ជម្រើសរបស់ពួកគេមាន លោក Emmanuel Macron បេក្ខជនកណ្ដាលនិយម ដែលគាំទ្រការធ្វើពាណិជ្ជកម្ម និងគាំទ្រសហភាពអឺរ៉ុប និងលោកស្រី Marine Le Pen បេក្ខជនជាតិនិយម ដែលចង់ឲ្យបារាំងដកខ្លួនចេញពីសហភាពអឺរ៉ុប និងបញ្ចប់មួយភាគធំនៃការធ្វើអន្តោប្រវេសន៍ចូលប្រទេសបារាំង ជាពិសេសចំពោះបណ្ដាប្រទេសកាន់សាសនាអ៊ីស្លាម។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង បានក្លាយជាយុទ្ធនាការដ៏រញ្ជួយចិត្តមួយ ខណៈដែលប្រជាពលរដ្ឋបារាំងត្រូវសម្រេចចិត្តថាតើខ្លួនគួរតែ ស្ថិតនៅក្នុងដំណើរនៃសកលភាវូបនីយកម្ម ឬក៏ត្រួសត្រាយផ្លូវដើរចេញពីសហភាពអឺរ៉ុប ជាមួយការការពារព្រំដែនដ៏រឹងមាំ និងផ្ដោតលើកិច្ចការក្នុងប្រទេស ឲ្យស្របជាមួយការប្រែប្រួលនិន្នាការជាច្រើនក្នុងពិភពលោក។
លោកស្រី Marine Le Pen បេក្ខជនប្រធានាធិបតីបារាំងបាននិយាយថា៖ «ខ្ញុំគិតថា ខ្ញុំនៅក្នុងជំហរមួយដែលល្អបំផុត ក្នុងការនិយាយទៅកាន់ពិភពលោកដែលកំពុងតែឆ្ពោះទៅមុខ និយាយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Putin និយាយទៅកាន់ប្រធានាធិបតីអាមេរិក លោក Trump និយាយទៅកាន់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី May ពីអ្វីដែលលោកស្រី May ចង់និយាយ និងនិយាយទៅកាន់ប្រធានាធិបតីឥណ្ឌា លោក Modi ពីព្រោះប្រទេសទាំងនេះ តិច ឬច្រើនកំពុងតែចាកចេញពីមនោគមវិជ្ជាទីផ្សារសេរី ការប្រកួតប្រជែង និងការធ្វើឲ្យការគាំពារសង្គមទន់ខ្សោយ ដូច្នេះខ្ញុំមានអារម្មណ៍ថា ខ្ញុំមានទស្សនៈនយោបាយស្របជាមួយពួកគេ ជាជាងជាមួយទស្សនៈនយោបាយរបស់លោកស្រី Merkel»។
បេក្ខជនជាតិនិយម លោកស្រី Le Pen ទទួលបានចំណាត់ថ្នាក់ទី២ នៅក្នុងការបោះឆ្នោតជុំទី១ ប៉ុន្តែសង្ឃឹមថាការសន្យានឹងនាំយកការងាររោងចក្រត្រឡប់មកវិញ និងការបង្កើនអត្ថប្រយោជន៍សង្គមកិច្ចរបស់លោកស្រី នឹងយកឈ្នះគូរប្រជែងបាន។
ដូចគ្នាទៅនឹងការបោះឆ្នោតរបស់លោក Donald Trump អ្នកបោះឆ្នោតដែលមិនបានបញ្ចេញការពេញចិត្តរបស់ខ្លួនជាសាធារណៈ អាចនឹងធ្វើឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីលទ្ធផលនៃការស្ទង់មតិមកដល់ពេលនេះ ត្រូវបាននាំមុខយ៉ាងរឹងមាំ ដោយអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Emmanuel Macron។
លោក Emmanuel Macron បេក្ខជនប្រធានាធិបតី បារាំងបានលើកឡើងថា៖ «វាមិនមែនត្រឹមតែជាកេរ្តិ៍ដំណែលផ្នែកបញ្ញា នយោបាយ និងសីលធម៌ របស់ប្រទេសបារាំងនោះទេ ដែលកំពុងស្ថិតក្នុងគ្រោះថ្នាក់ ប៉ុន្តែអនាគតនៃសាមគ្គីភាពរបស់អឺរ៉ុប ការគ្រប់គ្រងវាសនារបស់អឺរ៉ុបដោយខ្លួនឯង និងអនាគតរបស់ពិភពលោកទាំងមូល ដែលយើងសម្រេចចិត្តចូលរួមចំណែក»។
អត្រាគ្មានការងារធ្វើដ៏ខ្ពស់បំផុតមួយក្នុងតំបន់អឺរ៉ុប និងការរងការវាយប្រហារផ្ទួនៗពីពួកភេរវករ បង្កឲ្យមានសំណួរដ៏ធំមួយ អំពីសកលភាវូបនីយកម្ម និងអ្វីដែលប្រជាពលរដ្ឋភាគច្រើនយល់ថាជាគោលនយោបាយបរាជ័យ។
លោកស្រី Le Pen ចង់លុបចោលប្រាក់អឺរ៉ូ។ អ្នកឆ្វេង និងអ្នកកណ្ដាលនិយមយល់ថាការសម្រេចរបស់លោកស្រី ជារឿងដ៏គ្រោះថ្នាក់។ នៅក្នុងវេទិកាជជែកដេញដោលចុងក្រោយរបស់បេក្ខជនប្រធានាធិបតី លោក Macron បាននិយាយថា លោកស្រី Le Pen អាចនឹងបង្កាត់ឲ្យមាន «សង្គ្រាមស៊ីវិល» ក្នុងប្រទេសបារាំង។
បញ្ហាប្រឈមធំបំផុតរបស់លោក Macron គឺការបញ្ចុះបញ្ចូលអ្នកបោះឆ្នោត ពីរឿងដែលលោកធ្លាប់ជាសមាជិកនៃរដ្ឋបាលគណបក្សសង្គមនិយម ដែលជាគណបក្សកាន់អំណាចក្នុងពេលបច្ចុប្បន្ន ហើយថាលោកនឹងមិននាំមកនូវអ្វីដដែលដូចគណបក្សសង្គមនិយមទេ។ សួរថា ហេតុអ្វីបានជាលោក នាំមុខក្នុងការបោះឆ្នោត?
លោក Partick Weil ប្រវត្តិវិទូ មួយរូបបានឆ្លើយនឹងសំណួរនេះថា៖ «ពីព្រោះលោកមានលទ្ធភាពបង្ហាញថាលោកគឺជាអ្នកក្រៅមួយរូប។ ក្នុងនាមជាបុគ្គលឯករាជ្យមួយរូបនៅក្នុងរដ្ឋបាលចាស់។ ហើយឥឡូវ តើបដិវត្តន៍នេះមានន័យយ៉ាងដូចម្ដេចនោះ យើងមិនទាន់ដឹងនៅឡើយទេ»។
ប្រទេសបារាំងស្ថិតក្នុងភាពបែកបាក់យ៉ាងស៊ីជម្រៅ ប្រហែលជាបែកបាក់ជាងពេលណាទាំងអស់នៅក្នុងប្រវត្តិសាស្ត្រក្រោយសង្គ្រាម។ មិនថា ការបោះឆ្នោតថ្ងៃអាទិត្យនេះនឹងធ្វើឲ្យមានការផ្លាស់ប្ដូរ ឬយ៉ាងណានោះទេ មានសំណួរសំខាន់មួយចោទសួរ ថាតើ ការផ្លាស់ប្ដូរកម្រិតណាដែលអ្នកបោះឆ្នោតរបស់បារាំងម្នាក់ចង់បាន៕
ប្រែសម្រួលដោយ សឿន វឌ្ឍនា