បារាំងបានចូលថ្ងៃទី២នៃការកាន់ទុកនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីការបង្ហូរឈាមនៅទីកន្លែងជាច្រើនកាលពីយប់ថ្ងៃសុក្រដែលបានធ្វើឡើងដោយក្រុមខ្មាន់កាំភ្លើង៣ក្រុម អ្នកខ្លះបានពាក់អាវកាក់អត្តឃាត។ មនុស្សយ៉ាងហោចណាស់ក៏១២៩នាក់ បានស្លាប់នៅក្នុងការវាយប្រហារដូចកម្រោលចូលនោះ។ មនុស្ស៣៥២នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការសម្លាប់នេះ រួមមាន៩៩នាក់បានស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោកប្រធានាធិបតីបារាំង Francois Hollande បានមានប្រសាសន៍ថា ការវាយប្រហារដែលបានអះអាងដោយក្រុមរដ្ឋឥស្លាមមានន័យថា ជាការធ្វើសង្គ្រាមប្រឆាំងប្រទេសរបស់លោក ហើយលោកប្រធានាធិបតីមានការបារម្ភថា ពួកភេរវជនអាចរៀបចំផែនការវាយប្រហារកាន់តែច្រើនឡើងទៀត។
នៅថ្ងៃនេះដែរ ប៉ូលិសបារាំងបានចាប់ខ្លួនមនុស្ស៦នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធទៅនឹងភេរវជនម្នាក់ដែលបានវាយប្រហារទីក្រុងប៉ារីសកាលពីយប់ថ្ងៃសុក្រ។ មន្ត្រីប៉ូលិសបាននិយាយនៅថ្ងៃអាទិត្យនេះថា ឪពុក បងប្អូនប្រុសនិងបងប្អូនស្រីថ្លៃរបស់ Omar Ismail Mostefai ស្ថិតក្នុងចំណោមមនុស្សដែលត្រូវចាប់ខ្លួនទាំងនោះ។
Mostefai គឺជាអ្នកវាយប្រហារម្នាក់ក្នុងចំណោមអ្នកវាយប្រហារ៧នាក់ដែលបានស្លាប់ក្នុងអំឡុងពេលនៃការវាយប្រហារដំណាលគ្នា។ លោក Francois Molins រដ្ឋអាជ្ញាបារាំងបានមានប្រសាសន៍ថា Mostefai ត្រូវបានប៉ូលិសស្គាល់ថា ជាឧក្រិដ្ឋជនកំប៉ិកកំប៉ុក ហើយមិនធ្លាប់បានទាក់ទិនក្នុងការស៊ើបអង្កេតរបស់ប៉ូលិសឬទាក់ទិនជាមួយអង្គការភេរវកម្មទេ។
ពួកអាជ្ញាធរបារាំងនិយាយថា លិខិតឆ្លងដែនស៊ីរី បានត្រូវគេរកឃើញនៅជាប់នឹងសាកសពរបស់អ្នកវាយប្រហារម្នាក់។ ការរកឃើញនេះកំពុងបង្កើនការសង្ស័យថា បុរសនោះអាចចូលមកអឺរ៉ុប ជាផ្នែកមួយនៃជនចំណាកស្រុកដ៏ច្រើនសន្ធឹកសន្ធាប់ដែលបានរត់គេចខ្លួនចេញពីសង្គ្រាមស៊ីវិលនៅស៊ីរី។
លោក Nikos Toskas រដ្ឋមន្រ្តីក្រសួងការពារពលរដ្ឋក្រិក បាននិយាយថា៖ «យើង បញ្ជាក់ថា អ្នកកាន់លិខិតឆ្លងដែនស៊ីរីនោះ បានឆ្លងកាត់កោះឡេរ៉ូសនៃប្រទេសក្រិកកាលពីថ្ងៃទី៣ ខែតុលា ដែលនៅទីនោះ ជននោះបានចុះឈ្មោះនៅក្រោមច្បាប់របស់សហភាពអឺរ៉ុប»។
នៅក្នុងព្រឹត្តិការណ៍មួយទៀត ប៉ូលិសបាននិយាយនៅថ្ងៃអាទិត្យនេះថា រថយន្តមួយគ្រឿងប្រើប្រាស់ដោយខ្មាន់កាំភ្លើងដែលបានបាញ់ប្រហារទៅលើមនុស្សនៅក្នុងភោជនីយដ្ឋានក្នុងអំឡុងនៃការវាយប្រហារ បានត្រូវគេរកឃើញនៅជាយក្រុងខាងកើតក្រុង Montreuil៕