ពលរដ្ឋបារាំងបានបោះឆ្នោតជ្រើសរើសលោក Emmanuel Macron ជាប្រធានាធិបតីបារាំង ដែលបដិសេធនឹងការប្រឆាំងនឹងសហភាពអឺរ៉ុប និងគោលនយោបាយប្រឆាំងនឹងអន្តោប្រវេសន៍របស់លោកស្រី Marine Le Pen។
លទ្ធផលបឋមត្រូវបានបង្ហាញភ្លាមៗ បន្ទាប់ពីការបោះឆ្នោតបានបញ្ចប់ដោយលទ្ធផលបានបង្ហាញថា លោក Macron បានឈ្នះឆ្នោតដោយមានសំឡេងគាំទ្រ៦៥ភាគរយ ចំណែកឯលោកស្រី Le Pen ទទួលបានសំឡេងគាំទ្រ៣៤,៥ភាគរយ។
លោក Macron បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា៖ «ទំព័រនៃក្តីសង្ឃឹមថ្មីនិងភាពជឿជាក់សម្រាប់បារាំងចាប់ផ្តើមហើយ»។
ប៉ុន្មាននាទីបន្ទាប់ពីលទ្ធផលបឋមត្រូវបានចែកចាយ លោកស្រី Le Pen បានថ្លែងទៅកាន់អ្នកគាំទ្ររបស់លោកស្រីនៅឯភោជនីយដ្ឋានមួយនៅប៉ែកខាងកើតទីក្រុងប៉ារីសថា លោកស្រីបានទូរស័ព្ទទៅលោក Macron និងព្រមទទួលស្គាល់ថាខ្លួនចាញ់។
លោកស្រីបានមានប្រសាសន៍ថា៖ «ពលរដ្ឋបារាំងបានជ្រើសរើសយកប្រធានាធិបតីថ្មីម្នាក់។ ពួកគេបានបោះឆ្នោតគាំទ្រការបន្តធ្វើដូច្នេះទៀត។ ខ្ញុំបានទូរស័ព្ទទៅលោក Macron ដោយសារខ្ញុំគិតគូរដល់ផលប្រយោជន៍បារាំងខ្លាំងបំផុត ហើយខ្ញុំចង់ជូនពរលោក»។
ការស្ទង់មតិដែលបានបន្តដល់ថ្ងៃអាទិត្យ បានបង្ហាញថា លោក Macronនឹងឈ្នះការបោះឆ្នោតនេះជាមួយនឹងលទ្ធផលនាំមុខយ៉ាងខ្លាំងលើលោកស្រី Le Pen។ អ្នកគាំទ្រលោក Macron បាននាំគ្នាទៅទីធ្លាសារមន្ទីរ Louvre ដើម្បីសម្តែងក្តីរីករាយ និងសម្តែងការធូរចិត្ត៕