ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅមិនទាន់សម្រេចចិត្តថាតើលោកមានបំណងបណ្តេញលោក Robert Mueller រដ្ឋអាជ្ញាពិសេស ដែលបានធ្វើឲ្យលោកប្រធានាធិបតីខឹងសម្បារបន្ទាប់ពីបានទទួលដីកាតុលាការចុះឆែកឆេរការិយាល័យមេធាវីផ្ទាល់ខ្លួនរបស់លោក។
លោក Trump បានហៅសកម្មភាពចូលឆែកឆេររបស់លោក Mueller ថាជា «ស្ថានភាពគួរឲ្យអាម៉ាស» ជាការ «វាយប្រហារលើប្រទេសជាតិ» និង «ជារឿងអយុត្តិធម៌»។ លោក Trump បាននិយាយថា «ហេតុអ្វីខ្ញុំមិនដកតំណែងលោក Muller។ ខ្ញុំគិតថាវាជារឿងគួរឲ្យអាម៉ាសចំពោះអ្វីដែលកំពុងកើតឡើង ហើយយើងនឹងឃើញនូវអ្វីដែលនឹងកើតឡើង ប៉ុន្តែខ្ញុំគិតថានេះជាស្ថានភាពដ៏អាក្រក់មួយនៅពេលដែលអ្នកក្រលេកមើលឃើញពីអ្វីដែលកើតឡើង។
ហើយមនុស្សជាច្រើនបាននិយាយថាអ្នកគួរតែដកតំណែងលោក Muller ចេញ។ ពួកគេនៅតែរកមិនឃើញអ្វីទាល់តែសោះ»។
ប៉ុន្តែការស៊ើបអង្កេតនៅតែបន្តធ្វើឡើង ហើយរដ្ឋអាជ្ញាពិសេសមិនបានឆ្លើយតបជាសាធារណៈអំពីការលើកឡើងរបស់លោក Trump នោះទេ។
សារព័ត៌មាន Washington Post កាលពីថ្ងៃចន្ទបានរាយការណ៍ថា លោក Cohen «ស្ថិតក្រោមការស៊ើបអង្កេតលើបទចោទកេងបន្លំធនាគារ បន្លំផ្ទេរប្រាក់ និងបំពានហរិញ្ញវត្ថុនៃយុទ្ធនាការបោះឆ្នោត។ នេះបើយោងតាមអ្នកជំនាញ។
FBI បានឆ្មក់ចូលការិល័យរបស់លោក Cohen ក្នុងទីក្រុងញ៉ូវយ៉កកាលពីថ្ងៃចន្ទ និងបានរឹបអូសឯកសារមួយចំនួន រួមទាំងឯកសារពាក់ព័ន្ធនឹងបទចោទរឿងអាស្រូវរបស់លោក Trump ជាមួយនឹងតារាភាពយន្តវ័យក្មេងផងដែរ៕