ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមគ្រួសារ​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ​រង​ការបង្ក្រាប គ្រា​ដែល​ពួកគេ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពីចក្រភព​អង់គ្លេស


កង​សន្តិសុខខណ្ឌ៧មករា​ក្នុងទីក្រុងភ្នំពេញ​ ចាប់អូស​ទាញអ្នក​តវ៉ា​ចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)
កង​សន្តិសុខខណ្ឌ៧មករា​ក្នុងទីក្រុងភ្នំពេញ​ ចាប់អូស​ទាញអ្នក​តវ៉ា​ចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។ (ហ៊ុល​ រស្មី/វីអូអេ)

ស្ថានទូត​ចក្រភព​អង់គ្លេស​មិន​ទាន់​ឆ្លើយ​តប​សំណួរ​របស់​វីអូអេ​ ដែល​បាន​ផ្ញើ​តាម​សារ​អេឡិចត្រូនិក​អ៊ីម៉េល​នៅ​ថ្ងៃ​សុក្រ​នេះ​ទេ។​

កូន​ប្រពន្ធ​ និង​អ្នក​គាំទ្រ​របស់​សកម្មជន​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​៤០​នាក់​ នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ចេញ​មក​តវ៉ា​ជា​ថ្មី​ទៀត​ នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​ និង​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​សកម្មជន​ចំនួន​១៥​នាក់​របស់​គណបក្ស​ប្រឆាំង​នេះ​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ក្នុង​ទី​ក្រុង​ភ្នំពេញ។​

ក្រុម​សកម្មជន​ដែល​ភាគច្រើន​ជា​អតីត​ក្រុម​ប្រឹក្សា​ និង​មន្ត្រី​ថ្នាក់​ឃុំសង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១៥​នាក់ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​ជាច្រើន​ករណី ​និង​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ដោយសារ​ការ​អត្ថាធិប្បាយ​ និង​ចែក​រំលែក​ព័ត៌មាន​ទាក់ទិន​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស ​និង​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ១៩​ និង​គម្រោង​របស់​លោក ​សម រង្ស៊ី ​អតីត​មេបក្ស​ប្រឆាំង ​ដែល​ប៉ុនប៉ង​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩។​

នៅ​ក្នុង​ការ​តវ៉ា​លើក​ទី​ប្រាំមួយ​នេះ​ ក្រុម​អ្នក​តវ៉ា​ បាន​រង​ការ​បង្ក្រាប​ពី​កង​សន្តិសុខ​ខណ្ឌ៧​មករា​ ដែល​មាន​គ្នា​ជិត​២០​នាក់ នៅ​ពេល​ក្រុម​អ្នក​តវ៉ា​ដែល​សុទ្ធ​តែ​ជា​ស្ត្រី​ បាន​ឆ្លង​ផ្លូវ​ពី​មុខ​របង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ ទៅ​អង្គុយ​ ដេក​ដួល​ និង​ឈរ​តវ៉ា​នៅ​មុខ​ច្រក​ទា្វរ​ចូល​តុលាការ​ក្រុង​ភ្នំពេញ​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​សាច់ញាតិ​របស់​ពួក​គាត់។ កង​សន្តិសុខ​សណ្តាប់​ធ្នាប់​ខណ្ឌ​៧​មករា​ បាន​ចាប់​អូស​ទាញ​ក្រុម​អ្នក​តវ៉ា​ បង្ក​ឲ្យ​អ្នក​តវ៉ា​មួយ​ចំនួន​ដាច់​រលាត់​ស្បែក​លើ​ខ្នង​ដៃ។ អ្នក​តវ៉ា​មួយ​ចំនួន​ ក៏​ត្រូវ​កង​សន្តិសុខ ​ចាប់​លើក​សែង​ចេញ​ពី​មុខ​ច្រក​ទ្វារ​តុលាការ​ក្រុង​ភ្នំពេញ​ យក​ទៅ​ដាក់​នៅ​មុខ​របង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​វិញ។​

អ្នកស្រី ​នួន នឿន​ រងរបួស​នៅខ្នងដៃស្តាំ បន្ទាប់ពីត្រូវ​បាន​អូសទាញ​ដោយកងសន្តិសុខខណ្ឌ៧មករា​ក្នុងទីក្រុងភ្នំពេញចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។​ (ហ៊ុល​ រស្មី/វីអូអេ)
អ្នកស្រី ​នួន នឿន​ រងរបួស​នៅខ្នងដៃស្តាំ បន្ទាប់ពីត្រូវ​បាន​អូសទាញ​ដោយកងសន្តិសុខខណ្ឌ៧មករា​ក្នុងទីក្រុងភ្នំពេញចេញពី​ច្រកទ្វារ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។​ (ហ៊ុល​ រស្មី/វីអូអេ)

អ្នកស្រី​ នួន នឿន​ ជា​អ្នក​តវ៉ាទាម​ទារ​ឲ្យ​ដោះលែង​សកម្មជន​គណបក្ស​ប្រឆាំង​មួយ​រូប​នៅ​ខេត្ត​បាត់ដំបង​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​ បាន​ចាត់​ទុក​សកម្មភាព​បង្ក្រាប​របស់​កង​សន្តិសុខ​មក​លើ​ក្រុម​អ្នក​តវ៉ា​ថា​ ជា​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​មក​លើ​ស្ត្រី​ទន់​ខ្សោយ។ ​ខ្នង​ដៃ​ខាង​ស្តាំ​របស់​ស្ត្រី​អ្នក​តវ៉ា​រូប​នេះ​ បាន​រង​របួស​ស្រាល​ បន្ទាប់​ពី​ការ​អូស​ទាញ​របស់​ក្រុម​កង​សន្តិសុខ។​

«អាជ្ញាធរ​ស្រុក​ខ្មែរ​នេះ​ គាត់​ជា​អាជ្ញាធរ​បែប​ណា?​ ហេតុ​អី​ក៏​ព្រៃផ្សៃ​យ៉ាង​នេះ?​ ធ្វើ​បាប​តែ​ស្រ្តី​ទន់​ខ្សោយ​ គ្មាន​អាវុធ​ នៅ​ក្នុង​ដៃ​ ទាមទារ​តែ​ តែ​ឲ្យ​ដោះលែង​ អ្នក​ទោស​នយោបាយ​ប៉ុណ្ណឹង​សោះ។​ សួរ​ថា​ធ្ងន់​ប៉ុណ្ណា?​ ពិបាក​ប៉ុណ្ណា?​វា​ខុស​ច្បាប់​នូវ​មាត្រា​ណា?​ហេតុអី​ ក៏​ពួក​គាត់​មិន​ប្រាប់​ពួក​ខ្ញុំ?​ បាន​ចាំបាច់​មក​ធ្វើ​អូស​ទាញ​ពួក​ខ្ញុំ​យ៉ាង​នេះ?​ តើ​ស្រុក​ខ្មែរ​យើង​មាន​យុត្តិធម៌​ទេ?»​។

កញ្ញា ​ឡាយ រតនា​ អាយុ​២១​ឆ្នាំ ឈរនៅមុខ​សាលា​ដំបូង​រាជធានីភ្នំពេញ​ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។​ (ហ៊ុល​ រស្មី/វីអូអេ)
កញ្ញា ​ឡាយ រតនា​ អាយុ​២១​ឆ្នាំ ឈរនៅមុខ​សាលា​ដំបូង​រាជធានីភ្នំពេញ​ ថ្ងៃទី​២៤​ ខែកក្កដា​ ឆ្នាំ​២០២០។​ (ហ៊ុល​ រស្មី/វីអូអេ)

កញ្ញា​ ឡាយ រតនា​ អាយុ​២១​ឆ្នាំ​ កូនស្រី​បង្កើត​របស់​លោក ​ឡោះ​ ឆេងឡាយ​ អាយុ​៥៣​ឆ្នាំ​ អតីត​ប្រធាន​ប្រតិបត្តិ​ស្រុក​បវិល ​ខេត្ត​បាត់ដំបង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ​ បាន​ប្រាប់វីអូអេ​ នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថាឪពុក​របស់​កញ្ញា ​មិន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ណាមួយ​នោះ​ទេ ​ហើយ​ការ​ចាប់​ខ្លួន​ឪពុក​របស់​ខ្លួន​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ដីកា​តុលាការ​ផង​ដែរ។ ​កញ្ញា ​តវ៉ា​សុំ​ឲ្យ​តុលាការ​ដោះលែង​ឪពុក​របស់​នាង​ ដោយ​សារ​គាត់​ជា​បង្គោល​នៅ​ក្នុង​គ្រួសារ។​ កញ្ញា​ក៏​បារម្ភ​ថា ​ឪពុក​របស់​កញ្ញា​អាច​មាន​ជំងឺ​នៅ​ក្នុង​ពន្ធនាគារ។​

«ទៅ​ចាប់​គាត់​ហ្នឹង​គាត់​អត់​មាន​ទោស​អី​ទេ។​ នៅ​សុខៗ​ នៅ​ធ្វើ​តែ​ចម្ការ​សោះ​ សុខៗ​ទៅ​បើក​ឡាន​ ទៅ​ចាប់​គាត់​ហើយ​ក៏​គ្មាន​ដីកា​អី។ ​អត់​មាន​យក​អី​ទៅ!​ អត់មាន​ភស្តុតាង​អី​ទេ!​ សុខៗ​ទៅ​ចាប់​គាត់​ដាក់​ឡាន​មក​ហ្មង»។​

លោក​ អ៊ី រិន​ អ្នក​នាំពាក្យ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ។ ​ចំណែក​លោក ​លឹម សុភា​ អភិបាល​ខណ្ឌ៧​មករា​ ក៏​បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ ដោយ​និយាយ​ថា​ លោក​ជាប់​ប្រជុំ។​

«ខ្ញុំ​ជាប់​ប្រជុំ​បង! ​សុំទោស​បង!​ ហ្នឹង​ហើយ​ខ្ញុំ​សុំ​ជាប់​ប្រជុំ​ បង​ប្រជុំ»។​

លោក​ ឆាយ​ គឹមខឿន​ អ្នក​នាំពាក្យ​របស់​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ មាន​ប្រសាសន៍​ថា ​លោក​មិន​បាន​ឃើញ​ហេតុ​ការណ៍​រុញ​ច្រាន​រវាង​ក្រុម​អ្នក​តវ៉ា​ និង​កង​សន្តិសុខ​នោះ​ទេ។​ ក៏​ប៉ុន្តែ ​លោក​យល់​ឃើញ​ថា ​ការ​រុញ​ច្រាន​នេះ​ មិន​មែន​អំពើ​ហិង្សា​ទេ។​

«គ្រាន់​តែ​ទាញ​រុញ​វា​មិន​មែន​ប្រាកដ​ថា​ អំពើ​ហិង្សា​នោះ​ទេ​អូន! ​ ការ​ទាញ​ ការ​រុញ​ ការ​ទប់​នោះ​ វា​បើ​គ្មាន​...​បើ​ហៅ​អត់​ចេញ​មកគេ​សំណូម​ពរ​ចេញ​មក​ហ្អេ៎ !​ ហើយ​អ៊ីចឹង​ជួន​កាល​វា​អាច​ ទាញ​រុញ​គ្នាខ្លះ​ហើយ​ អាហ្នឹង​បង​...​ បង​ជឿ​ថា​ អាច​ថា​ អ៊ីចឹង​នែ! ប៉ុន្តែ​ឲ្យ ​...​ឲ្យ​បង​ថា​ យល់​យ៉ាង​ម៉េច?​ បើ​មិន​ដឹង​ថា​សកម្ម​ភាព​ទាំង​សង​ខាង​ម៉េច!​ បង​អត់​យល់​កើត​ណា!»។ ​

យ៉ាង​ណា​ក៏​ដោយ​ លោក ​ស៊ឹង​ សែនករុណា ​អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ មាន​ប្រសាសន៍​ថា​ ការ​ចាប់​រុញ​ច្រាន ​និង​លើក​សែង​ដែល​បង្ក​ដោយ​កង​សន្តិសុខ​មក​លើ​ហ្វូង​អ្នក​តវ៉ា​នោះ​ គឺ​ជា​អំពើ​ហិង្សា​ ដែល​អាច​ធ្វើ​ឲ្យ​ខូច​មុខមាត់​របស់​រដ្ឋាភិបាល។​

ក្រោយ​ការ​តវ៉ា​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ក្រុម​អ្នក​តវ៉ា​ដែល​មាន​ទាំង​ក្មេង​បុ្រស​ស្រី​ផង​នោះ​ បាន​ដើរ​ពី​តុលាការ​ក្រុង​ភ្នំពេញ​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​ចក្រភព​អង់គ្លេស ​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង ​ដែល​កំពុង​ជាប់​ឃុំ។​ តំណាង​អ្នក​តវ៉ា​ដែល​ជាស្ត្រី​ចំនួន​ប្រាំមួយ​រូប​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​ស្ថានទូត។​

ក្រោយ​ការ​ជួប​មន្ត្រី​ស្ថានទូត​ជិត​ពីរ​ម៉ោង​ ​អ្នកស្រី​សុខ បូលីម៉ា ​អាយុ​៥០​ឆ្នាំ​ ជា​ភរិយា​លោក​ ឃឹម ភាណា​ អាយុ​៥៤​ឆ្នាំ ​អតីត​ចៅ​សង្កាត់​ផ្សារ​ដេប៉ូIII ​ក្នុង​ខណ្ឌ​ទួលគោក​ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ​មន្ត្រី​ស្ថានទូត​អង់គេ្លស​ នឹង​ធ្វើ​ការ​កោះ​ប្រជុំ​ជាមួយ​តំណាង​ស្ថានទូត​ជា​ច្រើន​ទៀត​ ដែល​បាន​ទទួល​ញត្តិ​ពី​ក្រុម​អ្នក​តវ៉ា​ ដើម្បី​ពិភាក្សា​រក​ដំណោះ​ស្រាយ។ ​អ្នកស្រី​បន្ថែម​ថា​ ការ​តវ៉ា​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ​ ក៏​មាន​ការ​សុំ​ឲ្យ​ដោះ​លែង​សកម្មជន​ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរ​នាក់​ទៀត​ផង​ដែរ។​ក្នុង​នោះ​ មាន​អតីត​ចៅ​សង្កាត់​ប៉ោយប៉ែត​លោក ​ចៅ វាសនា​ ដែល​បាន​ជាប់​ឃុំ​តាំងពី​ឆ្នាំ​២០១៦​ មក​នោះ។​

ស្ថានទូត​ចក្រភព​អង់គ្លេស​មិន​ទាន់​ឆ្លើយ​តប​សំណួរ​របស់​វីអូអេ​ ដែល​បាន​ផ្ញើ​តាម​សារ​អេឡិចត្រូនិក​អ៊ីម៉េល​នៅ​ថ្ងៃ​សុក្រ​នេះ​ទេ។​

រូបឯកសារ៖ ក្រុម​អ្នកតវ៉ាត្រូវលើកបដា​ ស្នើ​សុំ​កិច្ច​អន្តរាគមន៍​របស់​សហភាព​អឺរ៉ុប ដើម្បីឲ្យ​មានការ​ដោះលែងក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ដែលកំពុង​ជាប់ឃុំ​ នៅរាជធានីភ្នំពេញ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)​
រូបឯកសារ៖ ក្រុម​អ្នកតវ៉ាត្រូវលើកបដា​ ស្នើ​សុំ​កិច្ច​អន្តរាគមន៍​របស់​សហភាព​អឺរ៉ុប ដើម្បីឲ្យ​មានការ​ដោះលែងក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ដែលកំពុង​ជាប់ឃុំ​ នៅរាជធានីភ្នំពេញ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។ (ហ៊ុល រស្មី/វីអូអេ)​

នៅ​ក្នុង​ការ​តវ៉ា​ទាំង​ប្រាំមួយ​លើក​ជាប់​គ្នាៗ​នេះ​ ​ ប្រពន្ធ​កូន​របស់​សកម្មជន​នយោបាយ​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​ បាន​ដាក់​ញត្តិ​ទៅ​កាន់​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ និង​ស្ថានទូត​ប្រទេស​ និង​សហគមន៍​ប្រជា​ធិបតេយ្យ​ចំនួន​ប្រាំ​ ដែល​រួម​មាន​ស្ថានទូត​សហភាព​អឺរ៉ុប​ សហ​រដ្ឋ​អាមេរិក​ ជប៉ុន​ អូស្ត្រាលី​ និង​ចុង​ក្រោយ​នេះ​ គឺ​ស្ថានទូត​ចក្រភព​អង់គ្លេស។ ​ក្រុម​អ្នក​តវ៉ា ​គ្រោង​នឹង​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​ប្រទេស​ស៊ុយអែត​នៅ​សប្តាហ៍​ខាង​មុខ​នេះ។​

លោក​ ជិន ម៉ាលីន​ អ្នក​នាំ​ពាក្យ​របស់​ក្រសួង​យុត្តិធម៌​យល់​ថា​ ការ​ដាក់​ញត្តិ​ទៅ​កាន់​សហគមន៍​អន្តរជាតិ​បែប​នេះ​ គឺ​ជា​ការ​ឥត​ប្រយោជន៍ ​ព្រោះ​ថា ​សហគមន៍​អន្តរជាតិ​មិន​អាច​ដាក់​សម្ពាធ​ ឬ​ ក៏​បង្គាប់​បញ្ជា​តុលាការ​របស់​កម្ពុជា​ឲ្យ​ធ្វើ​អ្វី​ទៅ​តាម​ខ្លួន​ចង់​បាន​នោះ​ឡើយ៕

XS
SM
MD
LG