សមាជិកសភាសហរដ្ឋអាមេរិក លោក Justin Amash ថ្លែងថា លោកកំពុងពិចារណាអំពីការឈរឈ្មោះជាបេក្ខជនប្រកួតយកតំណែងប្រធានាធិបតី ពីគណបក្សសេរីនិយម ឬ Libertarian Party។
លោកបានប្រកាសអំពីគម្រោងរបស់លោកនេះ កាលពីថ្ងៃអង្គារ ដោយលោកបញ្ជាក់ថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចហើយចំពោះប្រធានាធិបតីមួយរូប ដែលនាំពលរដ្ឋទាំងអស់ឲ្យរួបរួមគ្នា និងស្តារឡើងវិញនូវការគោរពចំពោះរដ្ឋធម្មនុញ្ញអាមេរិក។
លោក Amash បានទទួលចំណាប់អារម្មណ៍កាលពីខែកក្កដា ឆ្នាំ២០១៩ នៅពេលលោកបានសម្រេចចាកចេញពីគណបក្សសាធារណរដ្ឋ ហើយក្លាយជាតំណាងរាស្ត្រឯករាជ្យមិនជាប់ពាក់ព័ន្ធនឹងបក្ស ដោយលោកបានយោងមូលហេតុថា លោកមិនពេញចិត្តនឹងស្ថានភាពនៃនយោបាយអាមេរិកដែលបែកបាក់ជាបក្សពួក។
លោក Justin Amash ក៏ជាអ្នករិះគន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយបានចូលរួមជាមួយអ្នកតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យដើម្បីបោះឆ្នោតចោទប្រកាន់ដកលោក ដូណាល់ ត្រាំ ពីតំណែងប្រធានាធិបតី។
គណបក្សសេរីនិយម បានស្វាគមន៍ចំណាប់អារម្មណ៍របស់លោកតំណារាស្ត្រ Amash ដោយរំពឹងថានឹងមានការជជែកដេញដោលខាងនយោបាយដ៏ខ្លាំងក្លា៕