជាង ១ លាននាក់បានស្លាប់ដោយសារជំងឺនេះ។ នេះតាមសាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក ។
លោកប្រធានាធិបតីបានប្រកាសតាមបណ្តាញ Twitter កាលពីម៉ោងជិត ១ ព្រឹកថ្ងៃសុក្រថា លោកនិងភរិយារបស់លោក បានធ្វើតេស្តវិជ្ជមានថា បានឆ្លងជំងឺកូវីដ១៩។
បន្ទាប់ពីការប្រកាសនេះ លោកអនុប្រធានាធិបតី Mike Pence បានបង្ហោះសារតាម Twitter ថា៖ «លោកស្រី Karen ដែលជាភរិយារបស់ខ្ញុំនិងខ្ញុំ សូមផ្ញើនូវក្តីស្រឡាញ់និងការបន់ស្រន់ដល់លោកប្រធានាធិបតី Donald Trump និងលោកស្រី Melania Trump ដែលជាមិត្តភក្តិជាទីស្រឡាញ់របស់យើង»។
គេនៅមិនទាន់ដឹងពិតប្រាកដនៅឡើយថា តើលទ្ធផលតេស្តនឹងប៉ះពាល់សកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកប្រធានាធិបតីដែរឬទេ។ សម្រាប់ពេលនេះ លោកប្រធានាធិបតី Trump នឹងមិនធ្វើដំណើរទៅចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ឬពិធីរៃអង្គាសថវិកាទៀតទេ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pomepo បានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មានឡើងវិញ ដែលបានធ្វើដំណើរជាមួយលោក កាលពីថ្ងៃសុក្រម្សិលមិញទៅកាន់ប្រទេសក្រូអាស៊ីថា លោកមានសុខភាពល្អ ហើយមិនមានជំងឺកូវីដ១៩ទេ ដោយលោកនិយាយទៀតថា លោកបានធ្វើតេស្តជាប្រចាំ។
លោករដ្ឋមន្ត្រីការបរទេស Pompeo បាននិយាយទៀតថា៖ «យើងកំពុងបន់ស្រន់ឲ្យលោកប្រធានាធិបតីនិងលោកស្រីភរិយារបស់លោក បានជាសះស្បើយឡើងវិញឲ្យបានឆាប់រហ័ស»។
ផ្សារភាគហ៊ុនសាកលលោកបានធ្លាក់ចុះ ក្រោយមានព័ត៌មានថាលោក Trump បានឆ្លងវីរុសកូរ៉ូណា។
លោក Naoya Oshikubo សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Sumitomo Mitsui Trust Asset Managment ក្នុងទីក្រុងតូក្យូ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកមានការព្រួយបារម្ភថា លោក Trump នឹងមានភាពគគ្លើនកាន់តែខ្លាំងឡើងប្រឆាំងនឹងចិន បន្ទាប់ពីការឆ្លងវីរុសនោះមក។
លោក Oshikubo បាននិយាយទៀតថា «ខ្ញុំចាប់អារម្មណ៍ថា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnsons បានប្រឆាំងចិនកាន់តែខ្លាំងឡើង បន្ទាប់ពីលោកមានជំងឺកូវីដ១៩»។ វីរុសកូរ៉ូណាបានលេចចេញមុនដំបូងគេ នៅក្នុងប្រទេសចិន កាលពីចុងឆ្នាំ២០១៩។
លោកនាយករដ្ឋមន្ត្រី Johnson បានជាសះស្បើយពីជំងឺកូវីដ១៩ កាលពីប៉ុន្មានខែមុន។
លោក Joaquin Castro សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋតិចសាស បានសម្តែងនូវការព្រួយកង្វល់តាមសារ Twitter ថា៖ «វាមិនមែនគ្រាន់តែជាបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់លោកប្រធានាធិបតីទេ វាជាបញ្ហាសន្តិសុខជាតិ។ វីរុសនេះបានឆក់យកជីវិតមនុស្សជាង ២ សែននាក់នៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេល ៦ ខែកន្លងមកនេះ»។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ស្ថិតនៅក្នុងចំណោមមេដឹកនាំបរទេសមុនដំបូង ដែលជូនពរដល់លោក ត្រាំ និងភរិយារបស់លោកឲ្យឆាប់ជា។ លោក Modi បានសរសេរនៅលើបណ្តាញ Twitter ថា៖ «សូមជូនពរឲ្យមិត្តិភក្តិរបស់ខ្ញុំគឺប្រធានាធិបតី Donald Trump និងលោកស្រី Melania បានជាសះស្បើយឆាប់រហ័ស និងមានសុខភាពល្អ» ។
សារនោះត្រូវបានបន្ទរឡើង ដោយដោយអ្នករិះគន់ដ៏ខ្លាំងខ្លះរបស់លោកប្រធានាធិបតីដែរ ។
លោក Jesse Jackson មេដឹកនាំសិទ្ធិស៊ីវិលអាមេរិកាំង បាននិយាយនៅលើបណ្តាញTwitter ថា៖ «យើងសូមបន់ស្រន់ដោយស្មោះស្ម័គ្រឲ្យលោកប្រធានាធិបតីនិងលោកស្រី Melania មិនមានជំងឺដ៏អាក្រក់បំផុតនេះ។ យើងសូមបួងសួងឲ្យលោកប្រធានាធិបតីនិងភរិយារបស់លោក ឆាប់ជាសះស្បើយ។ យើងសូមបន់ស្រន់ដល់មនុស្សរាប់លាននាក់ទៀត ដែលរងផលប៉ះពាល់ដោយជំងឺនេះទោះបីមានជំនឿនិងនយោបាយអ្វីក៏ដោយ»៕
ប្រែសម្រួលដោយជឹង ប៉ូជីន