បណ្តាញក្រុម al-Qaida នៅក្នុងប្រទេសយេម៉ែនបានអះអាងទទួលខុសត្រូវជាផ្លូវការ ចំពោះការវាយប្រហារកាលពីសប្តាហ៍មុនទៅលើការិយាល័យទស្សនាវដ្តីរូបត្លុកកំប្លែងបារាំងCharlie Hebdo ដោយនិយាយថាវាជា «សកម្មភាពសងសឹក» សម្រាប់ព្យាការី Muhammad។
ទស្សនាវដ្តី Charlie Hebdo ជារឿយៗបានបោះពុម្ភផ្សាយរូបត្លុកកំប្លែងប្រឆាំងសាសនា ហើយបានបោះពុម្ភផ្សាយជាច្រើនដងនូវរូបរបស់ព្យាការី ជាសកម្មភាពដែលអ្នកកាន់សាសនាអ៊ីស្លាមជាច្រើនចាត់ទុកថា ជាការប្រមាថមើលងាយសាសនា។
នៅថ្ងៃពុធនេះ ទស្សនាវដ្តីនេះបានចេញផ្សាយជាលើកតំបូងរបស់ខ្លួនចាប់តាំងពីការវាយប្រហារកាលពីសប្តាហ៍មុន ដោយបានបង្ហាញរូបត្លុកកំប្លែងព្យាការី Muhamed យំនៅលើក្របមុខទស្សនាវដ្តី រួមជាមួយពាក្យថា «ទាំងអស់ត្រូវបានលើកលែងទោស»។ ការចេញផ្សាយនេះបានលក់ដាច់អស់នៅទូទាំងប្រទេសបារាំង។
នៅក្នុងកាសែតវីដេអូដែលបានផ្សាយនៅលើប្រព័ន្ធ Internet នៅថ្ងៃពុធនេះ បុរសម្នាក់ឈ្មោះថា Nasr al-Ansi ដែលជាមេដឹកនាំកំពូលម្នាក់របស់ក្រុម al-Qaida ក្នុងឧបទ្វីបអារ៉ាប់ និយាយថា ក្រុមរបស់ខ្លួនបានរៀបចំផែនការនិងផ្តល់ហិរញ្ញវត្ថុក្នុងវាយប្រហារទស្សនាវដ្តី Charlie Hebdo ដែលបានសម្លាប់មនុស្ស១២នាក់។
ប៉ូលីសបារាំងបានសម្លាប់ Said និង Cherif Kouachi អ្នកវាយប្រហារការិយាល័យទស្សនាវដ្តី Charlie Hebdo កាលពីថ្ងៃសុក្រ នៅថ្ងៃតែមួយដែល Amedy Coulibaly សកម្មជនប្រយុទ្ធម្នាក់ទៀតដែលបានសម្លាប់ជនជាតិជ្វីស៤នាក់នៅឯហាងលក់គ្រឿងទេសសម្រាប់អាហារជនជាតិជ្វីសក្នុងភាគខាងកើតទីក្រុងប៉ារីស មុនពេលត្រូវប៉ូលីសសម្លាប់។ មួយថ្ងៃមុនការវាយប្រហារ Coulibaly បានសម្លាប់ប៉ូលីសស្រីម្នាក់។
មេដឹកនាំ al-Qaida យេម៉ែន និយាយថាប្រតិបត្តិការរបស់ Coulibaly មិនមែនជាផ្នែកមួយរបស់ក្រុម al-Qaida ទេ ហើយសកម្មភាពរបស់ជននោះគឺជាការគាប់ជួនតែប៉ុណ្ណោះ។
ក្នុងខណៈពេលនោះដែរDieudonne អ្នកកំប្លែងបារាំងត្រូវបានចាប់ខ្លួននៅថ្ងៃពុធនេះ ចំពោះការការពារភេរវកម្ម បន្ទាប់ពីចុះផ្សាយសេចក្តីថ្លែងការណ៍លើបណ្តាញព័ត៌មានសង្គម ដែលហាក់ដូចជាគាំទ្រក្រុមអ្នកវាយប្រហារកាលពីសប្តាហ៍មុន៕