ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កម្ពុជា​​៤នាក់​ត្រូវ​គេ​រំដោះ​ឲ្យរួចផុតពី​ចំណាប់ខ្មាំង​​នៅ​សូម៉ាលី


អ្នកនេសាទ​ដែល​ត្រូវ​បាន​ក្រុមចោរ​សមុទ្រ​ចាប់​ឃុំឃាំង​ប្រមាណ​ជាង​៤ឆ្នាំ ឈរ​ថតរូប​ជា​ក្រុម គ្រាដែល​ពួកគេ​ត្រៀម​ខ្លួន​ឡើង​យន្តហោះ ក្រោយពី​ពួកគេ​ត្រូវ​បាន​ដោះលែង​នៅ​ក្នុង​ក្រុងGalkayo នៃ​ប្រទេស​សូម៉ាលី នៅ​ថ្ងៃ​អាទិត្យទី ២៣ ខែតុលា ឆ្នាំ២០១៦។ (រូបថត AP)
អ្នកនេសាទ​ដែល​ត្រូវ​បាន​ក្រុមចោរ​សមុទ្រ​ចាប់​ឃុំឃាំង​ប្រមាណ​ជាង​៤ឆ្នាំ ឈរ​ថតរូប​ជា​ក្រុម គ្រាដែល​ពួកគេ​ត្រៀម​ខ្លួន​ឡើង​យន្តហោះ ក្រោយពី​ពួកគេ​ត្រូវ​បាន​ដោះលែង​នៅ​ក្នុង​ក្រុងGalkayo នៃ​ប្រទេស​សូម៉ាលី នៅ​ថ្ងៃ​អាទិត្យទី ២៣ ខែតុលា ឆ្នាំ២០១៦។ (រូបថត AP)

ក្រុម​​ The Hostage ​Support ​Partners ​ប្រកាស​​​ថា​ ខ្លួន​បាន​រំដោះ​​ចំណាប់ខ្មាំង​ចំនួន​២៦​​ដែល​នៅរស់រាន​មានជិវិត​​ដែល​មកពី​ប្រទេស​វៀតណាម​ ឥណ្ឌូនេស៊ី​ ប្រទេស​ហ្វីលីពីន​ ប្រទេសចិន ​ដែន​កោះតៃវ៉ាន់ ក្នុង​នោះមាន​​ជនជាតិ​កម្ពុជា​ចំនួន​​បួន​រូប​ផងដែរ​ ។

ពលរដ្ឋ​កម្ពុជា​ចំនួន​បួន​នាក់​ ស្ថិត​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ចម្រុះ​ជាតិ​សាសន៍​ចំនួន​២៦នាក់ត្រូវ​បាន​ជួយសង្រ្គោះ​ឲ្យរួចផុត​ពីការ​ឃុំឃាំង​របស់​ក្រុមចោរ​សមុទ្រនៅប្រទេស​សូម៉ាលី​ហើយ​កាល​ពីថ្ងៃ​ទី២២ ខែតុលា​សប្ដាហ៍​មុន។ ហើយ​ពួកគេនឹង​ត្រូវ​បញ្ចូន​មក​ប្រទេស​ហ្វីលីពីន​នៅ​ចុង​សប្តាហ៍​នេះ។

ក្រុម The Hostage ​Support ​Partners ​ប្រកាស​ថា​ ខ្លួន​បាន​រំដោះចំណាប់ខ្មាំង​ចំនួន​២៦ដែល​នៅរស់រាន​មានជិវិតដែល​មកពី​ប្រទេស​វៀតណាម​ ឥណ្ឌូនេស៊ី​ ប្រទេស​ហ្វីលីពីន​ ប្រទេសចិន ​ដែន​កោះតៃវ៉ាន់ ក្នុង​នោះមានជនជាតិ​កម្ពុជា​ចំនួនបួន​រូប​ផងដែរ​ ។

អ្នកស្រី​ អែម ​រ៉ាន់​ ជា​បងស្រីបង្កើត​របស់លោក​អែម ភូមិមុន្នី​មានស្រុកកំណើត​មកពីខេត្ត​កំពង់​ឆ្នាំ​ងជា​បុរស​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​ទាំង​បួន​នាក់​ដែលត្រូវគេចាប់​ជំរិត​ ​ប្រាប់VOA​ថា​ អ្នកស្រី​មិន​ដែល​បាន​ទទួល​ដំណឹង​ពី​សុខ​ទុក្ខ​ប្អូន​ប្រុស​របស់​អ្នកស្រី​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​តាំង​ពី​លោក​អែម ភូមិ​មុន្នី​ចាកចេញ​ទៅ​ធ្វើកម្មករ​នេសាទ​នៅ​ប្រទេស​ជប៉ុន​តាំង​ពី​ឆ្នាំ​២០១០​មក។​ អ្នកស្រី​បន្តថា​ធ្លាប់​ទទួល​ទូរស័ព្ទ​ចំនួន​មួយដង​គត់​កាលពី​ឆ្នាំ​២០១២​ ពេល​នោះប្អូនប្រុសអ្នកស្រី​ប្រាប់​ថា​រូបគេត្រូវបានចាប់ជំរិត។

«​ប្អូន​ខ្ញុំ​ធ្លាប់​ទូរស័ព្ទ​មក​ខ្ញុំ​យូរ​ហើយ ថា​គេ​ចាប់ ហើយ​លឺ​សូរ​ខ្យល់​ផង​ ស្ដាប់​មិន​បាន​អី បាត់​ដំណឹង​សូន​។ ដល់​ពេល​កាលពី​ថ្ងៃ​សៅមុន​ ប្អូនខ្ញុំ​ទូរសព្ធ​មកខ្ញុំ​ថា​មក​ផ្ទះ​វិញ​ឆាប់ៗ។​ខ្ញុំអរណាស់​ បាន​ប្អូន​មក​វិញ»។

នាវា​នេសាទ​ FV Naham 3 ​ដែល​មាន​ទង់​ជាតិនៃប្រទេស​អូម៉ង់​ (Oman)​ផ្ទុក​អ្នក​នេសាទ​សមុទ្រ​ចំនួន​២៩​នាក់​។តែ​មាន​មនុស្ស​បីនាក់​ក្នុងចំណោម​ទាំងអស់​នេះ​ឈឺស្លាប់​ដោយសារ​ជំងឺ​និង​ថប់​ដង្ហើម​ស្លាប់​ជា​បន្ត​បន្ទាប់។​មនុស្ស​នៅរស់​រាន​មានជិវិត​ចំនួន២៦​នាក់​ត្រូវ​បាន​ក្រុម​ចោរ​សមុទ្រនៅ​សូម៉ាលី​ចាប់​ជំរិត​កាលពី​ថ្ងៃ​ទី​២៦ ខែ​មិនា ​ឆ្នាំ ២០១២​ នៅ​ភាគខាង​ត្បូង​ប្រទេសសីស្សែល (Seychelles)នៃ​ទ្វីប​អាហ្រិក។​ លោក​ John Steed ​អតីត​ឧត្តម​សេនីយ៍​នៃ​ទ័ព​ជើង​ទឹក​ចក្រ​ភព​អង់គ្លេស និង​ក្រុម​របស់​លោក​បាន​ចំណាយ​ពេល​ប្រមាណចំនួន​១៨​ខែ​ ដើម្បី​ចរចារ​ជាមួយមេដឹកនាំ​សាសនា​ ក្រុម​តំណាង​សហគមន៍​ និង​ពិសេសក្រុម​ចោរសមុទ្រ​សូម៉ាលី​ ក្នុង​ការរំដោះ​បុរស​នេសាទជនជាតិ​អាស៊ី​ទាំង​២៦​នាក់​នេះ។​នេះ​បើតាម​សេចក្ដី​ថ្លែងការណ៍​នៅ​លើ​គេហទំព័រ​ Oceans ​Beyond ​Piracy (OBP)។​

លោក​ John Steed ​អ្នក​សម្រប​សម្រួល​នៃ​ក្រុម​ដៃ​គូរ​គាំទ្រ​ក្រុម​ចំណាប់​ខ្មាំង​ ឬ The Hostage Support ​Partners ​ប្រាប់​VOA ​តាម​ទូរសព្ទ​ពី​ប្រទេស​កេនយ៉ា​ថា​លោកបានប្រគល់​បុរសចំណាប់​ខ្មាំងទាំង​២៦​នាក់នេះ​ទៅ​ឲ្យ​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​ប្រទេស​កេនយ៉ា​រួច​ហើយ​។​ហើយ​បុរស​ចំណាប់​ខ្មាំង​ទាំងអស់រួមមាន​ពលរដ្ឋ​កម្ពុជា​ចំនួន​បួន​រូបផងដែរ​នឹង​ត្រូវ​បញ្ជួន​ទៅប្រទេស​ហ្វីលីពីន​នៅ​ល្ងាច​ថ្ងៃ​សុក្រទី​២៨​នេះ​វេលាម៉ោង​១៦:៣០​នាទី​ តាមជើង​យន្តហោះ​ EK332 ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Emirates។

ក្រសូង​ការបរទេសនិង​សហ​ប្រតិបត្តិការ​អន្តរជាតិ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ច័ន្ទ ទី​២៤​ម្សិលមិញ​ថា​ក្រសួង​នឹង​ជួយ​សម្រួល​ធ្វើ​មាតុភូមិ​និវត្តន៍​ពលរដ្ឋ​កម្ពុជា​ពី​ប្រទេស​ហ្វីលីពីន​មក​កម្ពុជា​ឲ្យ​បាន​ឆាប់​រហ័ស​។​

លោក ​Steed​ ប្រាប់​ថា​បុរស​ចំណាប់​ខ្មាំង​ទាំង​២៦​នាក់​ចំណាយ​ពេល​ចំនួន​បួន​ឆ្នាំ​កន្លះ​នៅ​លើ​ទូក​ចំណាប់​ខ្មាំង​ដោយ​ឆ្ងាយ​ពី​គ្រួសារ ​និង​បរិភោគ​អាហារ​មិន​គ្រប់​គ្រាន់។​

បើតាម​សេចក្ដី​ថ្លែងការណ៍​នៅ​លើ​គេហទំព័រ​ Oceans ​Beyond ​Piracy (OBP) ​បាន​ឲ្យ​ដឹង​ថា ចំណាប់​ខ្មាំង​នៅ​ប្រទេស​សូម៉ាលី​នៅ​ឆ្នាំ​២០១២​ ចំណាយ​ថវិកា​សេដ្ឋកិច្ច​អន្តរជាតិ​រវាង​៥,៧​ លាន​ដុល្លារ​ និង​ ៦,១​ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ហើយ​មាន​ការ​កើនឡើង​ខ្ពស់​បំផុត​នៅ​ខែ​មករា​ ឆ្នាំ​២០១១។​ក្រុម​ចោរសមុទ្រ​សូម៉ាលី​ចាប់​ខ្លួន​មនុស្ស​ចំនួន​៧៣៦​នាក់​ និង​ចំនួន​៣២​ទូក​នេសាទ៕

XS
SM
MD
LG