ការស៊ើបអង្កេតដំបូងរបស់ទីភ្នាក់ងារ FBI របស់សហរដ្ឋអាមេរិកទៅលើទំនាក់ទំនងដែលអាចមានរវាងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលរុស្ស៊ី ផ្ដោតលើជនជាតិអាមេរិកាំង ៤នាក់ និងផ្ដោតលើថាតើពួកគេមានទំនាក់ទំនងជាមួយនឹងការប្រឹងប្រែងរបស់រុស្ស៊ីនៅក្នុងការជ្រៀតជ្រែកចូលការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ ឬក៏អត់។
នេះបើតាមការបញ្ជាក់របស់អតីតប្រធានទីភ្នាក់ងារ FBI លោក James Comey ដល់សមាជិកសភាអាមេរិកនៅក្នុងអំឡុងពេលនៃការសាកសួរបិទទ្វារកាលពីថ្ងៃសុក្រ។
លោក Comey មិនបានបញ្ជាក់ថាជនជាតិអាមេរិកាំងទាំង៤នាក់នោះជានរណានោះទេ ប៉ុន្តែបាននិយាយថា លោកប្រធានាធិបតី ត្រាំ ដែលកាលនោះជាបេក្ខជនប្រធានាធិបតីគឺមិនស្ថិតក្នុងចំណោមអ្នកទាំង៤នោះទេ។
លោកក៏បានប្រាប់គណៈកម្មាធិការតុលាការនៃរដ្ឋសភាផងដែរថា ផ្ទុយទៅនឹងការអះអាងរបស់លោក ត្រាំ លោកគ្មានទំនាក់ទំនងបែបមិត្តភ័ក្ដិណាមួយជាមួយនឹងរដ្ឋអាជ្ញាពិសេសលោក Robert Mueller ដែលកំពុងដឹកនាំការស៊ើបអង្កេតករណីជ្រៀតជ្រែករបស់រុស្ស៊ីនោះទេ។
លោក ត្រាំ បានបង្ហាញឡើងម្ដងហើយម្ដងទៀតថា លោក Comey និងលោក Mueller មានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាក្នុងគោលបំណងរួមគ្នាប្រឆាំងនឹងលោក។
លោក Comey និយាយថា៖ «ខ្ញុំគោរពលោក Mueller។ ប៉ុន្តែខ្ញុំមិនស្គាល់លេខទូរស័ព្ទរបស់លោក មិនដែលទៅផ្ទះរបស់លោក និងមិនស្គាល់ឈ្មោះកូនៗរបស់លោកទេ»។
គណៈកម្មាធិការតុលាការនៃរដ្ឋសភាបានផ្សព្វផ្សាយកិច្ចសម្ភាសន៍នេះកាលពីថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីបានជជីកសួរលោក Comey អំពីការសម្រេចធ្វើការស៊ើបអង្កេតទាក់ទិននឹងប្រព័ន្ធអ៊ីមែលរបស់លោកស្រី Hillary Clinton ក៏ដូចជាយុទ្ធនាការរបស់លោក ត្រាំ និងទំនាក់ទំនងដែលអាចទៅរួចជាមួយនឹងរុស្ស៊ី៕