បារាំងកំពុងបង្កើនការចូលរួមរបស់ខ្លួននៅក្នុងការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមដោយបញ្ជូននាវាផ្ទុកយន្តហោះមានដាក់ទង់ជាតិរបស់ខ្លួនទៅកាន់តំបន់មជ្ឈឹមបូព៌ា បន្ទាប់ពីការវាយប្រហារភេរវកម្មដែលបានសម្លាប់មនុស្ស២០នាក់ រួមមានខ្មាន់កាំភ្លើង៣នាក់កាលពីសប្តាហ៍មុននៅក្នុងទីក្រុងប៉ារីស។
ពីនាវាផ្ទុកយន្តហោះឈ្មោះ Charles de Gaulle លោកប្រធានាធិបតីបារាំង Francois Hollande បានថ្កោលទោសការឆ្លើយតបដ៏យឺតយ៉ាវរបស់សហគមន៍អន្តរជាតិដល់ក្រុមជនសកម្មប្រយុទ្ធនៅពេលដែលក្រុមនេះបានកាន់កាប់ផ្នែកនានានៃប្រទេសស៊ីរីនិងប្រទេសអ៊ីរ៉ាក់។ លោកប្រធានាធិបតីបានប្រាប់កងទ័ពថាស្ថានភាពធ្វើឲ្យមានវត្តមានរបស់នាវានេះនៅក្នុងតំបន់នេះ។
ខ្មាន់កាំភ្លើងម្នាក់នៅក្នុងការវាយប្រហារទីក្រុងប៉ារីសបានអះអាងពីភាពស្មោះស្ម័គ្ររបស់ខ្លួនចំពោះក្រុមរដ្ឋអ៊ីស្លាម។
ការប្រកាសកើតមានឡើងបន្ទាប់ពីការបោះឆ្នោតរបស់សមាជិកសភាបារាំងកាលពីថ្ងៃអង្គារដើម្បីបន្តការចូលរួមខាងយោធារបស់បារាំងជាមួយសហរដ្ឋអាមេរិកហើយនិងប្រទេសផ្សេងៗទៀតនៅក្នុងយុទ្ធនាការតាមអាកាសប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។ បារាំងជាដៃគូមួយនៃដៃគូលើកដំបូងក្នុងក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិក។
សាខា al-Qaida នៅក្នុងប្រទេសយេម៉ែនបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារកាលពីសប្តាហ៍មុនទៅលើការិយាល័យរបស់ទស្សនាវដ្តីប្រចាំសប្តាហ៍បារាំង Charlie Hebdo ដោយនិយាយថា វាជាការសងសឹកសម្រាប់ព្យាការី Muhammad៕