ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​យុវជន​កោរសក់​ និង​ប្តូរ​ប្រូហ្វាល់​​​ហ្វេស​ប៊ុក​​ទាមទារ​ឱ្យ​ដោះលែង​ លោក កើត សារ៉ាយ


បុរសម្នាក់កំពុងមើលយុទ្ធនាការទាមទារឱ្យដោះលែង លោក កើត សារ៉ាយ នៅលើទូរស័ព្ទដៃ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
បុរសម្នាក់កំពុងមើលយុទ្ធនាការទាមទារឱ្យដោះលែង លោក កើត សារ៉ាយ នៅលើទូរស័ព្ទដៃ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

យុវជនមួយ​ចំនួនធ្វើ​យុទ្ធនាការ​កោរសក់​ និង​ប្តូរ​ប្រូហ្វាល់​ហ្វេស​ប៊ុក​(Facebook Profile)​ ដោយ​ដាក់​រូប​លោក កើត សារ៉ាយ ​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន កាលពី​ដើមខែ​មេសា​នេះ ដើម្បី​ទាមទារ​រក​យុត្តិ​ធម៌ និង​ដោះលែងលោក។

ក្រុម​យុវជន​ដែល​ចូលរួម​ធ្វើ​យុទ្ធនាការ​កោរសក់ និង​ដូរ​ប្រូហ្វាល់​នោះ ខ្លះ​ជា​អ្នក​សកម្ម​ខាង​បរិស្ថាន និង​ខ្លះទៀត សកម្ម​ក្នុង​រឿង​សង្គម។ ពួកគេ​បាន​បង្ហោះ​រូប​កោរសក់ និង​ខ្លះ​ប្តូរ​ប្រូហ្វាល់​ហ្វេស​ប៊ុក​របស់​ពួកគេ ​ដោយ​ដាក់​រូប​លោក កើត សារ៉ាយ​ និង​ភ្ជាប់​ជាមួយ​ពាក្យ «#FreeKoetSaray» «#JusticeForKoetSaray» ឬ «#ដោះលែងកើតសារ៉ាយ»។

យុទ្ធនាការ​របស់​ក្រុម​យុវជន​ទាំង​នោះ​ធ្វើ​ឡើង​ជា​បន្តបន្ទាប់ ក្រោយ​ពេល​ដែល​លោក កើត សារ៉ាយ ​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ចោទ​ប្រកាន់ពី​បទ ​«មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម​បន្ទាប់​ពី​ការផ្តន្ទា​ទោស​បទ​មជ្ឈិម» និង ​«ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»​ កាលពីថ្ងៃ​ទី​៦ ខែ​មេសា។

យុវជន​ទាំង​នោះចាត់ទុក​ការចាប់ខ្លួន និង​ចោទ​ប្រកាន់​លោក កើត សារ៉ាយ ថា​ជា​រឿង​អយុត្តិធម៌​ ដោយ​ពួកគេ​យល់​ថា លោក កើត សារ៉ាយ គ្រាន់តែ​ឈឺ​ឆ្អាល​អំពី​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ ​តាមរយៈ​ការ​បញ្ចេញ​មតិ​ជុំវិញ​ពលរដ្ឋរ​ត់​ភៀស​ខ្លួន​ចូល​ព្រៃ​ នៅ​ខេត្ត​ព្រះវិហារ​ ដើម្បី​ឱ្យ​អាជ្ញាធរ​ដឹង​ឮ និង​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​តែប៉ុណ្ណោះ។

កាលពី​ថ្ងៃ​ទី៧ ខែមេសា ​លោក យ៉ិត​ យុតយូ ​បាន​បង្ហោះ​រូបភាព​របស់​លោក​ជាមួយ​លោក កើត សារ៉ាយ ដោយ​ភ្ជាប់ជាមួយអក្សរថា ​៖ «ខ្ញុំសូម​កោរ​សក់​ជូន​បង កើត សារ៉ាយ» ​«ក្បាល​ត្រងោល​របស់ខ្ញុំ​គឺជា​គុណ​តម្លៃ​ដែល​ខ្ញុំ​គោរព​ជូន​លោក​បង​»​។

លោក យ៉ិត​ យុតយូ អាយុ​២៤ឆ្នាំ ​ប្រាប់​វីអូអេ​ថា លោក​បាន​ចាត់​ទុក​លោក កើត សារ៉ាយ​ ជា ​«វីរជន»​ ដោយសារ​ភាព​សកម្ម​ក្នុង​ការលើក​ឡើង​ពី​បញ្ហា​របស់​ប្រជា​ពលរដ្ឋ​។​ លោក​ថា លោក​ចង់​ឃើញយុត្តិធម៌​សម្រាប់​លោក កើត សារ៉ាយ និងថាការសម្រេច​ចិត្ត​កោរសក់ ដើម្បីសម្តែងការ​មិន​ពេញចិត្ត​ទាក់ទងនឹង​ការ​ចោទ​ប្រកាន់​នោះ​។ ​

លោក​រៀបរាប់​ថា៖ «​ការជ្រើស​រើស​មធ្យោបាយ កោរសក់​ជា​មធ្យោបាយ​ផ្ទាល់​ខ្លួន​របស់ខ្ញុំ​ ដើម្បី​រួម​ចំណែក​ទាមទារ​យុត្តិធម៌​សម្រាប់​អ្នក​ស្នេហា​ជាតិ​ សម្រាប់​អ្នក​ដែល​មើល​ឃើញ​ថា​រឿង​អយុត្តិធម៌ គួរតែ​ត្រូវ​បាន​ដោះស្រាយ ​ដូច្នេះ​ដើម្បី​រួម​ចំណែក​បង្ហាញ​ទៅ​សាធារណៈ​ជន​ថា​ រឿង​ហ្នឹង​មិនគួរដោះស្រាយតាមមធ្យោបាយ​ចាប់​ចង​ទេ»។​

មន្ត្រី​សម្រប​សម្រួល​គំរោង​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា(CYN) លោក អូត ឡាទីន ​ក៏បាន​ចូលរួមយុទ្ធនាការ​កោរ​សក់​នេះ​ផង​ដែរ។ ​លោក​សង្ឃឹម​ថា ​យុទ្ធនាគារ​នេះ​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល និង​តុលាការ​ បាន​ដឹង​ឮ និងឃើញ​អំពី​ការ​ចង់​បាន​របស់​ពលរដ្ឋ ​ដែល​ចង់ឱ្យ​សង្គម​មួយ​អាច​រស់នៅ​ប្រកប​ដោយសុខ​ដុមរមនា​ តាមរយៈ​ការ​ទទួល​យក​មតិ​ចម្រុះ​ និង​មតិផ្ទុយ​។

យុវត្តីម្នាក់​ដែល​តែង​តែ​ចូលរួម​ការងារ​សង្គម​ និង​បរិស្ថាន ​កញ្ញា ដាំ សុស្រីនាង បាន​ប្តូរ​ប្រូហ្វាល់​ហ្វេស​ប៊ុកដាក់​រូប​លោក កើត សារ៉ាយ ប្រាប់វីអូអេ​ថា ការ​ប្រូហ្វាល់​ហ្វេស​ប៊ុក​នេះ គឺ​ជា​ផ្នែក​មួយ​ក្នុង​ការតស៊ូ​មតិ​តាមប្រព័ន្ធ​អនឡាញ ដើម្បី​ទាមទារ​យុត្តិធម៌​ និង​ដោះលែងលោក កើត សារ៉ាយ​។

កញ្ញាលើកឡើង​ថា៖ ​«យុត្តិធម៌​សម្រាប់​បង កើត ​សារ៉ាយ គឺខ្ញុំ​ចង់​ឱ្យតុលាការ​ដោះលែង​គាត់​ឱ្យ​នៅ​ក្រៅឃុំ ហើយ​ស៊ើប​អង្កេត​ករណី​ហ្នឹង​ម្តងទៀត​»។​

ចំណែក​កញ្ញា​ ហេង គឹមសួ ​យុវតី​ម្នាក់​ទៀត​ដែល​មាន​ភាព​សកម្មលើ​បញ្ហាបរិស្ថាន​ដែរនោះ​ ក៏​បាន​ស្នើ​ឱ្យ​រដ្ឋា​ភិបាល និង​តុលាការ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ។ កញ្ញា​ថា ការ​ប្តូរ​ប្រូហ្វាល់​ដាក់​រូប​លោក ​កើត សារ៉ាយ​ គឺ​ដោយសារ​មិន​អាច​ឈរ​មើល​ភាព​អយុត្តិធម៌​នៃ​ចាប់ខ្លួន​អ្នក​ដែល​ហ៊ាន​និយាយ​ពី​បញ្ហា​សង្គម​។

កញ្ញា​បញ្ជាក់​ថា៖ «សម្រាប់ខ្ញុំ ​មូលហេតុដែល​ខ្ញុំ​បាន​ប្តូរ​ប្រូហ្វាល់​ដាក់​រូប​លោក ​កើត សារ៉ាយ​ នៅ​ពេល​ដែល​គាត់​ជាប់​ពន្ធនាគារ​ ពីព្រោះ​ខ្ញុំ​ចង់​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​លោក កើត សារ៉ាយ ​ចេញ​ពី​ពន្ធនាគារ​វិញ​ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ ​ពីព្រោះ​ថា​ការចុះ​ទៅ​ជួប​ពលរដ្ឋ​ដែល​ជា​ជនជាតិ​ខ្មែរ​ដូចគ្នា ​នៅ​ពេល​ដែល​ខ្មែរ​យើង​ដូចគ្នា​ជួបទុក្ខ​លំបាក ​វា​មិន​មែន​ជា​អំពើ​ខុស​ច្បាប់​នោះ​ទេ»។

​កញ្ញា​បាន​ចាត់​ទុក​ថាការ​ចាប់ខ្លួនលោក កើត​ សារ៉ាយ ដែល​បញ្ចេញ​មតិ​ជុំវិញ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះវិហារ​នេះ គឺ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ត្រង់​មាត្រា​៤១​ដែល​ចែង​ថា ពលរដ្ឋគ្រប់​រូប​មាន​មាន​សិទ្ធិ​សេរីភាពសម្តែង​មតិ​។ ​

កញ្ញា​បន្ត​ថា​៖ ​«​ដល់​ពេល​សម្តែង​មតិ​ គិតថា​រឿង​ខុស​ច្បាប់ ចាប់​ដាក់​គុក ដាក់​អី​នេះ ​គឺវា​មើល​ទៅ​វា​អត់​មាន​ចំណេញ​អី្វដល់​សង្គម​ជាតិ​សោះ ហើយ​វាក៏​បាន​បង្ហាញ​ពីការ​រំលោភ​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ផងដែរ​»​។

វីអូអេ​មិន​អាច​សុំ​ការអត្ថា​ធិប្បាយពី​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក សួស ​វិទ្យា​រ៉ាន់ឌី និង​លោក អ៊ី រិន្ទ ​បាន​នៅ​ឡើយទេ​។

លោក ប៉ែន​ បូណា​ អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជាប្រាប់​វីអូអេ​ជា​សារ​អក្សរ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​WhatsApp ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា៖ ​«​ប្រទេស​យើង​មាន​សេរីភាព​គ្រប់​បែប​យ៉ាង និង​យ៉ាង​ទូលំ​ទូលាយ កុំ​ឱ្យ​តែ​ធ្វើអ្វី​ខុស​ច្បាប់​។ បើ​មាន​បញ្ហា​ផ្លូវ​ច្បាប់ មាន​តែ​តុលាការ​ទេ​ដែល​ជា​អ្នក​កាត់ក្តី​។ ​គ្មាន​បុគ្គល​ណា ឬ​ស្ថាប័ន​ណា​ មក​សម្រេច​ជំនួស​តុលាការ​បាន​ឡើយ។ ​នេះគឺជា​គោល​ការណ៍​នីតិរដ្ឋ»​។

លោក កើត​ សារ៉ាយ ​ត្រូវ​បាន​អាជ្ញាធរ​ចម្រុះ​ ដែល​មាន​ទាំង​ស្លៀក​ពាក់​ស៊ីវិល ​និង​ឯក​សណ្ឋាន​ជាង​១០​នាក់ ​ចាប់ខ្លួន​នៅ​ទីស្នាក់​ការ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ និង​បាន​នាំ​ខ្លួន​ទៅ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ ​កាលពី​វេលា​ម៉ោង​ប្រមាណ​៤រសៀល ​ថ្ងៃ​ទី៥ ខែ​មេសា ​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ ​និង​បញ្ចេញ​មតិ​អំពី​វិវាទ​ដីធ្លី​នៅ​ឃុំ​ស្រយង់ និងឃុំ​ភ្នំ​ត្បែង​ពីរ ស្រុក​គូលែន ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃទី២១ ខែមីនា កន្លង​ទៅ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG