មន្ត្រីជាន់ខ្ពស់របស់ប្រទេសចិន ប៉ាគីស្ថាន និងរុស្ស៊ី នឹងជួបប្រជុំគ្នានៅក្នុងទីក្រុងមូស្គូ នៅថ្ងៃអង្គារនេះ ដើម្បីពិនិត្យវាយតម្លៃលើអ្វីដែលពួកគេយល់ថា ជាការកើនឡើងនៃការគំរាមកំហែងទៅលើព្រំដែនរបស់ខ្លួនពីសំណាក់ក្រុមជ្រុលនិយមរដ្ឋឥស្លាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមមន្ត្រីប្រទេសទាំង៣បានឲ្យដឹងថា ពួកគេមានឆន្ទៈក្នុងការចាត់វិធានការរួមដោយសារតែការកើនឡើងឥទ្ធិពលរបស់ក្រុមភេរវករនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយពួកគេអាចនឹងរួមបញ្ចូលប្រទេសអ៊ីរ៉ង់នៅក្នុងកិច្ចប្រជុំនាពេលអនាគត។
ប្រទេសចិន និងប៉ាគីស្ថានមានព្រំប្រទល់ជាប់នឹងប្រទេសអាហ្វហ្គានីស្ថានដោយផ្ទាល់ ខណៈដែលរុស្ស៊ីបារម្ភថា ក្រុមជ្រុលនិយមអាចនឹងពង្រីកព្រំដែនរបស់ខ្លួនរហូតដល់ប្រទេសស្ថិតក្នុងតំបន់អាស៊ីកណ្តាល ដូចជាប្រទេសតាហ្ស៊ីគីស្ថាន និងប្រទេស អ៊ូសបេគីស្ថាន ជាដើម។
លោកប្រធានាធិបតី Ashraf Ghani នៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាននឹងមិនចូលរួមនៅក្នុងកិច្ចប្រជុំនេះនោះទេ ហើយលោកត្រូវបានគេរាយការណ៍ថា កំពុងតែចោទជាសំណួរទៅលើគោលបំណងនៃកិច្ចប្រជុំនេះ។ រដ្ឋាភិបាលក្រុងកាប៊ុលនិងសហរដ្ឋអាមេរិក ដែលគាំទ្រកងកម្លាំងអាហ្វហ្គានីស្ថាននៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមតាលីបង់ ក៏ជំទាស់ទៅនឹងការទាក់ទងដោយបើកចំហររវាងប្រទេសទាំង៣ជាមួយនឹងក្រុមនេះ ដែលស្វះស្វែងចង់ទម្លាក់រដ្ឋាភិបាលលោក Karzai ផងដែរ។
ប្រទេសរុស្ស៊ី និងប៉ាគីស្ថាននិយាយថា ពួកគេគ្រាន់តែចង់សម្របសម្រួលដល់កិច្ចប្រជុំសន្តិភាពរវាងរដ្ឋាភិបាលក្រុងកាប៊ុល និងក្រុមតាលីបង់តែប៉ុណ្ណោះ ហើយប្រតិបត្តិការយោធារបស់អាហ្វហ្គានីស្ថានគឺបានត្រឹមតែបង្កើតតំបន់ដែលគ្មានការគ្រប់គ្រង ដែលក្រុមភេរវកម្មដូចជាក្រុមរដ្ឋឥស្លាម អាចបង្កើតជំហរមួយតែប៉ុណ្ណោះ។
ប៉ុន្តែឧត្ដមសេនីយ៍អាមេរិក លោក John Nicholson មេបញ្ជាការកងកម្លាំងអន្តរជាតិនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា ការទាក់ទងដោយបើកចំហរនេះគឺគ្រាន់តែបង្ហាញពីការមិនឲ្យតម្លៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងជួយគាំទ្រដល់ក្រុមឧទ្ទាមតែប៉ុណ្ណោះ៕