នៅទូទាំងពិភពលោក ដំណឹងអំពីការវាយប្រហារភេរវកម្មនៅក្នុងក្រុងប៉ារីសនាំឱ្យមានប្រតិកម្មប្រកបដោយការរន្ធត់ និងការខឹងសម្បារ ហើយក្រុមមេដឹកនាំរដ្ឋាភិបាលជាច្រើនបានអំពាវនាវឱ្យមានការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងពួកជ្រុលនិយម។
សេចក្តីប្រកាសរបស់ពួករដ្ឋឥស្លាមដែលថាសមាជិករបស់ខ្លួនបានធ្វើការវាយប្រហារបង្ហូរឈាមទាំងនេះនាំឱ្យមានការថ្កោលទោសជាបន្ទាន់។
នៅក្នុងក្រុងឡុងដ៏ លោកនាយករដ្ឋមន្ត្រីអង់គ្លេសបានរិះគន់ពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមថាជា «ពួកឃាតករឃោរឃៅ និងគ្មានចិត្តមេត្តា» ហើយលោកបានមានប្រសាសន៍ថា ប្រទេសអង់គ្លេសនឹងបង្កើនការខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីកម្ចាត់ «មនោគមវិជ្ជាប្រកបដោយពិសពុល និងជ្រុលនិយមនេះ»។
លោក Cameron បានមានប្រសាសន៍ដូច្នេះនៅក្រោយការប្រជុំគណៈរដ្ឋមន្ត្រីភ្លាមៗមួយដែលបានប្តេជ្ញាគាំទ្រប្រទេសបារាំង។ លោកបាននិយាយថាលោករំពឹងថានឹងមានជនជាតិអង់គ្លេសមួយចំនួនបាត់បង់ជីវិតនៅក្នុងក្រុងប៉ារីស ក៏ប៉ុន្តែលោកបានមានប្រសាសន៍ដែរថាពួករដ្ឋឥស្លាមនឹងទទួលបរាជ័យ។
នៅឯវិមានវ៉ាទីកង់ សម្តេចប៉ាប Francis បានសម្តែងព្រះទ័យទុក្ខព្រួយយ៉ាងខ្លាំងហើយព្រះអង្គបានមានបន្ទូលថា «មិនអាចមានការបញ្ជាក់ថាត្រឹមត្រូវបានទេ ទោះជាខាងសាសនា ឬខាងមនុស្សធម៌ក៏ដោយ» ចំពោះការវាយប្រហារបែបនេះ។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានថ្កោលទោសឧប្បត្តិហេតុ «ព្រៃផ្សៃ» នៅក្នុងក្រុងប៉ារីសដោយមានប្រសាសន៍ធ្ងន់ៗថា «មនុស្សជាង១០០នាក់បានបាត់បង់ជីវិតនៅពេលពួកគេធ្វើអ្វីដែលពួកគេចូលចិត្ត ឬចំណាយពេលវេលានៅជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេ»៕