សេរីភាពនៅប្រទេសកម្ពុជាមានការធ្លាក់ចុះជាខ្លាំង នៅមុនពេលបោះឆ្នោតមិនដល់មួយខែផង ហើយអ្នកដង្ហែញត្តិដែលសុំឲ្យដោះលែងអ្នកស្រី ទេព វន្នី និយាយថា វាមិនមែនជាសញ្ញាវិជ្ជមានសម្រាប់គណបក្សកាន់អំណាចនៅពេលបោះឆ្នោតនោះទេ។
សកម្មភាពប្រមូលផ្តុំ សេរីភាពធ្វើបាតុកម្ម និងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅរបស់កម្មករ អ្នករងគ្រោះនៃទំនាស់ដីធ្លី និងគណបក្សនយោបាយជាដើម មានសភាពទន់ខ្សោយខ្លាំង។
សកម្មភាពរបស់អ្នកភូមិបឹងកក់ ដែលធ្លាប់តែមានការដង្ហែក្បួនបាតុកម្ម មានគ្នាច្រើនរយនាក់ បានធ្លាក់មកនៅត្រឹមជាង១០នាក់ប៉ុណ្ណោះ នៅក្នុងការដង្ហែញត្តិទៅការិយាល័យសិទ្ធិមនុស្សអ.ស.ប. ស្ថានទូតជប៉ុន និងសហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ ដើម្បីសុំអន្តរាគមន៍ជួយឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី សកម្មជនការពារសិទ្ធិលំនៅដ្ឋាននៅតំបន់បឹងកក់ដែលជាប់ឃុំឃាំងប្រមាណ២៦០ថ្ងៃមកហើយនោះ។
លោក ចន្ទ ពុទ្ធិស័ក្តិ ដែលចូលរួមការដាក់ញត្តិនេះបាននិយាយថា ពលរដ្ឋកាត់បន្ថយយុទ្ធនាការមួយចំនួនដោយសារសកម្មភាពខ្លះ ត្រូវរដ្ឋាភិបាលចោទថា ជាបដិវត្តន៍ពណ៌ ដែលអាចប្រឈមនឹងបទចោទប្រកាន់ធ្ងន់ធ្ងរពីតុលាការ និងរដ្ឋាភិបាល។
បាតុកររូបនោះបន្ថែមប្រាប់ VOA ថា៖ «ប្រជាពលរដ្ឋឥឡូវហ្នឹង ខ្ញុំគិតថា តាមដែលខ្ញុំសង្កេតមើល គាត់ហាក់ដូចជាកំពុងទន្ទឹងរង់ចាំថ្ងៃបោះឆ្នោត»។
អ្នកដង្ហែញត្តិកាលពីថ្ងៃអង្គារនិយាយថា ប្រសិនបើពួកគាត់នៅមានសិទ្ធិទាមទារ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹង ហើយដោះស្រាយបញ្ហារបស់ពួកគាត់ នោះពួកគាត់អាចមានមនោសញ្ចេតនាជាមួយគណបក្សដែលដឹកនាំប្រទេសពីបាតដៃទទេនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីខួបទី១០ឆ្នាំនៃទិវាអតីតយុទ្ធជននៅរាជធានីភ្នំពេញ បានថ្លែងដូចពេលមុនៗថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលបានកសាងសន្តិភាព និងអភិវឌ្ឍប្រទេសកម្ពុជា។ ចំណែកឯគណបក្សផ្សេងៗបានបំផ្លាញការរស់រានរបស់ប្រជាជន។
លោកនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា៖
«សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងយល់។ ៣៨ឆ្នាំបានកន្លងផុត ជាមួយនឹងការខិតខំរបស់យើងទាំងអស់គ្នា។ ដូច្នេះការការពារសមិទ្ធផលមួយនេះ ដោយតម្លៃណាក៏ដោយ ត្រូវតែការពារឲ្យបាន។ ដូច្នេះគណបក្សប្រជាជនត្រូវតែឈ្នះគ្រប់ការបោះឆ្នោត»។
ទោះជាយ៉ាងណាក្តី អ្នកដង្ហែញត្តិសុំដោះលែងអ្នកស្រី ទេព វន្នី បានបង្ហាញការបាត់បង់ជំនឿលើរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារការរឹតបន្តឹងសេរីភាពប្រមូលផ្តុំនេះ។ស្ថានភាពនេះនឹងធ្វើឲ្យពួកគេពិចារណាក្នុងការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៤ខែមិថុនាខាងមុននេះ និងការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០១៨។
ក៏ប៉ុន្តែលោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹតនិងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា (Nicfec) និយាយថា ស្ថានភាពស្ងប់ស្ងាត់នេះ ជាអំណោយផលសម្រាប់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតនៅឆ្នាំ២០១៧ និង២០១៨។
លោក សំ គន្ធាមី ថ្លែងប្រាប់ VOA ថា៖ «កាលណាមានការតវ៉ាច្រើន សាធារណជនគាត់ចាប់អារម្មណ៍ច្រើន។ គាត់ចាប់អារម្មណ៍ច្រើន គាត់យករឿងការតវ៉ាទៅពិចារណា។ គាត់នឹងធ្វើការវិនិច្ឆ័យនៅពេលបោះឆ្នោត»។
ប៉ុន្តែលោកបន្តថា លទ្ធផលឆ្នោតរបស់គណបក្សសង្គ្រោះត្រូវពឹងផ្អែកសំខាន់ទៅលើកម្រិតនៃការឃោសនាយុទ្ធនាការបោះឆ្នោត ដែលចាប់ផ្តើមពីថ្ងៃទី២០ ខែឧសភានេះថា តើគណបក្សនេះហ៊ានឃោសនាដល់កម្រិតណា។
អ្នកដង្ហែញត្តិដែលមានគ្នាតិចតួច បានបង្ហាញការព្រួយបារម្ភថា តើគ.ជ.ប. នឹងធ្វើឲ្យការបោះឆ្នោតខាងមុខនេះត្រឹមត្រូវ យុត្តិធម៌ឬយ៉ាងណា។
លោក សំ គន្ធាមី មានសុទិដ្ឋិនិយមថា ការបោះឆ្នោតនៅអាណត្តិនេះនឹងមានការយកចិត្តទុកដាក់ពីអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ ច្រើនជាងការបោះឆ្នោតឆ្នាំ២០១៣។
លោក សំ គន្ធាមី ពន្យល់ថា៖ «តែគេចាប់អារម្មណ៍ គេឃ្លាំមើលច្រើនគ្នា ដំណើរការហ្នឹងប្រហែលជាប្រសើរឡើង មិនមានបញ្ហាច្រើនទេ»។
ដោយរំឭកដល់បាតុកម្មមុន និងក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដែលក្រោយមកមានការបង្ក្រាប បណ្តាលឲ្យកម្មករ៤នាក់ស្លាប់ និងបាត់ខ្លួនម្នាក់ក្នុងការទាមទារដំឡើងប្រាក់ខែនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមានថា លោកនឹងប្រើកងទ័ព បើមានបាតុកម្មប្រឆាំងលទ្ធផលនៃការបោះឆ្នោតនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨។
លោក ហ៊ុន សែន ព្រមានថា៖ «អ្នកឯងធ្វើសកម្មភាពច្រើនទីកន្លែងមិនឲ្យពលរដ្ឋចូលបោះឆ្នោត តែដើម្បីថ្នាក់ថ្នមសភាពការណ៍ យើងអត់ធ្មត់មិនធ្វើសកម្មភាព។ ប៉ុន្តែកុំភ្លេចថា ២០១៧ និង២០១៨ បើសកម្មភាពពួកអ្នកឯងរបៀបនេះ កម្លាំងប្រដាប់អាវុធត្រូវចេញបង្ក្រាបភ្លាម។ បើវាផ្ទុះសង្គ្រាមក៏ឲ្យវាផ្ទុះទៅចុះ!»។
ការដង្ហែញត្តិសុំអន្តរាគមន៍ដោះលែងអ្នកស្រី ទេព វន្នី ដែលជាប់ពន្ធនាគារជាលើកទី៣នោះ នឹងបន្តធ្វើនៅថ្ងៃសុក្រទី១២ខែមិថុនានេះ ទៅកាន់ស្ថានទូតនានា ដូចជាស្ថានទូតស.រ.អា. អូស្រ្តាលី បារាំងជាដើម។
ក៏ប៉ុន្តែការដង្ហែញត្តិនេះត្រូវគេរំពឹងថា នឹងមិនអាចមានទ្រង់ទ្រាយធំដូចសកម្មភាពរបស់សហគមន៍បឹងកក់កាលពីឆ្នាំ២០១៣នោះឡើយ៕