ប្រធានាធិបតីបារាំងលោក Emmanuel Macron បានរៀបចំជួបពិភាក្សាជាមួយនឹងមេដឹកនាំមកពីបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបនៅថ្ងៃចន្ទនេះអំពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន នៅចំពេលដែលសហរដ្ឋអាមេរិកផ្លាស់ប្ដូរវិធីសាស្ត្រចំពោះសង្គ្រាមនេះនិងចំពេលដែលមន្ត្រីអាមេរិកស្នើថាអឺរ៉ុបនឹងគ្មានតួនាទីនៅក្នុងការចរចាសន្តិភាព។
មេដឹកនាំមកពីចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ អេស្ប៉ាញ ហូឡង់ និងដាណឺម៉ាកស្ថិតក្នុងចំណោមមេដឹកនាំដែលត្រូវគេរំពឹងថានឹងចូលរួមនៅក្នុងកិច្ចប្រជុំនោះ។ អគ្គលេខាធិការអង្គការអូតង់លោក Mark Rutte ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa និងប្រធានគណៈកម្មការអឺរ៉ុបអ្នកស្រី Ursula von der Leyen ក៏គ្រោងនឹងចូលរួមនៅក្នុងកិច្ចប្រជុំនោះផងដែរ។
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្ដាមេដឹកនាំនៅអឺរ៉ុបបានប្ដេជ្ញាផ្ដល់ការគាំទ្រជាបន្តដល់អ៊ុយក្រែន។ ក្នុងចំណោមនោះក៏មាននាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Keir Starmer ផងដែរដែលបាននិយាយថារដ្ឋាភិបាលរបស់លោកបានត្រៀមរួចរាល់ដើម្បីបញ្ជូនទាហានទៅកាន់ប្រទេសអ៊ុយក្រែនជាផ្នែកមួយនៃកងកម្លាំងរក្សាសន្តិភាពណាមួយនៅក្រោយសង្គ្រាម។
លោក Starmer បាននិយាយថា ការសម្រេចឲ្យបាននូវសន្តិភាពយូរអង្វែងនៅអ៊ុយក្រែនគឺសំខាន់ដើម្បីរារាំងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនឲ្យធ្វើការឈ្លានពានបន្ថែមទៀត។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានធ្វើដំណើរទៅដល់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃចន្ទនេះដើម្បីចូលរួមកិច្ចប្រជុំមួយចំនួន ដែលក្នុងនោះរួមមានទាំងការប្រជុំអំពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនផងដែរដែលគ្រោងធ្វើឡើងជាមួយនឹងមន្ត្រីការទូតរុស្ស៊ីនៅថ្ងៃអង្គារស្អែក។ បេសកជនសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់មជ្ឈិមបូព៌ាលោក Steve Witkoff និងទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mike Waltz ក៏គ្រោងនឹងចូលរួមនៅក្នុងការពិភាក្សាទាំងនេះផងដែរ។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃចន្ទនេះថា គណៈប្រតិភូរុស្ស៊ីនឹងរួមមានផងដែរនូវរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និងលោក Yuri Ushakov ទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោក Putin៕
បារាំងរៀបចំកិច្ចប្រជុំជាមួយបណ្តាប្រទេសអឺរ៉ុបស្តីពីអ៊ុយក្រែន

វេទិកាបញ្ចេញមតិ