អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងឡានមួយគ្រឿងបានសម្លាប់មនុស្សជាង១៤នាក់ដែលភាគច្រើនជាប៉ូលិស ហើយបានធ្វើឱ្យមនុស្សច្រើននាក់ទៀតត្រូវរបួសនៅក្នុងទីរួមខេត្តសំខាន់មួយក្នុងផ្នែកខាងត្បូងនៃប្រទេសអាហ្វហ្គានីស្ថាន តែប៉ុន្មានម៉ោងក្រោយពីពួកបះបោរតាលីបាន់ បានបើកធ្វើការវាយលុកធំមួយហើយបានជម្រុលចូលទៅក្នុងក្រុងនេះ។
គេបានរាយការណ៍ថា អ្នកដាក់គ្រាប់បែកនេះបានបើកឡានមួយគ្រឿងមានផ្ទុកគ្រឿងផ្ទុះសម្រុកចូលក្នុងមូលដ្ឋានប៉ូលិសមួយកន្លែងនៅក្នុងក្រុង Lashkar Gah ដែលជាក្រុងនៃខេត្ត Helmand ដែលជាខេត្តធំជាងគេក្នុងបណ្តាខេត្តទាំងអស់ ៣៤របស់ប្រទេសនេះ។
ពួកមន្ត្រីប៉ូលិសក្នុងមូលដ្ឋានបាននិយាយថា ពួកគេរំពឹងថាចំនួនមនុស្សស្លាប់នឹងមានកើនឡើងច្រើនថែមទៀត។
ការបំផ្ទុះគ្រាប់បែកនេះបានកើតមានឡើងក្នុងរយៈពេលខ្លីក្រោយពីពួកបះបោរតាលីបាន់ បានវាយលុកក្រុង Lashkar Gah ពីជ្រុងនានា ដោយជម្រុលចូលទៅក្នុងក្រុងនេះដែលពួកគេបានឡោមព័ទ្ធច្រើនសប្តាហ៍មកហើយ។
លោក Sediq Sediqqi អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់ពួកអ្នកកាសែតនៅក្នុងក្រុងកាប៊ុលថា ពួកតាលីបាន់ បានបើកធ្វើការវាយប្រហារធំមួយលើប៉ុស្តិ៍សន្តិសុខជួរមុខនៅក្នុងទីរួមខេត្តនោះ ហើយថាកំពុងមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង ក៏ប៉ុន្តែលោកបានបង្ហាញការទុកចិត្កតថា កងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថាន នឹងវាយរុញច្រានពួកបះបោរក្នុងពេលឆាប់ៗនេះ៕