ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អតីត​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ព្រមាន​ថា សហរដ្ឋ​អាមេរិក​ឈាន​ដល់​ដំណាក់កាល​គ្រោះថ្នាក់


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ G20 កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ G20 កាលពី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រុម​អតីត​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មក​ពី​គណបក្ស​ទាំង​ពីរ​គឺ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ កំពុង​ជំរុញ​ឲ្យ​សមាជិក​សភា​បច្ចុប្បន្ន «ការពារ​លទ្ធិប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក‍» និង​មិន​ឲ្យ​យក​រឿង​គណបក្ស​របស់​ខ្លួន​មក​ពាក់ព័ន្ធ​ជាមួយ​នឹង​ផល​ប្រយោជន៍​របស់​ប្រទេស ស្រប​ពេល​ដែល​ប្រទេស​កំពុង​ឈាន​ដល់ «ដំណាក់កាល​សំខាន់‍» មួយ។

អតីត​សមាជិក​សភា​ចំនួន ៤៤ នាក់ បាន​សរសេរ​អត្ថបទ​បញ្ចេញ​មតិ​មួយ​ដែល​បាន​បោះពុម្ព​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ដោយ​កាសែត Washington Post ថា សហរដ្ឋ​អាមេរិក​កំពុង «ឈាន​ដល់​ដំណាក់កាល​គ្រោះថ្នាក់​មួយ‍»។ ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​ចាំបាច់​ត្រូវ «ហ៊ាន​និយាយ​អំពី​ការ​ប្រឈម​ធ្ងន់ធ្ងរ​នានា​ដែល​ប៉ះពាល់​ដល់​នីតិរដ្ឋ រដ្ឋធម្មនុញ្ញ ស្ថាប័ន​គ្រប់គ្រង និង​សន្តិសុខ​ជាតិ​របស់​ប្រទេស‍»។

ពួកគេ​លើក​ឡើង​ពី​ការ​សន្និដ្ឋាន​ចុង​បញ្ចប់​របស់​ការ​ស៊ើប​អង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller លើ​ករណី​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ ២០១៦ និង​ការ​ឃុបឃិត​ដែល​អាច​ទៅ​រួច​រវាង​រុស្ស៊ី និង​ក្រុម​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក Donald Trump ថា​ជា​ការ​ប្រឈម​ដែល​កើត​ឡើង​ចំ​ពេល​ដែល​មាន​ជម្លោះ​នៅ​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក។

ពួកគេ​ក៏​លើក​ឡើង​ពី​គម្រោង​ស៊ើប​អង្កេត​របស់​សមាជិក​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ទៅ​លើ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Trump ដែល​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ខែ​ក្រោយ​ថា​ជា​ការ​ប្រឈម​ដែល​កំពុង​តែ​កើត​ឡើង​ផង​ដែរ។

ក្រុម​អតីត​សមាជិក​ព្រឹទ្ធសភា​ទាំង​នោះ​មាន​ដូចជា​លោក John Kerry លោក Tom Daschle និង​លោក Chris Dodd ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​លោក John Warner លោក Richard Lugar និង​លោក Chuck Hagel ខាង​គណបក្ស​សាធារណរដ្ឋ៕

XS
SM
MD
LG