នៅក្នុងការឆ្លើយតបជាសាធារណៈលម្អិតជាលើកដំបូងចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តកាលពីថ្ងៃទី៣០ ខែសីហា ដែលបានសម្លាប់តែអ្នកដែលធ្វើការវាយប្រហារនោះ និងធ្វើឲ្យសន្តិសុខជនជាតិកៀហ្ស៊ីស៊ីស្ថានមួយចំនួនប៉ុណ្ណោះរងរបួសនៅស្ថានទូតចិន ក្នុងរដ្ឋធានីប៊ីស្កេក (Bishkek) ប្រទេសកៀហ្ស៊ីស៊ីស្ថាន អ្នកតំណាងរបស់សភាអ៊ុយហ្គ័រពិភពលោក (World Uyghur Congress) បានប្រាប់ VOA ថា ក្រុមរបស់លោកថ្កោលទោសចំពោះការវាយប្រហារនៅរដ្ឋធានីប៊ីស្កេកនោះ។
លោកនិយាយថា សភាអ៊ុយហ្គ័រពិភពលោកថ្កោលទោស «អំពើភេរវកម្មគ្រប់រូបភាព» រួមទាំងអ្វីដែលលោកបានសំដៅដល់ «ភេរវកម្មរបស់រដ្ឋាភិបាលចិន» ប្រឆាំងនឹងពលរដ្ឋខ្លួនផងដែរ។ លោក Omer Kanat អនុប្រធានសភាអ៊ុយហ្គ័រពិភពលោកប្រចាំនៅរដ្ឋវ៉ាស៊ីនតោន បាននិយាយសំដៅដល់ការបង្រ្កាបរបស់រដ្ឋាភិបាលចិនទៅលើយុទ្ធជនអ៊ុយហ្គ័រ ដែលរដ្ឋាភិបាលក្រុងប៉េកាំងបានចោទប្រកាន់ចំពោះការវាយប្រហារដ៏ប្រល័យមួយចំនួនទៅលើជនស៊ីវិលនៅទូទាំងប្រទេស និងចំពោះអំពើហិង្សាសាសនារវាងក្រុមអ៊ុយហ្គ័រ និងក្រុមជនជាតិចិន ហាន (Han) នៅក្នុងតំបន់ Xinjiang ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
លោក Kanat បាននិយាយថា លោករំពឹងថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងប្រើប្រាស់ការវាយប្រហារនៅក្រុងប៊ីស្កេកជាលេសមួយដើម្បីគាំទ្រដល់អ្វីដែលលោកហៅថា ការបង្រ្កាបដែលចេះតែបន្តទៅលើជនជាតិអ៊ុយហ្គ័រ ដែលភាគច្រើនជាជនមូស្លីមនិយាយភាសាតួកគីរស់នៅក្នុងតំបន់ Xinjiang និង«បន្តរឹតត្បិតសិទ្ធិវប្បធម៌ និងសាសនារបស់ពួកគេ»។ ជនជាតិអ៊ុយហ្គ័រភាគច្រើនចោទប្រកាន់អាជ្ញាធរចិនពីការធ្វើទុក្ខបុកម្នេញ និងធ្វើឲ្យពួកគេក្លាយជាជនជាតិភាគតិចនៅក្នុងទឹកដីរបស់ខ្លួនដោយការបង្កើតជម្រកជាច្រើនដល់ជនជាតិចិនហាន។ ចិនបាននិយាយថា ខ្លួនបានផ្តល់សិទ្ធិសេរីភាពជាច្រើនដល់ជនជាតិអ៊ុយហ្គ័រ។
ការស្វែងរកពិរុទ្ធជន
រដ្ឋាភិបាលកៀហ្ស៊ីស៊ីស្ថានកំណត់អត្តសញ្ញាណអ្នកដាក់គ្រាប់បែកនោះថាឈ្មោះ Zoir Khalimov អាយុ៣៣ឆ្នាំ កាន់លិខិតឆ្លងដែនតាហ្ស៊ីគីស្ថាន និងជាសមាជិករបស់ចលនាសាសនាឥស្លាមតួកគីខាងកើត (East Turkestan Islamic Movement) ឬហៅកាត់ជាភាសាអង់គ្លេសថា ចលនា ETIM ដែលជាក្រុមមួយស្វះស្វែងបំបែកតំបន់ Xinjiang ចេញពីប្រទេសចិន។ រដ្ឋាភិបាលក្រុងប៊ីស្កេកក៏បាននិយាយថា ខ្លួនជឿថា ការវាយប្រហារនេះត្រូវបានរៀបចំដោយយុទ្ធជនអ៊ុយហ្គ័រដែលកំពុងធ្វើការវាយប្រហារជាមួយនឹងក្រុមឥស្លាមជ្រុលនិយមនៅក្នុងប្រទេសស៊ីរី។
លោកស្រី Hua Chunying អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិននិយាយកាលពីថ្ងៃទី៧ ខែកញ្ញាថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងប្រកាន់ជំហរ «រឹងមាំ» ក្នុងការប្រយុទ្ធប្រឆាំងនឹងអ្វីដែលលោកស្រីហៅថា «ឧក្រិដ្ឋកម្មបង្ហូរឈាម» របស់ចលនា ETIM និងក្នុងការសហការជាមួយនឹងប្រទេសកៀហ្ស៊ីស៊ីស្ថាន និងប្រទេសដទៃទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។
លោក Kanat បាននិយាយថា ក្រុមរបស់លោកជឿថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួនក្នុងបណ្តាប្រទេសនៅតំបន់អាស៊ីកណ្តាលដូចជា កៀហ្ស៊ីស៊ីស្ថានដើម្បីដាក់សម្ពាធពួកគេឲ្យធ្វើទុក្ខបុកម្នេញក្នុងសហគមន៍អ៊ុយហ្គ័រផងដែរ។ របាយការណ៍របស់រដ្ឋាភិបាលកាណាដាកាលពីឆ្នាំ២០១២បានបង្ហាញថា យ៉ាងហោចណាស់ជនជាតិអ៊ុយហ្គ័រចំនួន ៥០.០០០នាក់កំពុងរស់នៅក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន ដែលមានចំនួនប្រមាណជាមួយភាគនៃប្រជាជនសរុបរបស់ប្រទេសនេះ។
យុទ្ធជនអ៊ុយហ្គ័រកម្រយកពលរដ្ឋចិន ឬបេសកកជនការទូតនៅក្រៅប្រទេសជាគោលដៅនៃការវាយប្រហារណាស់៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ