កាលពីព្រឹកថ្ងៃអង្គារនេះ អាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្តកោះកុង បានចុះទៅដល់ទីស្នាក់ការអង្គការចំនួនបីនៅក្នុងក្រុងខេមរភូមិន្ទកោះកុង ដើម្បីរុះរើទម្លាក់ស្លាកទាមទារឱ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សចំនួនប្រាំនាក់ និងសកម្មជនដីធ្លីម្នាក់ ដែលបានជាប់ឃុំឃាំង អស់រយៈជាងមួយឆ្នាំមកហើយ។
នៅម៉ោងប្រមាណ១០:៣០នាទីព្រឹកថ្ងៃអង្គារនេះ អាជ្ញាធរមានសមត្ថកិច្ចបានចុះទៅដល់ព្រមៗគ្នា ដល់អង្គការទាំងបី ដើម្បីទៅរុះរើស្លាកចេញដោយបង្ខំ ហើយមិនព្រមនិយាយចរចាអ្វីទាំងអស់។ នេះជាការបញ្ជាក់អះអាងពីសំណាក់ លោក ញៀប សំអឿន អ្នកសម្របសម្រួលប្រចាំខេត្តកោះកុង របស់អង្គការសិទ្ធិមនុស្សអាដហុក។
លោក សំអឿន បាននិយាយថា៖
«អ្វីដែលគាត់ធ្វើ វាហាក់បីដូចជារំលោភសិទ្ធិយើង ក្នុងនាមយើងជាអ្នកការពារសិទ្ធិមនុស្ស ដែលយើងចង់ចូលរួមសម្ដែងមតិ ដើម្បីឱ្យមានការដោះលែង ហ្នឹង រំលោភសិទ្ធិយើងខ្លាំងណាស់ ហើយយើងមិនដឹងថាគោលបំណងរបស់ពួកគាត់ហ្នឹងធ្វើយ៉ាងម៉េច ចំពោះអង្គការសង្គមស៊ីវិលយើងដែលយើងធ្វើការដើម្បីតែជួយប្រជាពលរដ្ឋក្រីក្រ»។
នៅផ្នែកខាងមុខអគារជាទីស្នាក់ការប្រចាំខេត្តកោះកុង របស់អង្គការលីកាដូ អង្គការអាដហុក និងអង្គការមាតាធម្មជាតិ មានដាក់តាំងរូបថតសកម្មជនសិទ្ធិមនុស្ស និងដីធ្លីប្រាំមួយនាក់ រួមមាន លោក នី ចរិយា លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និងអ្នកស្រី ទេព វន្នី ដែលបានជាប់ឃុំអស់រយៈពេលមួយឆ្នាំមកហើយ។
មន្ត្រីសិទ្ធិមនុស្សទាំងប្រាំរូបត្រូវបានជាប់ចោទពីបទសូកប៉ាន់សាក្សី និងសមគំនិត ឱ្យផ្ដល់សក្ខីកម្មក្លែងពីសំណាក់ស្ត្រីម្នាក់ដែលត្រូវបានគេបញ្ជាក់ថា ជានារីកំណាន់ចិត្តរបស់លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។ ឯអ្នកស្រី ទេព វន្នី ត្រូវបានតុលាការកាត់ទោសឱ្យជាប់គុកចំនួន១៨ខែពីបទកំហុសដែលពាក់ព័ន្ធនឹងការធ្វើបាតុកម្មក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី។
ករណីផ្លូវច្បាប់របស់អ្នកទាំងប្រាំមួយត្រូវបានអង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិមើលឃើញថាមានចរឹតនយោបាយ ហើយក៏មានការទាមទារតវ៉ាជាបន្តបន្ទាប់ រួមមានយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដែលសកម្មភាពទាមទារយុត្តិធម៌ទាំងអស់នេះ ជានិច្ចកាលតែងរងការបង្ក្រាប និងការរំខានពីអាជ្ញាធរ ដែលតែងដាក់ការសង្ស័យលើចលនាតវ៉ាទាំងនេះ។
យ៉ាងណាក៏ដោយ លោក ប៊ុន លើត អភិបាលខេត្តកោះកុង បាននិយាយថាការដាក់តាំងរូបថត ដែលបន្តោងលើអគារអង្គការទាំងបីនេះ មិនមានការអនុញ្ញាតពីអាជ្ញាធរនោះទេ ហើយលោកបញ្ជាក់ថាទឹកដីខេត្តកោះកុងមិនមែនជាទីកន្លែងដ៏សក្តិសមក្នុងការទាមទារដោះលែងមន្ត្រីសិទ្ធិមនុស្សទាំងនោះទេ។
លោកអភិបាលខេត្តរូបនេះ បានប្រាប់VOAតាមទូរស័ព្ទយ៉ាងខ្លីថា៖
«អាហ្នឹងយើងត្រូវតែមើលចេតនារបស់អ្នកធ្វើ។ រឿងហ្នឹងយើងគិតថា វាកើតនៅទីណា យើងធ្វើទីហ្នុង មិនមែនចេះតែធ្វើចលនាទូទាំងប្រទេស ធ្វើតាមអំពើចិត្តបានទេ»។
នៅពេលដែលVOAសួរអំពីមាត្រាច្បាប់ដែលអាជ្ញាធរខេត្តកោះកុង យកជាសំអាងក្នុងការរុះរើស្លាករូបថតពីខាងមុខទីស្នាក់ការអង្គការសង្គមស៊ីវិលទាំងបី លោកអភិបាលខេត្តបានឆ្លើយតបមកវិញថា «ខ្ញុំមិនមែនជាអ្នកច្បាប់ទេ»។
លោក ប៊ុន លើត បានបន្ថែមទៀតថា៖
«បាទយើងយកទៅដាក់នៅទីសាធារណៈ វាដូចមិនត្រូវ។ កន្លែងណាវាប្រព្រឹត្តទៅណា យើងទៅទាមទារនៅហ្នុង។ អត់មានធ្វើអីទេ យើងគ្រាន់តែតឿន ប្រាប់ថាយើងនៅទីសាធារណៈ យើងត្រូវតែមានការសុំ»។
លោក អំ សំអាត អ្នកគ្រប់គ្រងផ្នែកអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ បាននិយាយប្រាប់VOAថា លោកសម្ដែងការសោកស្ដាយចំពោះចំណាត់ការរបស់អាជ្ញាធរហើយថា បដាដែលត្រូវបានអាជ្ញាធរទាញទម្លាក់នេះ អង្គការបានដាក់នៅទីស្នាក់ការខេត្តកោះកុងរបស់ខ្លួនអស់ពីរខែកន្លងមកហើយ។
មន្ត្រីអង្គការសិទ្ធិមនុស្សរូបនេះបាននិយាយថា៖
«ស្នាក់ការលីកាដូ មិនមែនជាទីសាធារណៈទេ គឺជាកន្លែងឯកជនរបស់អង្គការ ហើយស្លាកហ្នឹងយើងអត់បានទៅលើកនៅទីសាធារណៈ តាមផ្លូវតាមអីដែលនាំឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់អីទេ គឺយើងលើកនៅនឹងទ្វាររបស់ស្នាក់ការយើង»។
ការអនុវត្តនីតិវិធីនេះជាការប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មានរបស់អង្គការ និងមហាជន ហើយអាចនាំឱ្យមហាជនមានការភ័ន្តច្រឡំមកលើទង្វើ និងចេតនារបស់អាជ្ញាធរ។ នេះបើតាមលោក អំ សំអាត ដែលបានបន្តថាអង្គការនឹងស្វះស្វែងរកការពន្យល់ពីអាជ្ញាធរអំពីបញ្ហារុះរើនេះ។
អង្គការលីកាដូ និងអង្គការអាដហុក បាននិយាយថាបុគ្គលិករបស់ខ្លួនដែលធ្វើការនៅទីស្នាក់ការខេត្តកោះកុង មិនបានស្ថិតនៅក្នុងទីស្នាក់ការទេ ពេលដែលកងកម្លាំងនគរបាលបានចុះទៅដល់ ដើម្បីអនុវត្តវិធានការនៃការរុះរើរូបថតដែលដាក់តាំងនៅខាងមុខទីស្នាក់ការអង្គការទាំងបីនោះទេ ហើយក៏គ្មានបុគ្គលិកណាម្នាក់នៃអង្គការទាំងនោះត្រូវបានឃាត់ខ្លួន ឬមានការប្រើហិង្សាណាមួយអំឡុងពេលរុះរើស្លាកទាំងនោះដែរ៕