ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្ងៃសុក្រ​នេះ​ជា​ខួបទី ២ ​នៃ​ការ​បះបោរ​ប្រឆាំង​នៅ​វិមាន​សភា​អាមេរិក


រូបឯកសារ៖ ក្រុមអ្នកបះបោរប្រឆាំងនឹងការអនុម័តលើលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ បានប្រមូលផ្តុំគ្នាសម្រុកចូលដោយហិង្សាក្នុងវិមានសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១។
រូបឯកសារ៖ ក្រុមអ្នកបះបោរប្រឆាំងនឹងការអនុម័តលើលទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០ បានប្រមូលផ្តុំគ្នាសម្រុកចូលដោយហិង្សាក្នុងវិមានសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១។

ថ្ងៃសុកនេះ​គឺ​ជា​ខួប​លើក​ទី​ ២​ នៃការ​វាយប្រហារ​វិមាន​សភា​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​ ៦​ ខែ​មករា​ ឆ្នាំ​ ២០២១​ ដែល​ជា​ការ​បះបោរ​មួយ​ដោយ​ក្រុមអ្នកខឹង​សម្បារ​និង​ជា​អ្នក​គាំទ្រ​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Donald Trump ​ដែល​ប៉ុនប៉ងដើម្បី​រាំងខ្ទប់ការ​អនុម័ត​យល់​ព្រម​ក្នុង​ការ​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោតប្រធានាធិបតីអាមេរិក​ក្នុង​ឆ្នាំ​ ២០២០។

ក្រុម​សមាជិក​សភា​នៃ​គណបក្ស​ទាំង​ពីរ នឹង​ជួបជុំ​គ្នា​នៅ​លើ​កាំជណ្តើរ​ខាងមុខ​ផ្នែក​ខាង​កើតនៃ​អគារ​វិមាន​សភា​អាមេរិកនៅ​ព្រឹកថ្ងៃ​សុក្រ​នេះ​ ដើម្បីឧទ្ទិស​ដល់​មន្ត្រី​អាមេរិក​ ដែល​បាន​បាត់​បង់ជីវិត​ឬ​រង​របួស​ដោយ​សារ​ព្រឹត្តិការណ៍​នៃ​ការ​វាយប្រហារ​នៅ​ថ្ងៃ​នោះ។​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​ចូលរួម​ក្នុង​ពិធី​មួយនៅ​សេតវិមាន​នៅ​ថ្ងៃនេះ​ ផង​ដែរ​ ដោយផ្តល់​មេដាយពលរដ្ឋ​របស់​ប្រធានាធិបតី Presidential Citizens Medal ​ដល់​បុគ្គល​ឆ្នើម​ ១២ ​រូប​ ដែល​មន្ត្រី​សេតវិមាន​ម្នាក់​និយាយ​ថា​ ជា​អ្នក​ដែល​«បានចូលរួម​ចំណែក​ដ៏​សកម្មក្នុងលទ្ធិ​ប្រជាធិតេយ្យ​ ជុំវិញ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​ ៦​ មករា​ ឆ្នាំ​ ២០២១ ​នោះ»។

មេដាយ​ពលរដ្ឋ​របស់​ប្រធានាធិបតី​ គឺជា​រង្វាន់ដែល​ទទួល​ស្គាល់​ដល់​ពលរដ្ឋ​អាមេរិកាំង​ទាំង​ឡាយ​ណា ដែល​បានធ្វើសកម្មភាព​ដ៏​សំខាន់​បំផុត​ដល់​ប្រទេស​ជាតិ ឬ​ដល់​ពលរដ្ឋ​របស់​ខ្លួន។

ក្នុង​ចំណោម​អ្នក​ទទួលបាន​មេដាយ​ទាំង​នោះ​នៅ​ថ្ងៃ​សុក្រ​នេះ​ ក៏រួម​មាន​ផងដែរ ម្តាយ​និង​កូន​ស្រី​ ដែលត្រូវបាន​គំរាមកំហែង​នៅ​ពេល​កំពុង​បំពេញ​ការងារ​ជា​មន្ត្រីបោះឆ្នោតនៅ​ក្នុង​ស្រុក Fulton​ នៃ​រដ្ឋ​ Georgia​ មន្ត្រី​នៅ​វិមាន​សភា​អាមេរិក​ មន្ត្រី​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ មន្ត្រី​ប៉ូលិស​ សមាជិក​សភា និង​អតីត​មន្ត្រី​ស៊ីវិល​សហព័ន្ធ​ជាដើម។​

មេដាយ​មួយ​ទៀត​ ​ដែល​ជា​មេដាយ​បច្ឆមរណៈ​នោះ ក៏​នឹង​ត្រូវ​ផ្តល់​ជូន​ដល់អតីតមន្ត្រី​ប៉ូលិស​លោក​ Brian Sicknick ដែល​ជា​មន្ត្រី​ប៉ូលិស​ប្រចាំ​វិមាន​សភា​អាមេរិក​ ដែល​បាន​បាត់​បង់​ជីវិត ក្នុង​ការ​ការពារមន្ត្រី​ជាប់​ឆ្នោត​នានា​នៅ​ពេល​នោះ។ លោក​បាន​ស្លាប់កាល​ពី​ថ្ងៃទី ៧ ​មករា​ ឆ្នាំ​ ២០២១៕

XS
SM
MD
LG