គណៈកម្មាធិការសភាបានសម្រេចជាឯកច្ឆន្ទនៅថ្ងៃចន្ទនេះចោទប្រកាន់ លោក Donald Trump អតីតប្រធានាធិបតីសហរដ្ឋអាមេរិកពីបទល្មើសពាក់ព័ន្ធការវាយប្រហារវិមានសភាសហរដ្ឋអាមេរិកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ និងបញ្ជូនសំណុំរឿងទៅក្រសួងយុត្តិធម៌ដើម្បីបើកការស៊ើបអង្កេតព្រហ្មទណ្ឌ។
នេះជាលើកទី១ក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកដែលអតីតប្រធានាធិបតីរងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌពីស្ថាប័ននីតិបញ្ញត្តិ។
ដោយសំឡេង៩គាំទ្រនិងគ្មានសំឡេងប្រឆាំង គណៈកម្មាធិការនេះបានចោទប្រកាន់លោកTrump និងគូកនពីបទល្មើសចំនួន៤ក្នុងនោះមានការរារាំងដំណើរការផ្ទេរអំណាច ឃុបឃិតគៃបន្លំរដ្ឋាភិបាល ឃុបឃិតក្នុងការចេញសេចក្តីថ្លែងការណ៍ក្លែងក្លាយនិងអុចអាលជួយឱ្យមានការបះបោរ។
គណៈកម្មាធិការសភាបានស៊ើបអង្កេតករណីកុបកម្មនោះអំពីរបៀបដែលលោក Donald Trump ព្យាយាមនៅកាន់តំណែងនៅសេតវិមានមួយអាណត្តិទៀត បើទោះបីជាចាញ់លោក Joe Biden ពីគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតឆ្នាំ២០២០ក៏ដោយ។
គណៈកម្មាធិការពិសេសរបស់រដ្ឋសភាបានចំណាយពេលស៊ើបអង្កេតរយៈពេល ១៦ ខែដែលរួមបញ្ចូលការសម្ភាសជាមួយសាក្សីជាង ១.០០០ នាក់ ការពិនិត្យឯកសាររាប់ពាន់ទំព័រដែលទាក់ទងនឹងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៃការកាន់តំណែងរបស់លោក Trump ជាប្រធានាធិបតីរយៈពេល ៤ ឆ្នាំ និងសវនាការសាធារណៈចំនួន១០។
គណៈកម្មាធិការនេះមានសមាជិកគណបក្សប្រជាធិបតេយ្យប្រាំពីររូប និងពីររូបដែលប្រឆាំងនឹងលោក Trump មកពីគណបក្សសាធារណរដ្ឋ។
ការវាយតម្លៃរបស់គណៈកម្មាធិការនេះនិងការបញ្ជូនទៅក្រសួងមានលក្ខណៈជានិម្មិតរូបប៉ុណ្ណោះដោយក្រសួងយុត្តិធម៌អាចឬមិនអាចចាត់ការតាមនោះឡើយដោយសារតែឯករាជ្យភាពរបស់ស្ថាប័ននីតិប្រតិបត្តិពីស្ថាប័ននីតិបញ្ញត្តិ ប៉ុន្តែវាអាចផ្តល់កម្លាំងរុញច្រានដល់ការស៊ើបអង្កេតឧក្រិដ្ឋកម្មដែលកំពុងបន្តលើលោក Trump និងអ្នកផ្សេងទៀតដែលកំពុងត្រូវបានធ្វើឡើងដោយរដ្ឋអាជ្ញាពិសេស លោក Jack Smith ដែលស្ថិតនៅក្រោមការត្រួតពិនិត្យដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Merrick Garland និងរដ្ឋអាជ្ញានៅរដ្ឋ Georgia៕