អតីតប្រធានតុលាការភ្នំពេញគឺលោកអាំង មាលតី ដែលត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារពាក់ព័ន្ធនឹងការទទួលយកសំណូកជារថយន្តទំនើប ជាថ្នូរនឹងការដោះលែងជនជាប់ចោទម្នាក់ក្នុងសំណុំរឿងគ្រឿងញៀន ត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយទោសតាមការស្នើសុំរបស់រដ្ឋាភិបាល។ អ្នកឃ្លាំមើលសិទ្ធិមនុស្សយល់ថា រដ្ឋាភិបាលតែងអនុវត្តទោសមានភាពបន្ធូរបន្ថយសម្រាប់មន្រ្តីរដ្ឋាភិបាល ប៉ុន្តែរឹតបន្តឹងការអនុវត្តទោសលើមន្រ្តីគណបក្សប្រឆាំង និងសង្គមស៊ីវិល។
ព្រះមហាក្សត្រត្រាស់បង្គាប់ឲ្យបន្ធូរបន្ថយទោសលោកអាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញដែលត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំពីបទកេងផលប្រយោជន៍សាធារណៈ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយក្នុងពេលដែលលោកកំពុងបំពេញការងារជាប្រធានតុលាការរាជធានីភ្នំពេញ។
ព្រះរាជក្រឹត្យដែលឡាយព្រះហត្ថលេខាដោយព្រះមហាក្សត្រ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រាស់បង្គាប់ឲ្យបន្ធូរបន្ថយទោសចំនួន៦ខែលើទណ្ឌិតចំនួន៤៥នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៦កន្លងទៅ។ អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោកអាំង មាលតី ដែលត្រូវបានសាលាដំបូងខេត្តកណ្តាលកាត់ទោសកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ ឲ្យជាប់ពន្ធនាគារ៣ឆ្នាំ ដោយត្រូវអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ឆ្នាំ ព្យូរ១ឆ្នាំ និងពិន័យជាប្រាក់៥លានរៀល ក៏នៅក្នុងចំណោមទណ្ឌិតទាំង៤៥នាក់នោះដែរ។
លោកអាំង មាលតីត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ហើយចោទថា អតីតប្រធានតុលាការរូបនេះបានទទួលយករថយន្តម៉ាក Audi មួយគ្រឿងដែលមានតម្លៃរាប់ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែងជនជាប់ចោទក្នុងសំណុំរឿងគ្រឿងញៀនម្នាក់ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។
ព្រះរាជក្រឹត្យត្រាស់ ដែលបង្គាប់ឲ្យបន្ធូរបន្ថយទោសនេះ បានបញ្ជាក់ក្នុងសេចក្តីដើមថា៖ «ទណ្ឌិតឈ្មោះអាំង មាលតី ភេទប្រុស អាយុ៥៩ឆ្នាំ ត្រូវឃុំខ្លួននៅថ្ងៃទី១៦-៨-២០១៥ពីបទកេងយកផលប្រយោជន៍ដោយខុសច្បាប់ ហើយត្រូវអនុវត្តទោសដាក់ពន្ធនាគារកំណត់៣ឆ្នាំ ប៉ុន្តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារកំណត់២ឆ្នាំ ទោសសល់ពីនេះត្រូវព្យួរធម្មតា»។
លោក សន កែវ អ្នកនាំពាក្យនាយកដ្ឋានពន្ធនាគារប្រាប់ VOA ថា ការសម្រេចស្នើសុំឲ្យមានការបន្ធូរបន្ថយទោសលោកអាំង មាលតីនេះធ្វើឡើងតាមនីតិវិធីច្បាប់ ហើយលោកអះអាងថា លោកអាំង មាលតីបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានការបន្ធូរបន្ថយនេះ។
«លក្ខខណ្ឌចម្បងរបស់ច្បាប់គឺត្រូវទទួលទោស១ភាគ៣នៃទោសសិន។ បើសម្រាប់លើកលែងគឺត្រូវ២ភាគ៣នៃទោសសិន។ មានគ្រប់លក្ខខណ្ឌហ្នឹងហើយបានគេពិនិត្យមើលការកែប្រែឥរិយាបថរបស់គាត់ក្នុងពន្ធនាគារទៀត។ គាត់កែប្រែខ្លួនបានល្អយ៉ាងម៉េចអី យ៉ាងម៉េច អាហ្នឹងបានគេស្នើមក។ ហើយក្នុងហ្នឹងក៏មានអ្នកជំងឺផងដែរ។ អ្នកដែលឈឺធ្ងន់ឈឺអីហ្នឹង ហើយកែខ្លួនហ្នឹង ក៏គេស្នើមកដែរ។ អីចឹងគាត់ស្ថិតនៅក្នុងលក្ខខណ្ឌអស់ហ្នឹង»។
ព្រះរាជក្រឹត្យដដែលនេះបញ្ជាក់ថា លោក អាំង មាលតីត្រូវកំណត់ឲ្យអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ឆ្នាំ គិតចាប់ពីថ្ងៃឃុំខ្លួននៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥មក។ លោកអាំង មាលតីនឹងត្រូវបានដោះលែងឲ្យមានសេរីភាពនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពីការត្រាស់បង្គាប់ឲ្យបន្ធូរបន្ថយទោសរយៈពេល៦ខែ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ប្រាប់ VOA ថា ជាគោលការណ៍ច្បាប់ រដ្ឋាភិបាលអាចស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតដែលកំពុងជាប់ពន្ធនាគារចំនួន៣ដងក្នុងមួយឆ្នាំ។ លោកបន្តថា ទណ្ឌិតអាចទទួលបានការលើកលែងទោស លុះត្រាតែពួកគេអនុវត្តទោសក្នុងពន្ធនាគារបានចំនួន២ភាគ៣នៃទោសដែលពួកគេត្រូវអនុវត្ត។ ហើយទណ្ឌិតអាចទទួលបានការបន្ធូរបន្ថយទោស លុះត្រាតែពួកគេអនុវត្តទោសក្នុងពន្ធនាគារបានរយៈពេល១ភាគ៣នៃទោសដែលត្រូវអនុវត្ត។ ក្រៅពីរយៈពេលនៃការអនុវត្តទោស ទណ្ឌិតទាំងនោះត្រូវតែបំពេញលក្ខខណ្ឌមួយចំនួនទៀត នៅពេលដែលពួកគេអនុវត្តទោសក្នុងពន្ធនាគារ។
លោក ជិន ម៉ាលីនបន្ថែមថា លោក អាំង មាលតីនឹងមិនអាចបម្រើការងារក្នុងវិស័យតុលាការបានជារៀងរហូត បន្ទាប់ពីលោកត្រូវបានដោះលែងឲ្យមានសេរីភាព។
«នៅពេលដែលគាត់ក្លាយទៅជាទណ្ឌិតហើយ គាត់ត្រូវបាត់បង់តួនាទី មុខតំណែងអីទាំងអស់ហ្នឹង។ ពេលដែលគាត់រួចទោស អនុវត្តទោសចប់អស់ហើយ នៅពេលដែលគាត់ចេញមកហើយ គាត់នឹងក្លាយជាពលរដ្ឋធម្មតា សាមញ្ញដូចគេដូចឯងទូទៅ»។
កន្លងមកសកម្មជនគណបក្សប្រឆាំង មន្រ្តីការពារសិទ្ធិមនុស្សដែលរងការចោទប្រកាន់ និងកាត់ទោសឲ្យជាប់ពន្ធនាគារ តែងត្រូវបានតុលាការគ្រប់ជាន់ថ្នាក់បដិសេធសំណើសុំនៅក្រៅឃុំ និងសំណើផ្សេងៗទៀតដែលមានប្រយោជន៍សម្រាប់ពួកគេ។ អ្នកឃ្លាំមើលសិទ្ធិមនុស្សតែងលើកឡើងថា ការអនុវត្តច្បាប់របស់រដ្ឋាភិបាលមានភាពធូរស្រាលចំពោះមន្រ្តីរបស់គណបក្សកាន់អំណាច ប៉ុន្តែមានភាពតឹងរ៉ឹងចំពោះមន្រ្តីបក្សប្រឆាំង និងសង្គមស៊ីវិលនានា។ អ្នកឃ្លាំមើលសិទ្ធិមនុស្សអះអាងថា ការសម្រេចទោសដែលមិនមានភាពស្មើគ្នាចំពោះមុខច្បាប់នេះ នាំឲ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ និងធ្វើឲ្យប្រព័ន្ធមួយនេះទទួលរងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។
លោកអំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងថា រដ្ឋាភិបាលតែងមានភាពលម្អៀងក្នុងការអនុវត្តច្បាប់ ទាំងការដាក់ទោស និងការស្នើសុំឲ្យបន្ធូរបន្ថយទោសរវាងមន្រ្តីរដ្ឋាភិបាល និងសកម្មជនគណបក្សនយោបាយ ព្រមទាំងសកម្មជនសិទ្ធិមនុស្សផ្សេងទៀត។ លោកបន្ថែមថា រដ្ឋាភិបាលគួរតែអនុវត្តទោសចំពោះប្រជាពលរដ្ឋឲ្យបានស្មើភាពគ្នាចំពោះមុខច្បាប់។
«ការអនុវត្តច្បាប់ហ្នឹងវានៅមិនទាន់មានការស្មើភាពគ្នាចំពោះមុខច្បាប់ អីចឹងបានគេតែងតែមានការរិះគន់។អីចឹងបានខ្ញុំលើកឡើងថា អ្នកដែលធ្លាប់មានស្នាដៃ ឬក៏បម្រើផលប្រយោជន៍របស់គណបក្សកាន់អំណាចហ្នឹងគឺច្រើនតែមានការបន្ធូរបន្ថយ ឬក៏បទចោទហ្នឹងក៏វាមានការបន្ធូរបន្ថយផង ហើយបើសិនជាបទចោទដូចគ្នា ការសម្រេចទោសក៏វាអាចនឹងមានការខុសគ្នាដែរ»។
ក្នុងថ្ងៃដែលសាលាដំបូងខេត្តកណ្តាលបើកសវនាការជំនុំជម្រះទោសលោកអាំង មាលតី កាលពីចុងខែមករា ឆ្នាំ២០១៥ ព្រះរាជអាជ្ញាគឺលោក ឯក ស៊ុនរស្មីបានស្នើឲ្យចៅក្រមជំនុំជម្រះផ្លាស់ប្តូរបទចោទទៅលើលោកអាំង មាលតី ពីការបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិតតាមមាត្រា៦០១ ដែលត្រូវជាប់ទោសពី៥ឆ្នាំទៅ១០ឆ្នាំ ទៅជាបទចោទក្នុងមាត្រា៥៩៧ និង៥៩៨ ដែលត្រូវជាប់ទោសពី២ឆ្នាំទៅ៥ឆ្នាំ។ លោកឯក ស៊ុនរស្មីបានអះអាងថា ការស្នើនេះធ្វើតាមសំណើរបស់ជនជាប់ចោទគឺលោកអាំង មាលតី និងមេធាវីការពារក្ដីឲ្យអតីតប្រធានតុលាការរូបនោះឆាប់រួចទោស និងឆាប់ទទួលបានការព្យាបាលជំងឺ៕